Connect with us

ព័ត៌មានជាតិ

ជាថ្មីម្តងទៀត! នាយករដ្ឋមន្រ្តី បញ្ជាឱ្យកម្លាំងទូទាំងប្រទេសបង្ក្រាបក្រុមក្មេងទំនើងដោយមិនត្រូវបន្ធូរដៃ

បានផុស

នៅ

នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាច្បាស់ៗដល់អាជ្ញាធររាជធានី-ខេត្ត និងកងកម្លាំងពាក់ព័ន្ធ ត្រូវបន្តអនុវត្តឱ្យបានតឹងរ៉ឹង និងមិនត្រូវបន្ធូរដៃក្នុងការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង ដែលកំពុងមានសកម្មភាព ឱ្យបានល្អ ដើម្បីធានាដល់សន្តិសុខ និងសណ្តាប់ធ្នាប់មូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នាថ្ងៃទី២៦ ខែមេសានេះ សម្តេចធិបតី មានប្រសាសន៍ថា បើទោះបីជាលទ្ធផលនៃការបង្ក្រាបក្រុមក្មេងទំនើងបានល្អប្រសើរ ទន្ទឹមនោះនៅមានក្មេងទំនើងលេចមុខចេញមកជាបន្តបន្ទាប់។ ក្នុងន័យនេះ សម្តេចបានបញ្ជាទៅដល់សមត្ថកិច្ចត្រូវតែបង្ក្រាបក្រុមក្មេងទំនើង ដើម្បីសន្តិសុខ និងសុវត្ថិភាពសាធារណៈ។

ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែត​​ ព្រមាន​​​ដក​ហូតតួនាទី និង​​បុណ្យ​ស័ក្កិ​​ ឪពុក​ម្តាយ ​ដែល​មាន​កូន​ជា​​ក្មេង​ទំនើង​ ​បង្ក​បញ្ហា​អសន្តិសុខ​ក្នុង​សង្គម ​​ខណៈ​​អប់រំច្រើន​ដង​មិនរាង​ចាល​។ សម្តេចសង្កត់ធ្ងន់ថា៖«ព្រោះក្មេងទំនើងមួយចំនួនជាកូនមេភូមិ អ្នកមានតួនាទី ខ្ញុំថាគួរតែចងកាតព្វកិច្ចឪម៉ែដែរ ខុសលើកទី១ឱ្យម៉ែឪមកជួយធានា អប់រំ ខុសច្រើនដងពេក ប្រហែលពាក់ព័ន្ធជាមួយតួនាទីឪម៉ែដែរ គិតមើលទៅ។ ព្រោះវាមានអាង(ខ្សែ)។ ឧ.កូនមេភូមិមួយវាដើរវៃគេរហូត អប់រំម្តងពីរដងមិនស្តាប់ ឥឡូវគិតមើល»។

លើសពីនេះ សម្តេចធិបតី បញ្ជាឱ្យអនុវត្តច្បាប់តឹងរ៉ឹង ចំពោះក្មេងទំនើងដែលតដៃជាមួយសមត្ថកិច្ច បង្កឱ្យមានរបួសស្នាមកងកម្លាំងអំឡុងពេលចេញប្រតិបត្តិការ ពោលដាក់ពន្ធនាក្នុងកម្រិតទោសអតិបរមា។

ព្រមជាមួយគ្នានេះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំដល់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង លោក ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំលោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងការពិនិត្យរៀបចំច្បាប់ ក្នុងការមានចំណាត់ការ ចំពោះក្មេងទំនើង ដើម្បីផ្សារភ្ជាប់ជាមួយកម្លាំងជួរមុខ ដូចជាការចុះទៅធ្វើការបំពេញការងារជួយចាក់បេតុង លេណដ្ឋាន ជួសជុល និងសេវាតម្រូវការផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម