ព័ត៌មានជាតិ
ថ្ងៃទី២១ សីហានេះ ផ្សារដងទង់ នៅខេត្តកោះកុង បើកដំណើរការវិញហើយ
(កោះកុង)៖ លោកស្រីអភិបាលខេត្តកោះកុង បានសម្រេចឲ្យបើកទ្វារផ្សារដងទង់ ក្នុងក្រុងខេមរភូមិន្ទ ដើម្បីប្រកបអាជីវកម្មឡើងវិញ ហើយនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ ខណៈក្រុមអាជីវករមួយចំនួន បានធ្វើតេស្តលើកទី៣រួចរាល់ និងកំពុងបន្តធ្វើតេស្តរហ័ស។
តាមរយៈ ការផ្តល់ព័ត៌មានផ្ទាល់មាត់ពីលោក ទូ សាវុធ អភិបាលរងខេត្តកោះកុង គូសបញ្ជាក់ថា លោកស្រី មិថុនា ភូថង អភិបាលខេត្ត កាលពីល្ងាចថ្ងៃទី២០ ខែសីហា ពិតជាបានចេញលិខិតសម្រេច អនុញ្ញាតឲ្យបើកដំណើរការផ្សារដងទង់ឡើងវិញប្រាកដមែន ក្រោយផ្អាកជាបណ្តោះអាសន្ន ជិត២ខែមកនេះ ព្រោះតែរីករាល ដាលជំងឺកូវីដ-១៩។
លោក ទូ សាវុធ បានអះអាងទៀតព្រឹកថ្ងៃទី២១ ខែសីហានេះថា ការបើកទ្វារផ្សារដងទង់ ដំណើរការនេះ រដ្ឋបាលខេត្ត ក៏តម្រូវឲ្យអនុវត្តវិធានការ សុខាភិបាលទប់ស្កាត់ជំងឺផងដែរ ដោយផ្តោតការយកចិត្តទុកដាក់បំផុត ចំពោះការពាក់ម៉ាស់ លាងដៃនឹងអាល់កុល រក្សាគម្លាតសង្គម ករណីជនណាមិនអនុវត្តត្រូវបាន វិធានការរដ្ឋបាលផាកពិន័យ ជាអន្តរការណ៍គ្មានការលើកលែង។
បើតាមលោក ទូ សាវុធ អភិបាលរងខេត្តកោះកុង មុននឹងសម្រេចឲ្យបើកទ្វារផ្សារដងទង់ អាជ្ញាធរមន្រ្តីជំនាញកោះហៅអាជីវករ ដែលមានតូបលក់ដូ រក្នុងផ្សារមកធ្វើតេស្តរហ័សលើកទី៣ ទើបអនុញ្ញាតឲ្យចូលសម្អាតតូបលក់ដូរអាជីវកម្ម។ ជាលទ្ធផល គឺអវិជ្ជមានទាំងអស់ ជាក់ស្តែងនៅព្រឹកនេះ អ្នកដែលខកខានមកធ្វើតេស្ត កាលពីម្សិលមិញ ក៏សម្រុកចូលរួម ធ្វើតេស្តជាបន្តបន្ទាប់គ្នា។
ចំណែកលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ថ្លែងដែរថា កន្លងទៅពុំទាន់អាចបើកផ្សារបាន ដោយសារតែរង់ចាំលទ្ធផលតេស្ត អ្នកដែលពាក់ព័ន្ធវីរុស Delta ដូច្នេះពន្យាពេល។ តែក្រោយបានលទ្ធផលតេស្តទាំងនោះរួចរាល់ លោកធ្វើរបាយការណ៍មួយ ជូនលោកស្រីអភិបាលខេត្តកោះកុងពិនិត្យ និងសម្រេច។
លោកប្រធានមន្ទីរសុខាភិបាលខេត្ត និយាយថា ផ្សារដងទង់ ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ ចំនួន២ដងមកហើយដែរ ព្រមទាំងមានការលាងសម្អាតទាំងក្នុង និងក្រៅបរិវេណផ្សារដងទង់ ទើបរដ្ឋបាលខេត្តសម្រេចឲ្យអនុញ្ញាតប្រកបអាជីវកម្មលក់ដូរ នៅផ្សារដងទង់។ រាល់ការចេញចូលរបស់អាជីវករ ចាំបាច់បង្ហាញកាតធ្វើតេស្តលើកទី៣ និងកាតចាក់វ៉ាក់សាំង នៅគ្រប់មុខខ្វោងទ្វារផ្សារ។
កាលពីថ្ងៃអាទិត្យកន្លងទៅ លោក ម៉ាក់ ណុច ប្រធានផ្សារដងទង់ បានដើរខ្សឹបប្រាប់ក្រុមអាជីវករ ឲ្យមកបើក តូបលក់ដូរវិញនៅថ្ងៃច័ន្ទកន្លងទៅ គ្រារដ្ឋបាលខេត្តមិនទាន់ចេញ លិខិតសម្រេចណាមួយឡើយ។ ពេលនោះ អាជ្ញាធរសមត្ថកិច្ច ក៏ចុះណែនាំឲ្យអាជីវករ បិទតូបវិញផងដែរ មិនថាតែក្រៅផ្សារ និងក្នុងផ្សារទេ ក្រោមហេតុ ថាគ្មានការសម្រេចពីថ្នាក់ដឹកនាំ។
កាលនោះដែរលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ ទទួលស្គាល់ពិតជាគ្មានអនុញ្ញាតឲ្យមែន ដូច្នេះប្រធានផ្សារដងទង់ធ្វើនេះ តាមតែចិត្តខ្លួនឯង ស្របពេលស្ថានការណ៍កំពុងបិទខ្ទប់ ដើម្បីទប់ស្កាត់រីករាលដាលជំងឺកូវីដ-១៩៕ (ដោយ)៖ សិរីវឌ្ឍនៈ





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី