Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន​និង​កូរ៉េខាង​ត្បូង​ ចាប់​ផ្តើម​ធ្វើ​សម​យុទ្ធ​យោធាជើងទឹក​រួម​គ្នា​ជា​ថ្មី​​​ ក្រោយ​អាក់ខាន​ជិត ៩ឆ្នាំ​

បានផុស

នៅ

ស្រប​ពេល​ពិភពលោក​កំពុង​មាន​ភាព​តាន​តឹង​ផ្នែក​ភូមិសាស្រ្ត​នយោ​បាយ ​និង​ជម្លោះ​ប្រដាប់អាវុធ​​ ប្រទេស​មហាអំណាច​ដុត​ដៃ​ដុត​ជើង ប្រឹង​​ដុះ​ខាត់​​អាវុធ​ទំនើប មាន​ទាំង​អាវុធ​នុយ​ក្លេអ៊ែរ​ជា​ដើម​ ដើម្បី​លក់​ ការពារ​ និង​វាយ​ប្រហារ​ជា​ដើម​ ទៅ​តាម​ប្រទេស​ទាំង​នោះ​ចង់ធ្វើ​​ ហើយ​មាន​ប្រទេស​ខ្លះ​ចាប់​ផ្តើម​សហការ​ផ្នែក​ការពារ​ជាតិ​ឡើងវិញ​ផង​ដែរ​។

កង​កម្លាំង​ស្វ័យ​ការពារដែនសមុទ្ររបស់​​​ទី​ក្រុង​សេអ៊ូល​និង​ទី​ក្រុង​តូក្យូ​ ប្រកាស​កាល​ពី​ថ្ងៃចន្ទថា កងទ័ពជើង​ទឹកជប៉ុន និងកូរ៉េខាងត្បូង ​បាន​ធ្វើសមយុទ្ធរួមគ្នា​លើកដំបូង​ក្នុងរយៈពេល​ជិត ៩ឆ្នាំ ជាចលនា​មួយ​ដែល​រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន​​ លោក Shinjiro Koizumi ថា​ ជា​សញ្ញានៃជំពូកថ្មី ក្នុង​កិច្ចសហប្រតិបត្តិការការពារជាតិ​ទ្វេភាគី។

យោង​តាម​សារព័ត៌មាន The Japan Times ផ្សាយ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៦ សមយុទ្ធ​ស្វែងរក និងជួយសង្គ្រោះ ធ្វើឡើង​ក្នុងដែនទឹក​ភាគខាងលិច​នៃកោះ Goto ជប៉ុន​ កាលពីថ្ងៃ​អាទិត្យ។ ក្នុង​សម​យុទ្ធ​នោះ ឃើញ​កងកម្លាំងស្វ័យ​ការពារដែនសមុទ្រ(MSDF) បញ្ជូននាវា​ពិឃាត Kongo និង​ឧទ្ធម្ភាគចក្រ SH-60K សម្រាប់​សមយុទ្ធជាមួយនាវា​ចុះចត Cheon Ja Bong របស់​កងទ័ពជើងទឹកកូរ៉េខាងត្បូង​។

​រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន​​ លោក Shinjiro Koizumi . រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធនេះ​ ជា​សម​យុទ្ធ​លើកដំបូង​ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៧ ត្រូវបាន​អ្នក​ជំនាញ​មើលឃើញ​ថាជាសញ្ញាសំខាន់​មួយនៃចំណង​មិត្តភាព​ដ៏កក់ក្តៅ​រវាងយោធារបស់ប្រទេស​ជិតខាង។ ​សមយុទ្ធជួយសង្គ្រោះ​ ធ្លាប់​បានចាប់ផ្តើមជាប្រចាំ​ក្នុងឆ្នាំ១៩៩៩ ត្រូវបាន​ផ្អាកដោយសារតែ​ភាពតានតឹងទ្វេ​ភាគី បន្ទាប់ពីឧប្បត្តិហេតុមួយ​ពាក់ព័ន្ធនឹង​នាវាកង​ទ័ព​ជើងទឹកកូរ៉េខាងត្បូង​មួយគ្រឿង បញ្ជារ៉ាដា​ បាញ់​​មកលើ​​យន្តហោះ MSDF របស់​ជប៉ុន ក្នុងឆ្នាំ ២០១៨ ។​

លោក Koizumi សរសេរ​នៅលើ​បណ្តាញ​សង្គម​ X ថា៖ « បន្ទាប់​ពីការ​ផ្អាកជិត ​៩ឆ្នាំ ការហ្វឹកហាត់រួមគ្នា​រវាងកងកម្លាំងជប៉ុន និងកូរ៉េខាងត្បូង​បានចាប់ផ្តើមឡើងវិញ។ នេះគឺជាការចាប់ផ្តើម​នៃជំពូកថ្មី​មួយ​ក្នុង​កិច្ចសហប្រតិបត្តិការការពារជាតិ និងការ​ផ្លាស់​ប្តូររវាង​ប្រទេសយើងទាំងពីរ»។

ទីក្រុង​សេអ៊ូល និងទីក្រុងតូក្យូ ​យល់ព្រមបន្ត​សមយុទ្ធនេះ​ឡើង​វិញ អំឡុង​ការ​ចរចារវាងរដ្ឋមន្ត្រីការពារជាតិ​កាល​ពីខែមករា ដោយប្រកាស​ពីកាលវិភាគសម្រាប់សមយុទ្ធ អំឡុង​ពេលកិច្ចប្រជុំមួយ​ផ្សេង​ទៀត នៅ​ក្រៅ​សន្និសីទ​សន្តិសុខក្នុង​តំបន់។

គួរ​បញ្ជាក់​ថា​ ការ​បន្តសមយុទ្ធឡើងវិញ​ គឺជាសញ្ញាចុងក្រោយ​បំផុតនៃ​ចំណងមិត្តភាព​ដ៏ប្រសើរឡើងរបស់ទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម