ព័ត៌មានជាតិ
នគរបាលស័ក្ដិ ៥ ម្នាក់ យកទូកុងតឺន័រដាក់ឃាំងមុខឃ្លាំង ១ កន្លែង នៅខណ្ឌកំបូល មិនឲ្យម្ចាស់ដីចេញចូលបាន ស្នើអភិបាលខណ្ឌជួយដោះស្រាយផង
មន្ត្រីនគរបាលម្នាក់ រងការចោទប្រកាន់ថា បានយកទូកុងតឺន័រ និងដាំបង្គោលរបងថ្ម មកដាក់ឃាំងបាំងផ្លូវមិនឲ្យម្ចាស់ដីចេញចូលកាន់ឃ្លាំងរបស់ខ្លួនបានឡើយ។

សកម្មភាពដាក់ទូកុងតឺន័រឃាំងផ្លូវនេះតាំងពីខែមករា ឆ្នាំ ២០២៦ មកម្ល៉េះ ដោយម្ចាស់ឃ្លាំងអះអាងថា នគរបាលខាងលើក៏បានរំលោភយកដីចំណីផ្លូវសាធារណៈ និងប្រឡាយរបស់រដ្ឋផងដែរ។

លោក សឿ មួយហេង ជាម្ចាស់ដីខាងលើ បានប្រាប់ថា លោក ហួន លន់ ដែលជាមន្ត្រីនគរបាលពាក់ស័ក្ដិ ៥ មានដីស្ថិតនៅក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។ ពេលរដ្ឋកសាងផ្លូវក្រវាត់ក្រុងទី ៣ ហៅ «មហាវិថី ស៊ី ជីនពីង» លោក ហួន លន់ បានលក់ដីរបស់គាត់នៅទីនោះ ទៅឲ្យក្រុមហ៊ុនធ្វើផ្លូវក្រវាត់ក្រុងទី ៣ អស់ហើយ។

លោកបានបន្តថា ក្រោយលក់ដីរបស់ខ្លួនអស់ ស្រាប់តែឃើញដីតំបន់នោះមានតម្លៃ លោក ហួន លន់ បានចាក់ដីលុបរំលោភយកដីប្រឡាយ និងដីចំណីផ្លូវ ព្រមទាំងយកទូកុងតឺន័រ និងដាំរបងថ្មបាំងឃ្លាំងរបស់គាត់មិនឲ្យចេញចូលតែម្ដង។

លោកបានបន្តទៀតថា ក្រោយពីមន្ត្រីនគរបាលរូបនេះ ប្រើប្រាស់ទូកុងតឺន័រ និងជីករបងថ្មបាំងឃ្លាំង មិនឲ្យចេញចូលបែបនេះ លោកក៏បានស្នើឲ្យអាជ្ញាធរខណ្ឌកំបូល ជួយដោះស្រាយដកទូកុងតឺន័រ និងរបងថ្មចេញដែរ ប៉ុន្តែការដោះស្រាយ ៣ ទៅ ៤ លើកមកហើយ តែដោះស្រាយមិនចេញសោះ។

លោក សឿ មួយហេង បានទទូចស្នើដល់ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល សូមជួយអន្តរាគមន៍ជូនលោកផង ដោយធ្វើយ៉ាងណាឲ្យ លោក ហួន លន់ ដកទូកុងតឺន័រ និងដករបងថ្មចេញ ដើម្បីលោកមានផ្លូវចេញចូលឃ្លាំងផងដែរ។ សកម្មភាពដាក់ទូកុងតឺន័របិទបាំង និងរំលោភយកដីធ្វើកម្មសិទ្ធិបែបនេះ ធ្វើឲ្យពលរដ្ឋខ្មែរទូទាំងប្រទេសនឹកឃើញ និងឈឺចាប់បំផុតដល់សកម្មភាពចោរឈ្លានពានសៀមរំលោភបូរណភាពតាមបណ្តោយបន្ទាត់ព្រំដែន តែមិននឹកស្មានថា រូបភាពនេះអាចលេចឡើងជាថ្មីនៅទឹកដីជាយក្រុងភ្នំពេញបែបនេះទាល់តែសោះ។ នេះបើតាមការបញ្ជាក់របស់លោក សឿ មួយហេង។

លោកបន្ថែមថា លោកធ្លាប់តែឃើញយុទ្ធសាស្ត្រទាហានថៃយកទូកុងតឺន័រមកឡោមព័ទ្ធយកដីខ្មែរ និងផ្ទះពលរដ្ឋខ្មែរនៅតាមព្រំដែន តែពេលនេះលោកបានជួបផ្ទាល់ហើយដែលមានគេយកទូកុងតឺន័រមកដាក់ឃាំងបែបនេះ។
ពាក់ព័ន្ធបញ្ហានេះ នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៦ នេះ កម្ពុជាថ្មី មិនអាចសុំការបកស្រាយពីលោក ហួន លន់ ដែលជាមន្ត្រីនគរបាលពាក់ស័ក្ដិ ៥ បានទេ ចំពោះករណីខាងលើ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២៣ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


