កីឡា
អតីតកីឡាករធ្លាប់ជួយ U-19 កម្ពុជា បង្កើតប្រវត្តិសាស្ត្រនៅទ្វីបអាស៊ី បង្ហើបថាខ្លួនមិនសូវមានសង្ឃឹមជាប់ស៊ីហ្គេម ទៅវៀតណាម
កីឡាករ វុធ តុលា ដែលជាសមាជិករបស់ក្លិបវិសាខា និងធ្លាប់ជួយ U-19 កម្ពុជា បង្កើតប្រវត្តិសាស្ត្រនៅពានទ្វីបអាស៊ីអាយុក្រោម១៩ឆ្នាំ បានបង្ហើបឲ្យដឹងថា ខ្លួនពុំសូវមានសង្ឃឹមឡើយថានឹងបានជាប់ឈ្មោះទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម។
ការលើកឡើងបែបនេះបន្ទាប់កីឡាករវ័យ២០ឆ្នាំរូបនេះ មានឱកាសលេងតិចតួចបំផុតជាមួយក្លិបវិសាខា នៃក្រខណ្ឌលីគកំពូលកម្ពុជា គ្រាដែលរូបគេយល់ថាការមានឱកាសជាប់គឺទាល់តែបានបង្ហាញញឹកញាប់ជាមួយក្លិប ខណៈគិតមកទល់ពេលនេះគេទើបតែបង្ហាញខ្លួនបាន ៣ប្រកួតប៉ុណ្ណោះ។

វុធ តុលា បានប្រាប់ “កម្ពុជាថ្មី” ថា៖ «ខ្ញុំមានអារម្មណ៍ដឹងថាមានផលប៉ះពាល់ ព្រោះ ៤ទៅ៥ប្រកួតហើយដែលខ្ញុំអត់បានបង្ហាញខ្លួននៅលើទីលាន អ៊ីចឹងស៊ីហ្គេមនិយាយទៅអត់មានឱកាសតែម្ដង។ ខ្ញុំគិតថាស៊ីហ្គេមខែក្រោយខ្ញុំអត់រំពឹងទេ។»
អតីតកីឡាកររបស់ក្លិបបាល់ទាត់ខេត្តព្រៃវែង ដដែលរូបនេះបានឱ្យដឹងទៀតថា តំណែងរបស់ខ្លួនហាក់ពិបាកប្រជែងដោយសារក្លិបមានកីឡាករបរទេស និងម៉្យាងទៀតកីឡាករខ្មែរខ្លះក៏មានបទពិសោធច្រើនជាងខ្លួន។
ក្រុម U23 កម្ពុជា មានភារកិច្ចធំៗ ២នៅឆ្នាំនេះ ពោលគឺព្រឹត្តិការណ៍ស៊ីហ្គេម (SEA Games) នៅវៀតណាម ខែឧសភា ខាងមុខនេះ បន្ទាប់មកគឺព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) នៅប្រទេសចិន នាខែកញ្ញា ជាមួយគ្នានេះ វុធ តុលា ក៏បានដាក់ចិត្តខិតខំបន្តដើម្បីអាចជាប់ទៅលេង Asian Games និងជាពិសេសស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

«សម្រាប់ខ្ញុំបើស៊ីហ្គេមខែក្រោយអត់ជាប់ ខែកញ្ញា ក៏ដូចជាស៊ីហ្គេម២០២៣ ខ្ញុំដាក់ក្ដីសង្ឃឹមថ្មីវិញ ដោយយើងប្រឹងប្រែងហ្វឹកហាត់ឱ្យល្អដើម្បីគ្រូដាក់ចូលលេង ទុកចិត្តយើង និយាយទៅកីឡាករណាមួយឱ្យតែបង្ហាញទម្រង់ល្អ បានលេងនៅលើទីលានរហូតគឺមានឱកាសជាប់។» វុធ តុលា បានបន្ថែមប្រាប់មកកាន់ “កម្ពុជាថ្មី”។
គួររំឮកដែរថា វុធ តុលា គឺជាកីឡាករដែលធ្លាប់រួមចំណែកជួយជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ (ទាត់ចូល១គ្រាប់) បានឡើងទៅប្រកួតនៅជុំផ្ដាច់ព្រ័ត្រ ពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ី អាយុក្រោម ១៩ឆ្នាំ (AFC U-19 Championship) កាលពីឆ្នាំ២០២០ នៅប្រទេសអ៊ូសបេគីស្ថាន ក្រោយជម្រុះដោយជោគជ័យនៅលើទឹកដកម្ពុជាកាលពីឆ្នាំ២០១៩ ប៉ុន្តែក្រោយមកពាននេះត្រូវបានលុបចោលដោយសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី ដោយសារវិបត្តិកូវីដ-១៩ នៅពេលនោះ។

ធ្លាប់ហ្វឹកហាត់ជាមួយក្រុមយុវជនក្របខណ្ឌសាលាមួយនៅថៃ មុនមកចូលរួមជាមួយក្រុមយុវជនវិសាខា នៅចុងឆ្នាំ២០១៩ ហើយជួយក្រុមយុវជននេះឈ្នះជើងឯកជាច្រើន បន្ទាប់មករូបគេវិវត្តន៍ខ្លួនចូលរួមជាមួយក្រុមជម្រើសខេត្តព្រៃវែង (បច្ចុប្បន្នសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង) ដែលជួយឲ្យព្រៃវែង ឈ្នះជើងឯកពានសម្ដេចតេជោថ្នាក់ខេត្ត និងដណ្ដើមបានលេខ៣ ពានសម្ដេចតេជោថ្នាក់ជាតិ ថែមទៀត និងរូបគេផ្ទាល់ឈ្នះស្បែកជើងមាសពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ បន្ទាប់ពីរកបាន ៦គ្រាប់៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


