ព័ត៌មានជាតិ
អភិបាលរាជធានី ជំរុញអធិការដ្ឋាន ស្នងការដ្ឋាន ធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឱ្យបានលឿន
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអធិការដ្ឋាន ស្នងការដ្ឋានរាជធានីភ្នំពេញជំរុញការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឱ្យបានលឿន ខណៈការបោះឆ្នោតខិតជិតមកដល់។

ការជំរុញបែបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍ជំរុញឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចេញឈ្មោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព បញ្ជូនទៅអធិការខណ្ឌ និងអភិបាលខណ្ឌទាំង១៤ ដើម្បីសាវជ្រាវធ្វើអត្តសញ្ញាណប័ណ្ណទាំងនោះជូនពួកគាត់ឡើងវិញ។ ចំពោះការធ្វើអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាពនេះ បើធ្វើមិនទាន់មុនពេលបោះឆ្នោតទេ លោកបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ណែនាំទៅសង្កាត់ ដើម្បីធ្វើលិខិតបញ្ជាក់ អត្តសញ្ញាណសម្រាប់ការបោះឆ្នោតជូនពួកគាត់ មានន័យថា នៅពេលអត្តសញ្ញាណប័ណ្ណធ្វើមិនបានរួចរាល់ តែពួកគាត់នៅតែអាចបោះឆ្នោតបាន។

បន្ថែមពីនេះ លោក ឃួង ស្រេង ក៏បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើលិខិត ដើម្បីរំលឹកដល់ប្រជាពលរដ្ឋដែលមានកូនអាយុ ១៥ឆ្នាំហើយ ត្រូវនាំកូនទៅធ្វើអត្តសញ្ញាណប័ណ្ណ កុំចាំពេលដែលត្រូវការទើបសម្រុកទៅធ្វើអត្តសញ្ញាណប័ណ្ណនោះ។

លោក ឃួង ស្រេង ក៏បានធ្វើការណែនាំ អាជ្ញាធរខណ្ឌទាំង១៤ ជួយជម្រុញប្រជាពលរដ្ឋឱ្យភ្ជាប់ប្រព័ន្ធតេឡេក្រាម ជាមួយសម្ដេចតេជោ ហ៊ុន សែន និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបានទទួលព័ត៌មានជាក់លាក់ចៀសវាងការជឿញុះញង់ពីពួកអគតិមួយចំនួន។

បើតាមស្នងការរងរាជធានីភ្នំពេញ បានឱ្យដឹងថា គិតពីឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០២៣នេះ ស្នងការបានផ្ដល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ចំនួនជាង ១លាន ៦ម៉ឺនសន្លឹក។ តាមទិន្នន័យដែលអាចព្យាករណ៍បាន នៅឆ្នាំ២០២៤ អត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋនៅភ្នំពេញ ដែលអស់សុពលភាពមានចំនួន ១៣២ ១០៣ សន្លឹក, នៅឆ្នាំ២០២៥ អត្តសញ្ញាណប័ណ្ណអស់សុពលភាព ចំនួន ៣៤៩ ២១៨ សន្លឹក, នៅឆ្នាំ២០២៦ អត្តសញ្ញាណប័ណ្ណអស់សុពលភាព ចំនួន ២៧៦ ៧៦២ សន្លឹក និងនៅឆ្នាំ២០២៧ អត្តសញ្ញាណប័ណ្ណអស់សុពលភាព ចំនួន ២៧ ៤៣៦ សន្លឹក៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


