Connect with us

ព័ត៌មានជាតិ

កុំខកខាន! ព្រឹត្តិការណ៍សមរាត្រីរដូវប្រាំង “វសន្តរដូវ” នឹងកើតមានចន្លោះថ្ងៃទី២១-២៣ មីនានេះ

បានផុស

នៅ

សមរាត្រីនារដូវប្រាំង “វសន្តរដូវ” ដែលត្រូវបានគេស្គាល់ថា “សមរាត្រីអង្គរ” នឹងបង្អួតភាពស្រស់ស្អាតចែងចាំងលើកទី១នៃឆ្នាំ២០២៦ នៅចុងសប្តាហ៍នេះ ចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៥:០០ព្រឹក ដល់ ៦:៣០ព្រឹក ខណៈទិដ្ឋភាពដ៏កម្រនេះ គឺតែងតែទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិជារៀងរាល់ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍នេះ ត្រូវបានចាត់ទុកថាជាភស្តុតាងមួយបង្ហាញពីភាពអស្ចារ្យនៃប្រាជ្ញាបុព្វបុរសខ្មែរ ក្នុងការគិតគូរប្លង់ស្ថាបត្យកម្ម ប្លង់សាងសង់ប្រាសាទ ការរៀបចំដីធ្លី ការគណនាតាមគណិតវិទ្យា និងការយល់ដឹងអំពីចលនាតារាសាស្ត្រ ដែលរួមផ្សំជាមួយជំនឿសាសនា បង្កើតបានជាបាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្តដ៏អស្ចារ្យនេះ។

ជាធម្មតា សមរាត្រី (Equinox) គឺជាព្រឹត្តិការណ៍ធម្មជាតិដែលរយៈពេលថ្ងៃ និងយប់មានប្រវែងស្មើគ្នា ហើយកើតឡើង ២ដងក្នុងមួយឆ្នាំ។ លើកទី១ គឺ សមរាត្រីរដូវប្រាំង កើតឡើងនៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ខណៈលើកទី២ គឺ សមរាត្រីរដូវវស្សា ដែលកើតឡើងនៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា។

តួយ៉ាង ព្រឹត្តិការណ៍សមរាត្រីអង្គរ តែងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន ឱ្យមកប្រមូលផ្តុំគ្នានៅផ្នែកខាងលិចនៃប្រាសាទអង្គរវត្ត ដើម្បីទស្សនាទិដ្ឋភាពព្រះអាទិត្យរះត្រង់កំពូលប្រាសាទ និងផ្ដិតយករូបភាពដ៏កម្រ និងស្រស់ស្អាតនេះ។

ក្នុងឱកាសនេះ ក្រសួងទេសចរណ៍ ក៏បានអំពាវនាវឱ្យសាធារណជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមទស្សនាបាតុភូតធម្មជាតិដ៏អស្ចារ្យនេះ កុំបីខាន ព្រមទាំងចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជាទាំងអស់គ្នា ស្របតាមពាក្យស្លោក «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» និង «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»។

គួរជម្រាបដែរថា តាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ពាក្យ “សមរាត្រី” ត្រូវបានគេស្គាល់តាំងពីសម័យបុរាណ ដោយមានការប្រែសម្រួលពីភាសាសំស្ក្រឹត ដែលត្រូវបានកត់ត្រានៅលើសិលាចារឹកថា “វិសុវ” (ឬ “ពិសុព”)។

បុរាណវិទូបានពន្យល់ថា នៅសម័យអង្គរ ព្រឹត្តិការណ៍សមរាត្រីរដូវប្រាំង ប្រហែលជាត្រូវបានប្រារព្ធពិធីធំៗតាមទំនៀមព្រាហ្មណ៍ ដែលពាក់ព័ន្ធនឹងជំនឿសាសនា និងទស្សនវិជ្ជាបុរាណ ទាក់ទងនឹងជ័យជំនះរបស់សេចក្តីល្អលើអំពើអាក្រក់។ ប៉ុន្តែពិធីទាំងនោះ មិនបានបន្តរហូតមកដល់សព្វថ្ងៃនោះទេ។

ដោយឡែក អ្នកស្រាវជ្រាវក៏បានបញ្ជាក់ថា ប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ជាទេវឋានសម្រាប់ព្រះវិស្ណុ ដែលមានឈ្មោះដើមថា “ព្រះបរមវិស្ណុលោក” ដូច្នេះហើយ បាតុភូតព្រះអាទិត្យរះចំកំពូលកណ្ដាលប្រាសាទក្នុងថ្ងៃសមរាត្រី អាចមានទំនាក់ទំនងជាមួយនឹងពិធីសាសនាបុរាណដែលពាក់ព័ន្ធនឹងព្រះនរាយណ៍ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម