Connect with us

ព័ត៌មានជាតិ

ភរិយាសម្ដេច ហ៊ុន ម៉ាណែត អរគុណយោធិនដែលលះបង់គ្រប់យ៉ាង យកជីវិតពាំងការពារអ្នកនៅជួរក្រោយ និងសង្ឃឹមថាពេលមានសន្តិភាព កងកម្លាំងត្រឡប់មកជួបជុំគ្រួសារវិញ

បានផុស

នៅ

តាមរយៈគំនិតផ្ដួចផ្ដើមសរសេរសារជូនអ្នកនៅជួរមុខ ដែលកំពុងឈរជើងការពារទឹកដី​ ប្រជាជន ឃ្លាតឆ្ងាយ មិនបានជួបជុំគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំថ្មី  លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត  បានសរសេរសារជូនកងកម្លាំង ដោយប្រើបេះដូង បង្កប់នូវពាក្យពេចន៍ដ៏មានអត្ថន័យ។ លោកជំទាវបានអរគុណកងកម្លាំងគ្រប់រូបដែលឈរជើងនៅជួរមុខ សម្រាប់ការលះបង់គ្រប់បែបយ៉ាងយកជីវិតទៅពាំងគ្រាប់ ដើម្បីការពារពលរដ្ឋរស់នៅខាងក្រោយ។ ស្ត្រីទី១ បានដាក់ក្ដីសង្ឃឹមថា នៅពេលកម្ពុជាមានសន្តិភាពពេញលេញឡើងវិញនោះ កងកម្លាំងគ្រប់រូបអាចវិលមកជួបជុំក្រុមគ្រួសារឡើងវិញ ប្រកបដោយសុភមង្គល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសារសរសេរជូនកងកម្លាំងនៅជួរមុខ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសរសេរដូច្នេះ៖«ជូនចំពោះបងៗ និងប្អូនៗកងទ័ព និងប៉ូលិសនៅជួរមុខ។ ជាដំបូងបងសូមអរគុណដល់បងៗ និងប្អូនៗទាំងអស់ ដែលបានលះបង់ ចាកឆ្ងាយពីក្រុមគ្រួសារ ដើម្បីការពារប្រជាពលរដ្ឋ ការពារទឹកដី និងប្រទេសមួយនេះ។ អរគុណចំពោះការលះបង់គ្រប់យ៉ាង យកជីវិតឈរពាំងការពារពួកយើងដែលនៅជួរក្រោយ។ បងសូមផ្ញើការនឹករលឹក ការស្រឡាញ់ដល់បងប្អូន ដែលនៅជួរមុខទាំងអស់។ មានពាក្យពេចន៍ជាច្រើន ដែលបងស្រីម្នាក់នេះ ចង់អរគុណដល់បងប្អូនទាំងអស់គ្នា។ បងសង្ឃឹមថា ពេលដែលប្រទេសយើងមានសុខសន្តិភាពវិញ បងប្អូនត្រឡប់មកជួបជុំគ្រួសារវិញ។ យើងអាចនឹងជួបគ្នា ហើយពាក្យពេចន៍ទាំងនោះ បងអាចប្រាប់បងប្អូនដោយផ្ទាល់។ សូមឱ្យទេវតាឆ្នាំថ្មី តាមថែរក្សាបងប្អូនឱ្យមានសុវត្ថិភាព ឆាប់បានត្រឡប់មកជួបជុំគ្រួសារវិញ។»។

សាររបស់លោកជំទាវស្រ្តីទីមួយ បានទៅដល់របស់កងកម្លាំងដែលឈរជើងនៅជួរមុខហើយ នៅថ្ងៃទី៩ ខែមេសា នេះ។ យោធិនដែលឈរជើងនៅទិសព្រះវិហារ ឈ្មោះ វី រស្មី ឱ្យដឹងតាមរយៈគណនីហ្វេសប៊ុក ថា  លោកបានទទួលសំបុត្រពីលោកជំទាវ ពេជ ចន្ទមុន្នី ដែល​​ជា​សារ​ដ៏​មាន​អត្ថន័យ​​ ​​​​​នឹក​រឭក​ និង​ពាក្យ​ពេចន៍​ជូនពរដល់​កងកម្លាំង​ទាំង​អស់​គ្នា​​។ យោធិនរូបនេះ អះអាងថា បន្ទាប់ពីអានសាររបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហើយលោករំភើប​ ក្តុកក្តួល​ខ្លាំង​ណាស់។

យោធិន វី រស្មី បាន​អរគុណ​ និង​គោរព​ជូនពរលោកជំទាវ ពេជ ចន្ទមុន្នី និង​សម្តេច ហ៊ុន ម៉ាណែត ​ ព្រម​ទាំង​ក្រុម​គ្រួសារ​ និង​ក្រុមការងារ​ទាំងអស់​ ឱ្យជួបតែ​សុខ​សុវត្ថិភាព​គ្រប់ពេលវេលា និង​ពរ​ទាំង​អស់​បួន​ប្រការ​ អាយុ​ វណ្ណៈ​ សុខៈពលៈ​។

យោធិនរូបនេះ បានផ្ដាំផ្ញើមកកាន់ពលរដ្ឋកម្ពុជា ដែលនៅជួរក្រោយថា ៖«កុំបារម្មណ៍អី ជួរមុខនឹងការពារបងប្អូនគ្រប់ៗគ្នា។»៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម