ព័ត៌មានជាតិ
ម៉ាស៊ីនបូមទឹកចល័តសម្រាប់ពន្លត់អគ្គិភ័យ ២ គ្រឿង អាជ្ញាធរយកទៅដាក់ប្រចាំនៅតំបន់ផ្សារចាស់ និងផាប់ស្ទ្រិត ដើម្បីបង្ការគ្រោះអគ្គិភ័យ
រដ្ឋបាលខេត្តសៀមរាប សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត រដ្ឋបាលក្រុង និងក្រុមការងារសាកលវិទ្យាល័យ Weseda នៃប្រទេសជប៉ុន បានធ្វើការហ្វឹកហាត់ប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តសម្រាប់មុខងារពន្លត់អគ្គិភ័យ ដែលមានទីតាំងនៅបរិវេណតំបន់ផាប់ស្ទ្រីត និងផ្សារចាស់ ស្ថិតក្នុងភូមិមណ្ឌល ១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងនោះ គោលបំណងហ្វឹកហាត់ដល់ជនបង្គោល ជាមន្ត្រី នៃស្ថាប័នពាក់ព័ន្ធ និងអាជីវករ ពលរដ្ឋក្នុងតំបន់ផាប់ស្ទ្រិត និងផ្សារចាស់ ដើម្បីមានសមត្ថភាពអាចចូលរួមជួយពន្លត់អគ្គិភ័យករណីកើតឡើងជាយថាហេតុ។

លោក កុសល មករាពិសិទ្ធ នាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលខេត្តសៀមរាប បានប្រាប់កម្ពុជាថ្មីថា តាមរយៈគម្រោងការពារអគ្គិភ័យនៅតំបន់ផ្សារចាស់ និងផាប់ស្ទ្រិត ក្រុងសៀមរាប សាកលវិទ្យាល័យ Weseda នៃប្រទេសជប៉ុន បានផ្ដល់ម៉ាស៊ីនបូមទឹកចល័តសម្រាប់មុខងារពន្លត់អគ្គិភ័យចំនួន ២ គ្រឿង ដាក់ប្រចាំនៅតំបន់នេះ។

លោកបន្តថា តំបន់ផ្សារចាស់ និងផាប់ស្ទ្រិត គឺជាតំបន់ប្រមូលផ្ដុំភ្ញៀវទេសចរនៅពេលយប់ដ៏សំខាន់របស់ខេត្តសៀមរាប ជាពិសេសពេលមានកម្មវិធីបុណ្យជាតិធំៗ ដូចជានៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខនេះ ភ្ញៀវទេសចរ នឹងសម្រុកមកកម្សាន្តនៅទីនេះច្រើន ដូចនេះការបង្កាអគ្គិភ័យជាកត្តាមួយដ៏សំខាន់ផងដែរ។

លោកឧត្ដមសេនីយ៍ត្រី ឌុត ខុន ស្នងការរងនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ម៉ាស៊ីនបូមទឹកចល័តសម្រាប់មុខងារពន្លត់អគ្គិភ័យនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ចូលរួមបង្ការអគ្គិភ័យនៅក្នុងតំបន់នេះ។ លោកថា ម៉ាស៊ីនបូមទឹកចល័តនេះ យើងដាក់នៅពីរគោលដៅ គឺនៅផ្នែកខាងកើត ផ្សារចាស់ និងផាប់ស្ទ្រិត ចំនួន ០១ គ្រឿង និងនៅខាងលិច ០១ គ្រឿង ដោយម៉ាស៊ីនមួយមានទុយោទឹក ៣០០ ម៉ែត្រ និងបូមទឹកចេញពីស្ទឹងសៀមរាបផ្ទាល់ ហើយអ្នកប្រើប្រាស់ម៉ាស៊ីននេះ គឺជាសន្តិសុខ និងអាជីវករនៅទីនេះផ្ទាល់តែម្ដង ដោយពួកគាត់ត្រូវបែងចែកជាក្រុមៗ សម្រាប់ប្រតិបត្តិការករណីមានអគ្គិភ័យកើតឡើងជាយថាហេតុ។

លោកបន្តថា ពួកគាត់អាចប្រតិបត្តិការពន្លត់អគ្គិភ័យបានមុនពេលរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលមកដល់ ដូចនេះ ដើម្បីឲ្យសន្តិសុខ និងជាអាជីវករនៅតំបន់នេះចេះប្រើប្រាស់ម៉ាស៊ីន និងចេះបាញ់ទឹកឲ្យបានត្រឹមត្រូវតាមបច្ចេកទេស រដ្ឋបាលខេត្តសៀមរាប សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត រដ្ឋបាលក្រុង និងក្រុមការងារសាកលវិទ្យាល័យ Weseda នៃប្រទេសជប៉ុន បានធ្វើការហ្វឹកហាត់ជាក់ស្ដែងដល់ពួកគាត់នៅថ្ងៃនេះ។
លោកស្នងការរងបានបញ្ជាក់ថា បើតាមការហាត់សមជាក់ស្ដែងឃើញថា ករណីមានអគ្គិភ័យកើតឡើងជាយថាហេតុក្នុងកម្រិតតូច នៅតំបន់នេះ ម៉ាស៊ីនបូមទឹកចល័តចំនួន ២ គ្រឿននេះ អាចមានសមត្ថភាពគ្រប់គ្រងស្ថានការណ៍បាន៕
អត្ថបទ ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


