ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត៖ រឿងទឹកដី និងប្រជាជន គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត លើកឡើងថា ដោយសារតែបញ្ហានៅតាមព្រំដែនមិនទាន់ចប់ សម្ដេចសូមមិនថ្លែងអត្ថាធិប្បាយច្រើនឡើយលើបញ្ហានេះ ប៉ុន្តែរាជរដ្ឋាភិបាល តែងតែតម្កល់អាយុជីវិតប្រជាជន និងទឹកដីជាអាទិភាពចម្បងបំផុត។ សម្ដេច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ក្នុងពេលសំណេះសំណាលជាមួយសិស្សនិទ្ទេសA ចំនួន៣០២០នាក់។

សម្ដេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ដូច្នេះ៖«ខ្ញុំក៏យល់អំពីការព្រួយបារម្ភរបស់ក្រុមគ្រួសារ ក៏ដូចជាប្រជាជនយើងនៅទូទាំងប្រទេសពាក់ព័ន្ធជាមួយនឹងបញ្ហាព្រំដែន ដែលកន្លងទៅ បង្កឱ្យមានការបាត់បង់អាយុជីវិត រងរបួសប្រជាជនស៊ីវិល កងកម្លាំងប្រដាប់អាវុធ បំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ ទីសាធារណៈផ្សេងៗ។ ដោយសារបញ្ហាវាមិនទាន់ចប់ ខ្ញុំសូមមិនរៀបរាប់លម្អិតទៅលើបញ្ហានេះ ឬវិធានការក្នុងការដោះស្រាយ ប៉ុន្តែអ្វីដែលសំខាន់ ខ្ញុំចង់បញ្ជាក់ថា សម្រាប់រដ្ឋាភិបាល តាំងពីដើមទី តាំងពីការផ្ទុះអាវុធលើកទី១ លើកទី២រឿងទឹកដី និងប្រជាជនគឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល។»។

បញ្ហានៅតាមបន្ទាត់ព្រំដែននៅតែបន្តអូសបន្លាយ ទោះបីជាបទឈប់បាញ់ចូលជាធរមានក៏ដោយ ដោយក្នុងនោះយោធាថៃបានធ្វើសកម្មភាពឈូសឆាយផ្ទះសម្បែង ហេដ្ឋរចនាសម្ព័ន្ធ រាយបន្លាលួស និងដាក់ទូរកុងតឺន័រចូលជ្រៅមកក្នុងទឹកដីកម្ពុជា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្ដែង ជាសកម្មភាពប្រើប្រាស់កងកម្លាំងកែប្រែខ្សែបន្ទាត់ព្រំដែន។
សម្ដេច ហ៊ុន ម៉ាណែត ថ្លែងថា នៅមានកិច្ចការជាច្រើនដែលរាជរដ្ឋាភិបាលត្រូវធ្វើ ដើម្បីដោះស្រាយបញ្ហាព្រំដែននេះ ដោយក្នុងនោះមានការវិវត្តន៍ ការប្រែប្រួលមួយចំនួនមិនដូចចិត្តឡើយ បង្កឱ្យមានការលំបាកផ្នែកផ្លូវចិត្ត បង្កការភ័យខ្លាច ប៉ុន្តែទោះជាយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជា មិនបោះបង់នូវកាតព្វកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដី អាយុជីវិត សុខទុក្ខរបស់ប្រជាជន ជាពិសេសពលរដ្ឋដែលរស់នៅតាមព្រំដែន និងជនភៀសសឹក។
សម្ដេចនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា កិច្ចការដោះស្រាយបញ្ហាដែលកើតឡើងនៅតាមព្រំដែន គឺមិនមែនត្រឹមតែការប្ដេជ្ញាចិត្តតែមួយមុខឡើយ គឺជាសកម្មភាពដោះស្រាយបញ្ហាជាប់ជាប្រចាំទៅតាមស្ថានភាពដែលប្រែប្រួលរហ័ស។
សម្ដេច ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ការសម្រេចរបស់រាជរដ្ឋាភិបាលលើការដោះស្រាយបញ្ហា គឺឆ្លងកាត់គិតគូរគ្រប់ជ្រុងជ្រោយ គ្រប់ជំហាន គិតគូរថ្លឹងថ្លែង ពីប្រជាពលរដ្ឋ កងកម្លាំង និងទឹកដី ព្រោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល គ្រប់ជំហានទាំងអស់ គឺដើម្បីឧត្ដមប្រយោជន៍ជាតិ និងប្រជាជន។
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា ការការពារទឹកដី និងប្រជាជនអាចត្រូវការរយៈពេលវែង និងស្មុគស្មាញ ប៉ុន្តែមិនថាយូរប៉ុណ្ណា ស្មុគស្មាញ លំបាកយ៉ាងណា ក៏រាជរដ្ឋាភិបាលនៅតែប្ដេជ្ញាចិត្តការពារទឹកដី និងប្រជាជនគ្រប់ពេលវេលាទាំងអស់។
នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទាំងបច្ចុប្បន្ន និងអនាគត ដោយប្រើប្រាស់គ្រប់មធ្យោបាយដែលកម្ពុជាមានស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំងដោយភាគីថៃ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


