Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថានទូតអាមេរិកប្រចាំក្រុងបាកដាដ រងការវាយប្រហារដោយមីស៊ីល

បានផុស

នៅ

ស្ថានការណ៍សន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់បានឡើងកម្ដៅជាថ្មី បន្ទាប់ពីគ្រាប់មីស៊ីលមួយគ្រាប់បានបាញ់ធ្លាក់ចំទីលានចុះចតឧទ្ធម្ភាគចក្រ នៅខាងក្នុងបរិវេណស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងបាកដាដ កាលពីថ្ងៃសុក្រ​ទី​១៣​ខែ​មីនា​ឆ្នាំ​២០២៦។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ CNN​ និង AFP។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងបាកដាដ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ពីមន្ត្រីសន្តិសុខអ៊ីរ៉ាក់ ទោះបីជាគេមិនទាន់ដឹងច្បាស់ថាគ្រាប់មីស៊ីលនោះបាញ់ចេញពីប្រភពណាក៏ដោយ ប៉ុន្តែសាក្សីនៅកន្លែងកើតហេតុបានរាយការណ៍ថា ឃើញមានផ្សែងហុយចេញពីសង្កាត់ Arasat ដែលជាតំបន់គេស្គាល់ថាជាមូលដ្ឋានបង្កប់ខ្លួនរបស់ក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់។

នេះគឺជាលើកទី២ហើយ ដែលបរិវេណស្ថានទូតដ៏សំខាន់មួយនេះបានក្លាយជាគោលដៅវាយប្រហារ ចាប់តាំងពីសង្រ្គាមទ្រង់ទ្រាយធំនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងកាលពីថ្ងៃទី២៨ខែកុម្ភៈ។ ការវាយប្រហារនេះត្រូវបានគេជឿថា ជាការសងសឹកទៅនឹងការវាយប្រហារតាមអាកាសកាលពីពេលថ្មីៗនេះ ទៅលើក្រុមប្រដាប់អាវុធ Kataib Hezbollah ដែលបានបណ្តាល​ឲ្យ​សមាជិករបស់ពួកគេ ២នាក់បាត់បង់ជីវិត។

រហូតមកដល់ពេលនេះ ខាងស្ថានទូតអាមេរិកមិនទាន់មានការអត្ថាធិប្បាយជាផ្លូវការជុំវិញទំហំការខូចខាតនៅឡើយទេ ប៉ុន្តែពីមុនមក ពួកគេធ្លាប់បានប្រកាសអាសន្នសន្តិសុខកម្រិតទី៤ រួចជាស្រេច ដើម្បីព្រមានថា ក្រុមសកម្មប្រយុទ្ធដែលស្និទ្ធនឹងទីក្រុងតេហេរ៉ង់ អាចនឹងកំណត់គោលដៅវាយប្រហារលើផលប្រយោជន៍របស់អាមេរិក។

ចាប់តាំងពីជម្លោះត្រីភាគីរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមមក ចំនួនអ្នកស្លាប់សរុបបានកើនឡើងលើស ២០០០នាក់ហើយ ដែលភាគច្រើនគឺជាជនជាតិអ៊ីរ៉ង់។ សង្រ្គាមនេះមិនត្រឹមតែបំផ្លាញជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងបន្តអង្រួនស្ថិរភាពនៃប្រទេសជាច្រើននៅទូទាំងតំបន់មជ្ឈិមបូព៌ាទាំងមូល៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម