នយោបាយ
សម្ដេច ស ខេង លើកឡើងពីតួអង្គចំនួន ៤ ដែលមានតួនាទី ជះឥទ្ធិពលដល់សំឡេងឆ្នោត
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា តួអង្គចំនួន ៤ ដែលមានតួនាទី ជះឥទ្ធិពលដល់សំឡេងឆ្នោត។ ការលើកឡើង របស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងពិធីប្រកាសផ្ទេរភារកិច្ច អភិបាលខេត្តស្ទឹងត្រែងថ្មី នៅព្រឹកថ្ងៃទី៤ ខែតុលានេះ។
ក្នុងឱកាសនោះសម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា តាមកាលបរិច្ឆេទរបស់ គ.ជ.ប គឺការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នឹងត្រូវចាប់ផ្ដើមក្នុងខែតុលានេះហើយ។ ដូច្នេះសម្ដេច បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមសហការជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីឲ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

ជាមួយគ្នានេះ សម្ដេចអនុប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងដែរថា មានតួអង្គចំនួន ៤ មានតួនាទី ដែលអាចជះឥទ្ធិពលដល់សំឡេងឆ្នោត សម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ។ តួអង្គទាំង ៤នោះ រួមមាន៖ មេឃុំ-ចៅសង្កាត់, ស្មៀនឃុំ-សង្កាត់, មេប៉ុស្ដិ៍នគរបាល, និងមេភូមិ។ ត្រង់ចំណុចនេះ សម្ដេចក្រឡាហោម ស ខេង បានស្នើដល់ក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំរាជធានី-ខេត្តគ្រប់លំដាប់ថ្នាក់ ធ្វើយ៉ាងណាលើកទឹកចិត្តឲ្យតួអង្គទាំង ៤ខាងលើនេះ ធ្វើការឲ្យបានល្អជាមួយប្រជាពលរដ្ឋ។
«ការពិតហើយ! មូលហេតុ ដែលនាំឲ្យជោគជ័យ ឬមិនជោគជ័យ វាអាចថា វាមានកត្តាខាងលើដែរ មិនមែនអត់ទេ អាហ្នឹងយើងត្រូវខិតខំប្រឹងប្រែង ពីស្រុក ពីខេត្តអី ពីថ្នាក់កណ្ដាលអីខ្លះ ឧទាហរណ៍អញ្ចឹង ក៏ប៉ុន្តែខ្ញុំគិតថា ការបោះឆ្នោតឃុំ គឺគាត់មើលហ្នឹងហើយ គាត់មើលមេភូមិ ធ្វើការបម្រើឲ្យគាត់បានល្អទេ គាត់ត្រូវការអត្តសញ្ញាណប័ណ្ណ ត្រូវការលិខិតកំណើត ឬមួយសេវាផ្សេងៗ មានការយឺតយ៉ាវទេ ឬមួយក៏ធ្វើឲ្យមានការលំបាក ប៉ុស្ដិ៍នៅក្នុងឃុំហ្នឹង មានចោរលួច ចោរប្លន់ មិនបានគិតគូ មិនបានយកចិត្តទុកដាក់ ឬក៏បញ្ហាផ្សេងៗទៀត គាបសង្កត់ យកលុយ យកកាក់ ពីប្រជាពលរដ្ឋ មេឃុំក៏ដូចគ្នាអញ្ចឹង»។ នេះជាការលើកឡើងបន្ថែម ពីសម្ដេចក្រឡាហោម ស ខេង។
សម្ដេចឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីមតិប្រជាពលរដ្ឋថា ពួកគាត់និយាយថា មិនមានការស្អប់ថ្នាក់ដឹកនាំកំពូលៗ នោះទេ តែបើបោះឆ្នោតឲ្យអ្នកនៅថ្នាក់ក្រោមជាប់ នឹងនៅតែបន្តធ្វើបាបពួកគាត់ដដែល។ ដូច្នេះសម្ដេចក្រឡាហោម ស្នើឲ្យមានការប្រុងប្រយ័ត្ន ហើយស្នើឲ្យលើកទឹកចិត្តតួអង្គទាំង ៤ខាងលើ ឲ្យមានកម្លាំង មានទឹកចិត្ត ដើម្បីធ្វើល្អជាមួយប្រជាពលរដ្ឋ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


