Connect with us

ព័ត៌មានជាតិ

កម្ពុជា​សម្របសម្រួល​ក្រុម AOT ចុះពិនិត្យ​ស្ថានភាព​ព្រំដែន ​នៅតំបន់ភូមិព្រៃចាន់

បានផុស

នៅ

ក្រសួងការពារជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៨៖២៥នាទីក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្តីប្រកាសព័ត៌មានរបស់លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ការចុះបេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណងតាមដានការគោរព និងអនុវត្តវិធានការទាំងអស់ ដែលមានចែងក្នុងសេចក្តីប្រកាសរួម បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។

សេចក្តីប្រកាសបានបញ្ជាក់ថា បេសកកម្មលើកនេះ គឺជាផ្នែកមួយនៃការផ្លាស់ប្តូរវេនដឹកនាំក្នុងយន្តការអាស៊ាន ដោយប្រទេសម៉ាឡេស៊ីបានបញ្ចប់អាណត្តិ ខណៈប្រទេសហ្វីលីពីននឹងបន្តដឹកនាំក្នុងនាមជាប្រធានអាស៊ានប្តូរវេន និងជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅកម្ពុជា។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ និងមានការទទួលខុសត្រូវខ្ពស់ ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងៗទៀត។

ការប្តេជ្ញានេះ មានគោលបំណងឆ្ពោះទៅរកការស្តារស្ថានភាពប្រក្រតីវិញឆាប់រហ័ស និងធានាសន្តិភាព និងស្ថិរភាពយូរអង្វែងនៅតាមតំបន់ព្រំដែន។ នេះ បើតាមក្រសួងការពារជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម