កីឡា
កែវ សុខផេង ប្រាប់ថា នៅមិនសុខចង់ចូលទីលានអាជីពវិញ
អតីតកីឡាករបាល់ទាត់ដ៏ឆ្នើម កែវ សុខផេង ចង់វិលចូលទីលានបាល់ទាត់អាជីពវិញ បន្ទាប់ពីរូបគេបានប្រកាសចូលនិវត្តន៍កាលពីខែមេសា ឆ្នាំ២០២៣ ដោយសាររបួសរ៉ាំរៃបង្ខំចិត្តឲ្យរូបគេព្យួរស្បែកជើងទាំងវ័យក្មេង។

ជួបជាមួយសារព័ត៌មាន«កម្ពុជាថ្មី»យប់ថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់សប្បុរសធម៌ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា កែវ សុខផេង បានប្រាប់ថា បន្ទាប់ពីចូលនិវត្តន៍ពេលឃើញកីឡាករដទៃលេងនៅលើទីលានទាំង ក្លិប និងជម្រើសជាតិ រូបគេបានពិតជាចង់ចូលលេងមែនទែន។ រូបគេមានអារម្មណ៍មិនសុខស្រួលសោះគឺចិត្តចង់ចូលលេងតែម្តង។
កីឡាករបាននិយាយថា ៖«ពីមុនខ្ញុំលេងទាំងក្លិប និងជម្រើសជាតិ។ ឥឡូវនេះពេលឃើញគេលេង ខ្ញុំមានអារម្មណ៍ដូចជារមាស់ដៃ រមាស់ជើង ចង់ចូលលេងដែរ តែដោយសារបញ្ហាសុខភាព។ ណាមួយខ្ញុំឈឺច្រើនផង អីចឹងអត់អាចលេងអាជីពបានទេ»។

នៅពេលសួរថា តើអាចនឹងវិលចូលទីលានបាល់ទាត់អាជីពវិញទេ ដោយសារវ័យក្មេង? កែវ សុខផេង បានឆ្លើយថា ៖«ខ្ញុំអត់ទាន់ច្បាស់ទេ ហើយក៏មិនទាន់ហ៊ាននិយាយចូលនិវត្តន៍១០០%ដែរ។ បើខ្ញុំប្រាប់ថា ខ្ញុំនឹងលេងវិញ តែសុខភាពខ្ញុំនៅតែមិនល្អគឺនៅតែមិនអាចលេងបាន។ ប៉ុន្តែបើពេលណាមួយសុខភាពខ្ញុំល្អប្រសើរ ហើយចូលលេងវិញ នោះគឺខុសនឹងសំដីខ្លួនឯងថា ចូលនិវត្តន៍១០០%»។
សម្រាប់ការបង្ហាញខ្លួននៅលើទីលានជាថ្មីក្នុងការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា កែវ សុខផេង លេងឲ្យក្រុមបាល់ទាត់ សសយក ដែលសុទ្ធតែថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ រួមជាមួយនឹងមិត្តរួមអាជីពចាស់ដូចជា ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម។

កែវ សុខផេង បានលើកឡើងថា កម្មវិធីសប្បុរសធម៌នេះរៀបចំបានល្អ។ រូបគេពិតជារំភើបរីករាយដែលថ្នាក់ដឹកនាំផ្តួចផ្តើមឲ្យមានកម្មវិធីនេះមានមនុស្សច្រើនចូលរួម។ រូបគេមានមោទនភាពដែលបានជាចំណែកតូចមួយចូលរួមសកម្មភាពដើម្បីកុមារកម្ពុជា។
កែវ សុខផេង ត្រូវបានចាត់ទុកជាកីឡាករបាល់ទាត់កម្ពុជាម្នាក់ទទួលបានជោគជ័យទាំងក្នុងជម្រើសជាតិ និងក្លិប ចាប់តាំងពីរូបគេបានលេងបាល់ទាត់អាជីពនៅឆ្នាំ២០១២។ ពីឆ្នាំ២០១២ ដល់ ២០១៥ រូបគេបង្ហាញខ្លួនបាន៣៧ដងនៅលើទីលាន និងរកបាន២១គ្រាប់ឲ្យបឹងកេត។ ពីឆ្នាំ២០១៥-២០១៧ រូបគេលេងឲ្យភ្នំពេញក្រោនដោយបង្ហាញខ្លួនលើទីលាន៥១ដង រកបាន២៧គ្រាប់។

នៅឆ្នាំ២០១៨ កែវ សុខផេង បានលេងនៅក្លិបលីគកំពូលម៉ាឡេស៊ី PKNP ហើយលេងបានតែ៤ដងប៉ុណ្ណោះ ប៉ុន្តែរកបាន១គ្រាប់ដែលបានក្លាយជាកីឡាករកម្ពុជាទី១រកបានគ្រាប់បាល់ក្នុងលីគកំពូលម៉ាឡេស៊ី។ ឆ្នាំ២០១៨ រូបគេបានចូលរួមជាមួយវិសាខាដោយបង្ហាញខ្លួនលើទីលាន៩៤ដង រកបាន៥១គ្រាប់។
កែវ សុខផេង ត្រូវបានកោះហៅចូលតំណាងជាតិលើឆាកអន្តរជាតិតាំងពីឆ្នាំ២០១៥ទាំងក្រុមធំ និងក្រុមយុវជន។ ការបង្ហាញខ្លួនឲ្យក្រុមយុវជនអាយុក្រោម២៣ និងក្រុមធំ៦២លើក រកបាន១៥គ្រាប់ក្នុងព្រឹត្តិការណ៍សំខាន់ជាច្រើនដូចជា ជម្រុះជើងឯកពិភពលោក ជម្រុះជើងឯកអាស៊ី ជើងឯកអាស៊ាន កីឡាស៊ីហ្គេម និងមិត្តភាពអន្តរជាតិជាដើម។
ចាប់តាំងពីចុងឆ្នាំ២០២២ កែវ សុខផេង បានរបួសញឹកញាប់ និងមិនសូវបានចូលលេងទេ។ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ រូបគេបានប្រកាសជាផ្លូវការពីការចូលនិវត្តន៍ក្នុងវ័យ៣១ឆ្នាំ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


