Connect with us

ព័ត៌មានជាតិ

ស្ថានីយប្រេងនៅរាជធានីភ្នំពេញ មានជាង ៤០០ កន្លែង ផ្អាកអាជីវកម្មជិត ៥០ កន្លែង ខណៈសង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល រួមជាមួយអាមេរិក

បានផុស

នៅ

ស្ថានីយ​ប្រេង​នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន​ជាង ៤០០ កន្លែង ហើយ ខណៈ​តម្លៃ​ប្រេង​បាន​ឡើងថ្លៃ ដោយសារ​​សង្គ្រាម​រវាង​អ៊ីរ៉ង់ និង​អ៊ីស្រាអែល រួម​ជាមួយ​អាមេរិក មាន​ស្ថានីយ​ប្រេង​ប្រមាណ​ជិត ៥០ កន្លែង ត្រូវ​បាន​ផ្អាក​អាជីវកម្ម តែ​មិន​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម​ឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ២២ របស់​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី ៤ កាលពី​ព្រឹក​ថ្ងៃ​ទី ១២ ខែ​មីនា ឆ្នាំ ២០២៦ នេះ ក្រោម​វត្តមាន លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង លោក ហួត ហៃ អភិបាល​រង​តំណាង លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងី ប៊ុនលី ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​រាជធានី​ភ្នំពេញ​មាន​ស្ថានីយ​ប្រេងឥន្ធនៈ​ចំនួន​ជាង ៤៤៧ កន្លែង ហើយ ខណៈ​មាន​សង្គ្រាម​រវាង​អ៊ីរ៉ង់ និង​អ៊ីស្រាអែល រួម​ជាមួយ​អាមេរិក តម្លៃ​ប្រេង​បាន​កើន​តម្លៃ ដែល​ធ្វើ​ឲ្យ​ស្ថានីយ​ប្រេង​ចំនួន​ជិត ៥០ កន្លែង ត្រូវបាន​ផ្អាក​អាជីវកម្ម​ដោយសារ​មាន​បញ្ហា​ពី​ការ​ផ្គត់ផ្គង់​ក្រុមហ៊ុន។ ប៉ុន្តែ​ទោះបី​ជា​យ៉ាងណា​ក្តី វា​មិន​បង្កឲ្យ​មាន​ចលាចល​ក្នុង​សង្គម​ឡើយ។ ស្ថានីយ​ប្រេងឥន្ធនៈ​ធំៗ បើក​អាជីវកម្ម​ធម្មតា មិន​មាន​ដំឡើង​តម្លៃ​ស្រេច​តែ​ចិត្ត​នោះ​ទេ គឺ​បាន​គោរព​តម្លៃ​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​ពាណិជ្ជកម្ម​ទាំងអស់។

លោក ម៉ប់ សារិន បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង ១៤ ចុះ​តាមដាន​សភាពការណ៍​នៅតាម​ស្ថានីយ​ប្រេង​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ជា​ប្រចាំ ដើម្បី​ឲ្យ​ម្ចាស់​ស្ថានីយ​ប្រេង​គោរព​ទៅ​តាម​តម្លៃ​ដែល​ក្រសួង​ពាណិជ្ជកម្ម​បាន​កំណត់។

លោក ហួត ហៃ បញ្ជាក់​ដែរ​ថា ពាក់ព័ន្ធ​នឹង​តម្លៃ​ប្រេងឥន្ធនៈ​នា​ពេលនេះ លោក ឃួង ស្រេង បាន​យក​ចិត្ត​ទុក​ដាក់​ណាស់​ ដោយ​បាន​ណែនាំ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​តាមដាន​ជា​ប្រចាំ ដោយ​កាលពីមុន ១០ ថ្ងៃ បញ្ជាក់​តម្លៃ​ម្ដង តែ​សម្រាប់​ពេលនេះ​ត្រឹម​តែ ៣ ថ្ងៃ ត្រូវ​បញ្ជាក់​តម្លៃ​ម្តង ដើម្បី​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​តម្លៃ​ប្រេង​ឡើង​ថ្លៃ​ហួស​ពី​ការ​កំណត់​តម្លៃ​របស់​ក្រសួង​ពាណិជ្ជកម្ម។

បន្ថែម​ពី​នេះ ការ​បោសសំអាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) គណ:​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ប្រតិបត្តិការ​ជា​ប្រចាំ មិន​ថា​ពេល​ថ្ងៃ ឬ​យប់​ឡើយ សំដៅ​ធ្វើ​យ៉ាងណា​បោសសំអាត​ឲ្យ​អស់​ទៅ​តាម​ផែនការ​របស់ លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ពាក់កណ្ដាល​ខែ​មីនា ឆ្នាំ ២០២៦ ខាងមុខនេះ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម