Connect with us

ព័ត៌មានជាតិ

CMAC រកឃើញថា យោធាថៃប្រើគ្រាប់បែកចង្កោមនៃកាំភ្លើងធំប្រភេទ155MM ខ្ទង់១៣ម៉ឺនគ្រាប់ក្នុងការឈ្លានពានកម្ពុជា

បានផុស

នៅ

ក្រុមអ្នកជំនាញ CMAC ស្រាវជ្រាវឃើញថា យោធាថៃបានប្រើកាំភ្លើងធំប្រភេទ155MM ជាមួយកូនគ្រាប់បែកចង្កោមប្រភេទM ក្នុងសង្គ្រាមឈ្លានពានលើកម្ពុជា កាលពីពេលកន្លងទៅ។ យោងតាមរបាយការណ៍ស្រាវជ្រាវនោះ CMAC បានដាក់ការសង្ស័យថា យោធាថៃអាចប្រើគ្រាប់បែកចង្កោមប្រភេទនេះខ្ទង់១៣ម៉ឺនគ្រាប់ ដោយបាញ់ផ្លោងទាំងមកលើទីតាំងយោធា និងតំបន់ស៊ីវិលរបស់កម្ពុជា។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសិក្ខាសាលាស្ដីពីគ្រាប់បែកចង្កោមប្រភេទថ្មី CMR M-Series ដែលធ្វើឡើងកាលពីថ្ងៃទី២៥ ខែមីនា នៅសាលសន្និសីទសារមន្ទីរតេជោសន្តិភាព ក្នុងខេត្តសៀមរាប លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ឱ្យដឹងថា គ្រាប់បែកចង្កោម ដែលយោធាថៃបានប្រើប្រាស់ក្នុងការបាញ់មកលើទឹកដីកម្ពុជា គឺមាន៣ប្រភេទសំខាន់ គឺ​M42​ M46 និង​M85។

លោកអគ្គនាយក CMAC អះអាងថា គ្រាប់បែកចង្កោមទាំងនេះបានបាញ់ផ្លោងមកលើភូមិឋានប្រជាពលរដ្ឋ​ ដីស្រែចម្ការ​ សាលារៀន​ មន្ទីរពេទ្យ​ តំបន់ស៊ីវិល និងទីតាំងកងទ័ពរបស់កម្ពុជា។

ការបញ្ជាក់របស់លោក ហេង រតនា គឺដោយសំអាងទៅតាមលទ្ធផលស្រាវជ្រាវរបស់ក្រុមជំនាញអង្គភាព CMAC នៅតំបន់រងផលប៉ះពាល់ចំនួន៣៧១ភូមិនៃខេត្តចំនួន៦ តាមបណ្តោយព្រំដែនខ្មែរ-ថៃ​ រួមមានខេត្តកោះកុង​ ពោធិ៍សាត់​ បាត់ដំបង​ បន្ទាយមានជ័យ​ ឧត្តរមានជ័យ​ និងខេត្តព្រះវិហារ​ រួមទាំងខេត្តសៀមរាបផងនោះ​ គឺបានកំណត់ជាតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមរបស់ថៃចំនួនប្រមាណ៣ ៦០០ទីតាំង លើផ្ទៃដីសរុបប្រមាណ២ ៣៦០គីឡូម៉ែត្រក្រឡា។

ផ្អែកតាមការស្រាវជ្រាវខាងលើ លោក ហេង រតនា បានសន្និដ្ឋានថា​ យោធាថៃអាចប្រើប្រាស់គ្រាប់បែកចង្កោមកាំភ្លើងធំប្រភេទ155MM មានចំនួនប្រមាណ១២ម៉ឺនទៅ១៣ម៉ឺនគ្រាប់​ ដែលមានកូនគ្រាប់បែកចង្កោមពី៦លានទៅ៧លានគ្រាប់ឯណោះ។ ប៉ុន្តែយ៉ាងណា លោក ថា នេះជាការស្រាវជ្រាវជំហានបឋម ដោយការស្រាវជ្រាវមិនទាន់បញ្ចប់ទាំងស្រុងនៅឡើយយទេ។  

គ្រាប់បែកចង្កោមប្រភេទនេះ គឺបានបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរ និងយូរអង្វែងដល់សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមតំបន់រងផលប៉ះពាល់​ ហេីយអង្គភាព CMAC ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីការខិតខំប្រឹងប្រែងក្នុងការបន្តបេសកកម្មមនុស្សធម៌របស់ខ្លួន ដើម្បីធានាថាទឹកដីកម្ពុជាក្លាយជាតំបន់សុវត្ថិភាព ដោយគ្មានមីន គ្មានសំណល់យុទ្ធភ័ណ្ឌបន្សល់ពីសង្គ្រាម៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម