Connect with us

ព័ត៌មានជាតិ

​ផ្លូវ​បេតុង​ខ្នងទំនប់​អាង​កំពីងកំពួយ​ប្រវែង ​៨​គីឡូម៉ែត្រ​សាងសង់បញ្ចប់​រួចរាល់

បានផុស

នៅ

រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​កែ​ច្នៃអាង​ទឹក​កំពីងពួយត្រៀម​​​ស្វា​គម​ន៍​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​កម្សាន្ត​ ក្រោយ​អាជ្ញាធរ​​បាន​​ស្ថាបនា​ផ្លូវ​បេតុងខ្នងទំនប់ប្រវែង ៨ គីឡូម៉ែត្រ បានបញ្ចប់​រួចរាល់។

លោក ស្រេង សុខា អភិបាលស្រុកបាណន់ខេត្ត​បាត់ដំបង​បានឲ្យដឹងថា ក្រោយចាក់បេតុងខ្នងទំនប់រួចរាល់ អាជ្ញាធរ​នឹងបន្ត​​ធ្វើ​ខឿនផ្លូវបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រេង សុខា បាន​ដាក់ក្តីរំពឹង ក្រោយពេល​​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​បាន​កែ​លម្អ​កាន់តែល្អ​ប្រសើរ​ រមណីយដ្ឋានអាង​កំពីងពួយនឹងអាចស្រូប​ទាញកំណើនភ្ញៀវទេសចរ​បន្ថែម​ទៀត ខណៈ​តំបន់ទេសចរណ៍​ប្រវត្តិសាស្រ្ត​នេះ​ត្រូវ​បាន​ចាត់ទុក​ជាគោលដៅ​ទេសចរណ៍​ដ៏​មានសក្តានុពលមួយក្នុងចំណោមតំបន់ទេសចរណ៍ដ៏ពេញនិយមទាំង ​៤ ក្នុង​ខេត្តបាត់ដំបង។

អាងកំពីងពួយ គឺជារមណីយដ្ឋានទេសចរណ៍បរិស្ថានធម្មជាតិនៅប៉ែកខាងលិចនៃទីរួមខេត្ដបាត់ដំបង ស្ថិតនៅក្នុងភូមិ​តាង៉ែន ភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់។ អ្នកទេសចរអាចទៅលេងរមណីយដ្ឋាននេះដោយធ្វើដំណើរចេញ​ពីទីរួមខេត្ដបាត់ដំបងតាមផ្លូវជាតិលេខ ៥៧ មាន​ចម្ងាយប្រហែល ៣៥ គីឡូម៉ែត្រដោយប្រើរយៈពេលប្រហែល ៤៥ នាទី ទៅ ១ ម៉េាង។

រមណីយដ្ឋាននេះជាសោកនាដកម្មដ៏ធំមួយនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលត្រូវបានសាងសង់ឡើងដោយ​ប្រជាជនខ្មែររាប់ម៉ឺននាក់។ ទំនប់ដ៏ធំស្កឹមស្កៃនេះប្រើកម្លាំង​មនុស្សសុទ្ធសាធ ប្រើចបកាប់ដី និងរែកដោយបង្គីរ ហើយស្ថាបនិកទាំងនោះភាគច្រើនបានបាត់បង់ជីវិតអស់ទៅហើយ។

អាងកំពីងពួយមាន​បណ្ដោយ ៦០០០ ម៉ែត្រ និងទទឹង ១៩០០ ម៉ែត្រ អាចផ្ទុកទឹកបាន ១១០,០០០,០០០ ម៣ (មួយរយ​ដប់​លាន​ម៉ែត្រគូប) នៅរដូវវស្សា ដែលជាប្រភពទឹកសម្រាប់​វិស័យកសិកម្ម។ ទិដ្ឋភាពគួរ​ឲ្យ​គយគន់នៃអាងកំពីង​ពួយ គឺផ្ទៃបឹងមានសភាពធំល្វឹងល្វើយជុំវិញពទ័្ឋទៅដោយភ្នំ ដែលអំណោយផលយ៉ាងប្រសើរដល់អ្នកទេសចរជិះទូក ស្ទូចត្រី និង​មុជទឹកកំសាន្ដ។ លើសពីនេះអ្នកទេសចរអាចសំរាក ពិសារអាហារ និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ ទ្វារ​ទឹកដ៏ធំពីរកន្លែងក្នុងរមណីយដ្ឋាននេះមានទឹកហូរគ្រប់រដូវ៕

បន្ត​ចុចអាន៖ អាងស្តុកទឹកដ៏ធំ ២ ជាប់ទាក់ទិននឹងអតីតកាលដ៏ឈឺចាប់របស់កម្ពុជា

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម