នយោបាយ
អ្នកនាំពាក្យ ៖ ទ្វារគណបក្សហ៊្វុនស៊ិនប៉ិច បើកចំហស្វាគមន៍លោក ញឹក ប៊ុនឆៃ និងគណបក្សផ្សេងទៀត
មន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច បានបង្ហើបថា ទ្វាររបស់គណបក្សរាជានិយមមួយនេះ នូវតែបើកចំហស្វាគមន៍គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ មករួបរួមគ្នាឡើងវិញជានិច្ច ហើយគណបក្សនយោបាយផ្សេងទៀត ក៏គណបក្សហ៊្វុនស៊ិនប៉ិចស្វាគមន៍ដែរ។ ការបង្ហើបនេះ គ្រាដែលមានគណបក្សនយោបាយមួយចំនួន បានបង្ហាញអំពីបំណងក្នុងរួបរួមគ្នា ឬចងសម្ព័ន្ធភាពជាមួយគ្នា ដើម្បីត្រៀមចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដនាឆ្នាំ ២០២៣ខាងមុខ។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២១ ខែមិថុនានេះថា គណបក្សរបស់លោក តែងតែប្រកាន់យកនូវគោលនយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ សន្តិសហប្រតិបត្តិការជាមួយគណបក្ស ដែលមានគោលនយោបាយរាជានិយម បំរើប្រជារាស្ត្រ និងយកឧត្តមប្រយោជន៍ជាតិជាធំ។ លោកថា គណបក្សហ៊្វុនស៊ិនប៉ិច យល់ឃើញថា សមាជិកគាំទ្រ និងថ្នាក់ដឹកនាំគណបក្សទាំងនោះ សុទ្ធតែជាអ្នកស្រលាញ់ជាតិ និងខ្លះទៀតជាអតីតអ្នកគាំទ្រ ធ្លាប់បានបោះឆ្នោតជូនគណបក្សហ៊្វុនស៊ិនប៉ិចកន្លងមក។

អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចរូបនេះ បានបញ្ជាក់ទៀតថា «យើងខ្ញុំសូមស្វាគមន៍ ប្រសិនពួកគាត់ មករួបរួមជាមួយគណបក្សយើង ដើម្បីឲ្យគណបក្សហ៊្វុនស៊ិនប៉ិចកាន់តែខ្លាំងក្លា ចូលរួមដោះស្រាយបញ្ហាជាតិ និងអភិវឌ្ឃន៍ជាតិរីកចម្រើន ។ ទ្វារហ៊្វុនស៊ិនប៉ិច បើកចំហស្វាគមន៍ គ្រប់គណបក្សនយោបាយ និងឯកឧត្តម ញឹក ប៊ុនឆៃ គណបក្សខ្មែររួបរួមជាតិជានិច្ច! សំខាន់ យើងយកជោគជ័យ រួមគ្នា សាមគ្គីគ្នា ដើម្បីខ្មែរទទួលបានសុខសន្តិភាព ស្ថេរនយោបាយ និងការអភិវឌ្ឍ»។
ពាក់ព័ន្ធនឹងការរួបរួមគ្នា ឬការចងសម្ព័ន្ធភាព របស់គណបក្សនយោបាយមួយចំនួននេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គឺជាសិទ្ធិនយោបាយរបស់ពួកគេ ហើយគណបក្សប្រជាជនកម្ពុជា ក៏គ្មានអ្វីគួរឲ្យព្រួយបារម្ភនោះដែរ។ លោកថា «ការរួបរួម ក៏ដូចជាការចងសម្ព័ន្ធភាព រវាងគណបក្សនយោបាយ និងគណបក្សនយោបាយ គឺជាសិទ្ធិនយោបាយរបស់ពួកគាត់ អត់មានបញ្ហាអីខុសច្បាប់ ឬច្បាប់ហាមឃាត់ទេ ក៏ប៉ុន្តែចំពោះជំហររបស់គណបក្សប្រជាជន គាំទ្រសិទ្ធិនយោបាយ របស់គណបក្សនយោបាយនានា ទីពីរ គឺគណបក្សប្រជាជនកម្ពុជា មិនមានការភ័យខ្លាចអីពីរឿងការចងសម្ព័ន្ធភាព ឬមួយក៏ការបញ្ចូលគ្នារវាងគណបក្សផ្សេងៗ ដែលធ្លាប់ចាញ់ឆ្នោតនោះទេ»។

គួររំលឹកថា កាលពីអំឡុងឆ្នាំ ២០២១កន្លងទៅនេះ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ធ្លាប់បានបង្ហាញបំណងរួបរួមគ្នាជាច្រើនលើកច្រើនសារ។ ប៉ុន្តែការរួបរួមនោះ មិនបានសម្រេចដោយសារមិនឯកភាពគ្នា លើចំណុចមួយចំនួន៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


