ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពត ជំរុញឲ្យយកចិត្តទុកដាក់លើការងារគ្រប់គ្រងសំរាមឲ្យបានល្អដើម្បីទាក់ទាញភ្ញៀវទេសចរ
អាជ្ញាធរខេត្តកំពត បានណែនាំ និងជំរុញឲ្យរដ្ឋបាលក្រុង-ស្រុកទាំងអស់ត្រូវមានការយកចិត្តទុកដាក់លើការរៀបចំទីលានទុកដាក់សំរាមតាមលក្ខណៈបច្ចេកទេស និងពង្រឹងការងារអនាម័យបរិស្ថានឲ្យបានល្អ ដើម្បីធានាភាពស្អាត សោភ័ណភាព និងបង្កើនភាពទាក់ទាញភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តកំពត។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនាម័យបរិស្ថានប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅសាលសន្និសិទ្ធបូកគោ លោក មឿង គង្គា អភិបាលរងខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំឲ្យរដ្ឋបាលក្រុង-ស្រុកទាំងអស់ក្នុងភូមិសាស្ត្រខេត្ត ត្រូវគិតគូររៀបចំទីលានទុកដាក់សំរាមឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាពិសេសបណ្តាក្រុង-ស្រុកដែលមិនទាន់មានទីតាំងសមស្រប ត្រូវស្វែងរកទីកន្លែងសមរម្យ ដើម្បីទុកដាក់ និងគ្រប់គ្រងសំណល់ឲ្យមានប្រសិទ្ធភាព។

លោកអភិបាលរងបានបញ្ជាក់ថា ការទុកដាក់សំរាម ការគ្រប់គ្រងសំណល់រឹង និងសំណល់ប្លាស្ទិកឲ្យបានត្រឹមត្រូវ គឺជាកត្តាសំខាន់ក្នុងការរក្សាបរិស្ថានឲ្យស្អាត និងលើកកម្ពស់វិស័យទេសចរ ដើម្បីសម្រេចគោលដៅនេះ ត្រូវមានរការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ រួមមាន រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក មន្ទីរ អង្គភាពជំនាញ ក្រុមហ៊ុនប្រមូលសំរាម ព្រមទាំងប្រជាពលរដ្ឋ និងសហគមន៍ទេសចរណ៍ ក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ទាំងនៅតាមទីសាធារណៈ រមណីយដ្ឋាន និងតាមដងផ្លូវ។

បច្ចុប្បន្ន មន្ទីរបរិស្ថានខេត្ត និងរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ បាននិងកំពុងពង្រឹងការងារសម្អាតអនាម័យជាប្រចាំ បន្ថយការប្រើប្រាស់ប្លាស្ទិក និងរៀបចំផែនការសកម្មភាពច្បាស់លាស់ ដើម្បីធានាថា ភូមិសាស្ត្រខេត្តកំពតមានភាពស្អាត គ្មានសំរាមរាយប៉ាយ និងមានសោភ័ណភាពសមរម្យសម្រាប់ទទួលភ្ញៀវទេសចរ។

ក្នុងឆ្នាំ២០២៥ កន្លងទៅ ខេត្តកំពតទទួលបានភ្ញៀវទេសចរជាង២លាននាក់ ដែលបានជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានភាពល្អប្រសើរឡើងគួរឱ្យកត់សម្គាល់។ ខេត្តកំពតដោយមានកំណើនភ្ញៀវទេសចរកើនឡើងច្រើន ហើយក្រុមហ៊ុនប្រមូលសំរាមក៏បានបន្ថែមរថយន្ត និងកម្លាំងការងារ ដើម្បីធានាការប្រមូលដឹកជញ្ជូនសំរាមបានទាន់ពេលវេលា ជៀសវាងការកកស្ទះ និងបញ្ហាក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន។

លោក មឿង គង្គា អភិបាលរងខេត្តកំពត បានអំពាវនាវឲ្យអ្នកពាក់ព័ន្ធទាំងអស់ បន្តអនុវត្តផែនការសកម្មភាពរបស់ខ្លួនឲ្យមានប្រសិទ្ធភាព និងជំរុញការផ្សព្វផ្សាយអប់រំសាធារណៈ ដើម្បីបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមថែរក្សាអនាម័យបរិស្ថាន និងទុកដាក់សំណល់តាមលក្ខណៈបច្ចេកទេស។

ដោយមានការយកចិត្តទុកដាក់លើបញ្ហាសំរាម និងបរិស្ថាន មិនត្រឹមតែជាការរក្សាភាពស្អាតប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាគន្លឹះក្នុងការកសាងរូបភាពខេត្តកំពតបានធ្វើឲ្យក្លាយជាកន្លែងគោលដៅទេសចរស្អាត បៃតង និងមានចីរភាពសែនស្រស់បំព្រង៕
អត្ថបទ៖ សឹង រ៉ាត់


-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


