ព័ត៌មានជាតិ
ក្រុមអ្នកសង្កេតការណ៍អាស៊ានក្នុងអាណត្តិហ្វីលីពីន ចុះសង្កេតការណ៍ជាលើកដំបូងអំពីស្ថានភាពព្រំដែននៅប្រាសាទព្រះវិហារ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ប្រធានបេសកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ជាលើកដំបូង ក្នុងអាណត្តិហ្វីលីពីនធ្វើជាប្រធានដឹកនាំ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ ដែលរងការខូចខាតយ៉ាងដំណំបំផុតដោយសារការវាយប្រហារពីសំណាក់យោធាថៃកាលពីឆ្នាំ២០២៥កន្លងទៅ និងពិនិត្យមើលស្ថានការណ៍នៃការវិវឌ្ឍន៍ថ្មីនៅក្នុងភូមិសាស្រ្តនោះ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងនៅរសៀលថ្ងៃទី១៤ ឧសភានេះថា វត្តមានរបស់ក្រុមក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីដឹកនាំការងារសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកម្ពុជា និងថៃ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន ហើយកម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT។

អ្នកនាំពាក្យក្រសួងការពារជាតិសង្កត់ធ្នន់ថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ។

គួររំលឹកថា ប្រធានបេសកកម្ម (HOM) ប្រចាំព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសផ្ទេរភារកិច្ចពីវរសេនីយ៍ទោ MOHD AMIN BIN BAHAROM ជាប្រធានស្តីទី នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ដែលបានបញ្ចប់អាណត្តិជូនទៅ ឧត្ដមនាវីត្រី គ្លេន ហ្ស៊ី ឌីហ្សុន (GLENN Z DIZON) ជាប្រធានបេសកកម្មប្តូរវេន នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ហ្វីលីពីនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនៅស្នាក់ការទី២ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

ឧត្ដមនាវីត្រី គ្លេន ហ្ស៊ី ឌីហ្សុន (GLENN Z DIZON) ក៏បានបង្ហាញសាជាថ្មីអំពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តបេសកកម្មដ៏មានសារៈសំខាន់នេះ និងខិតខំបំពេញការងារឱ្យសកម្ម ប្រកបដោយអព្យាក្រឹត្យភាព និងបន្តធ្វើការចុះសង្កេតការណ៍ ផ្ទៀតផ្ទាត់ រាយការណ៍ អំពីស្ថានភាពពិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


