ព័ត៌មានជាតិ
លោក ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់អង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងកុមារងាយរងគ្រោះនៅកម្ពុជាឱ្យទទួលបានការអប់រំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាព និងធនធានមនុស្សឱ្យកាន់តែមានគុណភាព ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន។

លើកឡើងនៅក្នុងពេលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា និងសមិទ្ធផលនានារបស់អង្គការកុមារកម្ពុជារីករាយ នៅភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោក ស សុខា បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំងចំពោះអង្គការកុមារកម្ពុជារីករាយ ដែលចាប់តាំងពីឆ្នាំ២០១៨មកបានពង្រីកការគាំទ្រវិស័យអប់រំទៅកាន់ខេត្តគោលដៅចំនួន៩ និងបានវិនិយោគលើធនធានជាច្រើនក្នុងការលើកកម្ពស់គុណភាពអប់រំ និងឱកាសសិក្សារបស់កុមារកម្ពុជា។

លោក ថា សកម្មភាពទាំងនេះគឺជាការអនុវត្តដ៏ត្រឹមត្រូវ និងចំទិសដៅក្នុងការធានាថាកុមារងាយរងគ្រោះ និងក្រីក្រនៅតាមតំបន់ដាច់ស្រយាលអាចអាន សរសេរ និងគណនាលេខបានយ៉ាងស្ទាត់ជំនាញ នៅពេលបញ្ចប់ថ្នាក់ទី៦។
លោកឧបនាយករដ្ឋមន្ត្រី បានអរគុណចំពោះមូលនិធិគីនចាន់ ដែលបានផ្ដួចផ្ដើមបង្កើតអង្គការកុមារកម្ពុជារីករាយ និងបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំនៅតាមតំបន់ដាច់ស្រយាល។ លោក ក៏បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់សប្បុរសជននានា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

តាមរយៈអគារសិក្សា និងសមិទ្ធផលនានារបស់អង្គការកុមារកម្ពុជារីករាយនៅពេលនោះ ប្រមុខក្រសួងមហាផ្ទៃ សង្ឃឹមថា សមិទ្ធផលនេះ នឹងក្លាយជាប្រភពចំណេះដឹង ក្តីសង្ឃឹម និងកាលានុវត្តភាពសម្រាប់កុមាររាប់ពាន់នាក់ នាពេលអនាគត និងសូមឱ្យទីកន្លែងនេះ ក្លាយទៅជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយចំណេះដឹង គុណធម៌ និងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿង។
លោកបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមគ្នាថែរក្សា និងលើកកម្ពស់គុណភាពអប់រំ ដើម្បីធានាថាកុមារកម្ពុជាគ្រប់រូប ទោះរស់នៅទីណាក៏ដោយអាចទទួលបានឱកាសសិក្សាដោយសមធម៌ គុណភាព និងបរិយាបន្ន ព្រោះការវិនិយោគលើកុមារនៅថ្ងៃនេះ គឺជាការកសាងភាពរុងរឿងរបស់កម្ពុជានៅថ្ងៃស្អែក។

គួររម្លឹកថា ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន អង្គការកុមារកម្ពុជារីករាយ ដែលបង្កើតឡើងដោយមូលនិធិ គីនចាន់ បានចុះប្រតិបត្តិការយ៉ាងសកម្ម ក្នុងវិស័យអប់រំនៅតាមតំបន់ដាច់ស្រយាល ក្នុងខេត្តចំនួន៩ រួមមាន បាត់ដំបង បន្ទាយមានជ័យ ស្ទឹងត្រែង ព្រៃវែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម សៀមរាប និងរតនគីរី។
គោលដៅសំខាន់នៃគម្រោងនេះដើម្បីលើកកម្ពស់គុណភាពអប់រំដល់កុមារក្រីក្រ និងកុមារងាយរងគ្រោះ ដោយធានាឱ្យបានថា សិស្សដែលបញ្ចប់ការសិក្សាថ្នាក់ទី៦ នៅតាមសាលាគោលដៅទាំងអស់ នឹងមានសមត្ថភាពចេះអាន សរសេរ និងគណនាលេខបានយ៉ាងស្ទាត់ជំនាញ។ តាមរយៈគម្រោងនេះ អង្គការបានគាំទ្រដល់សាលាមត្តេយ្យចំនួន៩១សាលា និងបឋមសិក្សាចំនួន៩០សាលា ដែលបានចំណាយថវិកាសរុបចំនួន១៧.៣២៦.៩៣៤ ដុល្លារអាម៉េរិក៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


