Connect with us

ព័ត៌មានជាតិ

ថៃបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ពេលAOTចុះទៅប្រាសាទព្រះវិហារតែចោទកម្ពុជាថាបាញ់កាំភ្លើងចូលទីតាំងយោធាខ្លួន

បានផុស

នៅ

ក្នុងពេលក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅប្រាសាទព្រះវិហារ នាព្រឹកថ្ងៃទី១៤ ខែឧសភា ភាគីថៃបានបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ដោយមិនជូនដំណឹងជាមុនមកកាន់កម្ពុជាឡើយ ប៉ុន្តែនៅវេលាល្ងាចថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយថៃបានផ្សាយព្រោងព្រាតចោទប្រកាន់ថា កងកម្លាំងកម្ពុជាបាញ់កាំភ្លើងបុកទីតាំងយោធាថៃនៅទល់មុខតំបន់វាលតន្ទ្រីយ៍ក្នុងខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានថា៖«យោងតាមព័ត៌មានពីជួរមុខ អំឡុងពេលក្រុមអ្នកសង្កេតការណ៍អាស៊ាន(HOM AOT) ជាលើកដំបូង ក្នុងអាណត្តិហ្វីលីពីនធ្វើជាប្រធានដឹកនាំ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅប្រាសាទព្រះវិហារ ភាគីថៃបានបំផ្ទុះគ្រាប់មិនទាន់ផ្ទុះចំនួន៣គ្រាប់ ដោយមិនបានជូនព័ត៌មានមកភាគីកម្ពុជាជាមុនឡើយ។ ក្រុមទំនាក់ទំនង RBC នៃយោធភូមិភាគទី៤កម្ពុជា បានទាក់ទងទៅភាគីថៃ និងធ្វើការតវ៉ាអំពីការផ្ទុះគ្រាប់មិនបានជូនដំណឹងមុននេះ។»។

ការផ្សាយចោទប្រកាន់មកលើកងកម្លាំងកម្ពុជាពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយថៃ ត្រូវបានក្រសួងការពារជាតិច្រានចោល និងចាត់ទុកជាព័ត៌មានមិនពិត។

ជុំវិញការផ្សាយចោទប្រកាន់ពីសំណាក់ភាគីថៃមកលើកងកម្លាំងកម្ពុជាបែបនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅម៉ោងជាង១០យប់ថ្ងៃទី១៤ ខែឧសភា បានចេញមកប្រកាសច្រានចោលទាំងស្រុង និងយ៉ាងដាច់ខាត និងចាត់ទុកថា ជាព័ត៌មានមិនពិត និងជាការមួលបង្កាច់យ៉ាងធ្ងន់ធ្ងរ ក្នុងចេតនាបង្កការភាន់ច្រឡំ បំភាន់សាធារណមតិ និងបង្កភាពតានតឹងតាមបណ្តោយព្រំដែន។ ទន្ទឹមនេះ កម្ពុជា ក៏បានធ្វើលិខិតតវ៉ាអំពីការផ្សព្វផ្សាយព័ត៌មានមិនពិតនេះទៅក្រុមការងារទំនាក់ទំនងព័ត៌មានថៃ JIC Thai។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា៖«ក្រសួងការពារជាតិកម្ពុជា មិនអាចទទួលយកបានឡើយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលប៉ះពាល់ដល់កិត្តិយសកងយោធពលខេមរភូមិន្ទ និងបង្កហានិភ័យដល់សន្តិសុខ ស្ថិរភាព និងសុវត្ថិភាពនៅតាមបណ្តោយព្រំដែន និងស្នើឱ្យសារព័ត៌មានថៃកែតម្រូវជាបន្ទាន់។»។

អ្នកនាំពាក្យ  អំពាវនាវឱ្យភាគីថៃបញ្ឈប់ការចុះផ្សាយព័ត៌មានមួលបង្កាច់ទាំងនេះជាបន្ទាន់ ហើយត្រឡប់មកគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ពេញលេញ និងដោយស្មោះត្រង់ សុចរិត នូវខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នាកន្លងមក ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។

គួរកត់សម្គាល់ថា នេះ​ គឺជាលើកទី៣ហើយ ដែលក្រុមយោធាថៃ បានបំផ្ទុះអាវុធយុទ្ធភ័ណ្ឌ នៅចំពោះមុខក្រុមបុគ្គលិកយោធាបរទេសចុះទៅសង្កេតការណ៍ពីការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃនៅតាមតំបន់ព្រំដែន ក្នុងនោះលើកទី១ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ យោធាថៃ បានបំផ្ទុះអាវុធ  គ្រាដែលក្រុមអ្នកសង្កេតការណ៍អាស៊ានចុះទៅសង្កេតការណ៍ នៅតំបន់ច្រកច១ ឃុំថ្មដា ស្រុកវាលវែង ក្នុងខេត្តពោធិ៍សាត់ ក្រោយមកលើកទី២ គឺកាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៦  អំឡុងពេលក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ចុះទៅច្រកអន្តរជាតិអូស្មាច់នៅ យោធាថៃបានបាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16  ចំនួន ៩គ្រាប់។ ក្រោយពីបាញ់អាវុធយុទ្ធភ័ណ្ឌរួច យោធា និងប្រព័ន្ធផ្សព្វផ្សាយថៃតែងតែផ្សាយចោទប្រកាន់មកលើកងកម្លាំងកម្ពុជា ថាជាអ្នកញុះញង់ ទាំងដែលកងកម្លាំងកម្ពុជាគោរពវិន័យ និងមានការដឹងឮពីសំណាក់បុគ្គលិកយោធាបរទេស។

រូបថតលោក Kevin Smith ចុះទៅផលិតវីដេអូពិតស្តីពីការឈ្លានពានរបស់ថៃលើដែនអធិបតេយ្យភាពកម្ពុជានៅតំបន់អូរស្មាច់ ត្រូវក្រុមយោធាថៃបាញ់កាំភ្លើងគំរាម។

រឿងពិតនៃបញ្ហាចោទប្រកាន់ម្ដងហើយៗម្ដងទៀតពីសំណាក់ភាគីថៃនាពេលនេះ ហាក់បង្ហាញថាក្រុមមេៗ និងទាហានថៃ កំពុងពួតដៃគ្នា ព្យាយាមបិទបាំងការពិត ដោយបង្កើតព្រឹត្តិការណ៍ក្លែងក្លាយថាទាហានកម្ពុជាបាញ់ ដើម្បីលុបលើព្រឹត្តិការណ៍ដែលទាហានថៃបាញ់គំរាមជនបរទេស លោក Kevin Smith ដែលបានចុះទៅផលិតវីដេអូពិតស្តីពីការឈ្លានពានរបស់ថៃលើដែនអធិបតេយ្យភាពកម្ពុជានៅតំបន់អូរស្មាច់ កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦៕

ដោយ/ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម