Connect with us

ព័ត៌មានជាតិ

វៀតណាមគាំទ្រគំនិតរបស់រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជាបង្កើតក្រុមប្រចាំការផ្លាស់ប្ដូរព័ត៌មាន និងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើស រួមទាំង Online Scam

បានផុស

នៅ

គំនិតផ្ដួចផ្ដើមរបស់ ឧបនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ស សុខា  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ដីពីការបង្កើតយន្តការឱ្យមានមន្ត្រីកម្ពុជា ឡាវ និងវៀតណាម ប្រចាំការ ផ្លាស់ប្ដូរព័ត៌មាន និងសម្របសម្រួលនីតិវិធីផ្សេងៗ ពាក់ព័ន្ធការបង្ក្រាបបទល្មើស រួមទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្របសម្រួលនីតិវិធីអន្តោប្រវេសន៍ ត្រូវបាន ឧត្តមសេនីយ៍ឯក លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ផ្ដល់ការគាំទ្រប្រកបដោយទំនុកចិត្តខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គំនិតផ្ដួចផ្ដើម និងការបញ្ជាក់គាំទ្រនេះ បានធ្វើឡើងក្នុងឱកាស ដែល ឧត្តមសេនីយ៍ឯក លឿង តាមខ្វាង ដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារ ជាមួយឧបនាយករដ្ឋមន្ត្រី ស សុខា នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ច ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ កម្ពុជា-ឡាវ-វៀតណាម ដែលក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី៣០ ខែមិថុនានេះ។

បើតាមឧបនាយករដ្ឋមន្ត្រី ស សុខា យន្តការមន្ត្រីប្រចាំការត្រីភាគីនេះ មានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មានដល់គ្នាទៅវិញទៅមក ឱ្យបានលឿនរហ័ស និងប្រកបដោយប្រសិទ្ធភាព ឆ្លើយតបបានទាន់ពេលវេលា ទៅនឹងសភាពការណ៍នៃការប្រឈមបទល្មើសជាអាទិ៍ ការផ្លាស់ប្ដូរទិន្នន័យជនបរទេសធ្លាប់ប្រព្រឹត្ត ឬពាក់ព័ន្ធនឹងបទល្មើសដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅហាមចូលប្រទេសនីមួយៗ និងការសម្របសម្រួលនីតិវិធីអន្តោប្រវេសន៍ ដើម្បីបញ្ជូនពលរដ្ឋឱ្យគ្នាទៅវិញទៅមក ក្រោយការរកឃើញពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសផ្សេងៗជាដើម។

ស្របគ្នានឹងការផ្លាស់ប្ដូរយោបល់ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវដែរ  ឧបនាយករដ្ឋមន្ត្រី ស សុខា និង រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានឯកភាពគ្នាបង្កលក្ខណៈ ឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ ឆ្លៀតពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាបន្ថែមទៀត ក្នុងឱកាសក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២នេះ ដោយមានជំនឿយ៉ាងមុតមាំថា យន្តការនេះនឹងលេចចេញជារូបរាង ហើយចាប់ផ្ដើមធ្វើការជាមួយគ្នាក្នុងស្មារតីសហប្រតិបត្តិការប្រកបដោយមិត្តភាព សំដៅរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស។

ក្រៅពីនេះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា អំពីបទពិសោធ និងលទ្ធផល នៃការអនុវត្តយន្តការសហប្រតិបត្តិការប្រចាំឆ្នាំ ដោយបានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ អនុវត្តឱ្យបានសម្រេចជោគជ័យ តាមស្មារតីនៃជំនួបពិភាក្សា និងការឯកភាពគ្នា របស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម