ព័ត៌មានជាតិ
ចំពោះមុខបញ្ហាក្នុងខឿនសន្តិសុខ រដ្ឋមន្ត្រីមហាផ្ទៃ ទាមទារឱ្យកម្លាំងនគរបាលបង្កើនស្មារតីប្រុងប្រយ័ត្ន និងខិតខំបំពេញការងារ
យកឱកាសក្នុងទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៨១ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅថ្ងៃទី១៦ ខែឧសភានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្រើនរំលឹកដល់កងកម្លាំងនគរបាលឱ្យបង្កើនស្មារតីប្រុងប្រយ័ត្ន និងខិតខំបំពេញការងារ ខណៈមានការវិវត្តដ៏ស្មុគស្មាញក្នុងបរិបទសកលបច្ចុប្បន្ន ក៏ដូចជាក្នុងបរិបទសង្គមកម្ពុជា រាប់ទាំងបញ្ហាប្រឈមនានាដែលកំពុងបន្តជះឥទ្ធិពលអវិជ្ជមានមកលើសន្តិសុខជាតិ។

លោក ស សុខា លើកឡើងតាមរយៈលិខិតផ្ញើជូនកងកម្លាំងនគរបាលជាតិ ថា ក្នុងឆ្នាំ២០២៦ សភាពការណ៍នូវសកលលោកនៅតែបន្តស្ថិតក្នុងស្ថានភាពស្មុគស្មាញ និងប្រែប្រួលមិនអាចប៉ាន់ស្មានបានឡើយ បើទោះជាតិច ឬច្រើន ពិតជាបង្កផលប៉ះពាល់ដល់ប្រទេសកម្ពុជា។ ទន្ទឹមនេះ ក៏នៅមានបញ្ហាសេសសល់ និងបញ្ហាប្រឈមមួយចំនួន ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ខឿនសន្តិសុខជាតិ ក៏ដូចជាសន្តិសុខសណ្តាប់ធ្នាប់ផ្ទៃក្នុងប្រទេស ដោយលោកបានគូសរំលេចពីស្ថានការណ៍ផុយស្រួយនៅព្រំដែនកម្ពុជា-ថៃ ការចិញ្ចឹមមហិច្ឆតាផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមរបៀបបដិវត្តពណ៌ សកម្មភាពនៃបទល្មើសលួច ឆក់ ប្លន់ អំពើជួញដូរមនុស្ស គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាដើម។

សកម្មភាពទាំងអស់នេះ លោក ថា បានពាក់ព័ន្ធយ៉ាងសំខាន់ចំពោះតួនាទី ភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ ដែលទាមទារឱ្យកម្លាំងនគរបាលទាំងអស់គ្នាបន្តលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និងខិតខំបំពេញការងារដោយប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ គុណធម៌ និងមនសិការវិជ្ជាជីវៈ ដើម្បីរួមគ្នាការពារនូវសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការពារសមិទ្ធផលជាតិ លើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ព្រមទាំងបម្រើប្រជាពលរដ្ឋដោយភក្តីភាព។
ប្រមុខក្រសួងមហាផ្ទៃ បានបង្ហាញនូវក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា កងកម្លាំងនគរបាលជាតិទូទាំងប្រទេស ត្រូវបន្តអភិវឌ្ឍខ្លួន អភិវឌ្ឍអង្គភាព ពង្រឹងការដឹកនាំ និងគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេសបន្តអនុវត្ត កំណែទម្រង់ លើកកម្ពស់គុណភាព សមត្ថភាពប្រតិបត្តិការ ដើម្បីសម្រេចបេសកកម្មដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្រ ក្នុងនាមជាសេវាករនៃវិស័យសន្តិសុខ និងជាបង្អែកយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងគ្រប់កាលៈទេសៈ។

យ៉ាងណាមិញ លោក ក៏បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ក្នុងស្មារតី និងមនសិកាស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់កងកម្លាំងនគរបាលជាតិទូទាំងប្រទេស ដែលកន្លងមក បានចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់ បទដ្ឋានគតិយុត្ត គោលការណ៍ បទបញ្ជា និងវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


