Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្មជំរុញឱ្យមានការកែច្នៃសហគមន៍ព្រៃឈើចង្ក្រាន្តរយឱ្យក្លាយជាតំបន់ទេសចរណ៍

បានផុស

នៅ

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យសហគមន៍​ព្រៃឈើ​ចង្ក្រាន្តរយ​ធ្វើការកែច្នៃ និងអភិវឌ្ឍតំបន់ការពារធនធានធម្មជាតិមួយនេះ ដោយផ្សារភ្ជាប់វិស័យកសិកម្ម សម្រាប់ទាក់ទាញ​ភ្ញៀវទេសចរឱ្យមកកម្សាន្ត បន្ទាប់ពីតំបន់ប្រាសាទ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសដឹកនាំគណៈប្រតិភូ និងដៃគូវិស័យឯកជន ធ្វើទស្សនកិច្ចនៅសហគមន៍ព្រៃឈើចង្ក្រាន្តរយនៅ​ក្នុង​ស្រុកវ៉ារិន ខេត្តសៀមរាប កាលពីថ្ងៃទី២៦ មិថុនា លោក រដ្ឋមន្រ្តី បានណែនាំដល់ប្រជាសហគមន៍​ត្រូវចេះថែរក្សា​សមិទ្ធផល ដែលទទួលបាន ហើយរួមគ្នាការពារ អភិរក្ស និងទាញប្រយោជន៍ពីធនធានព្រៃឈើរបស់សហគមន៍ ដែលក្រសួងបានប្រគល់ឱ្យតាមរយៈការបង្កើត រៀបចំ និងផ្តល់សេវាដល់ភ្ញៀវទេសចរប្រកបដោយគុណភាព និងភាព​រួសរាយរាក់ទាក់ ដោយមិនសំដៅតែលើភ្ញៀវទេសចរអន្តរជាតិ។   

លោករដ្ឋមន្ត្រីបានបន្តថា« សហគមន៍អាចរៀបចំជាកញ្ចប់សេវាទេសចរណ៍ មានការស្នាក់នៅ ម្ហូបអាហារ បន្លែ ត្រី សាច់ ដែលត្រូវបានដាំដុះ និងចិញ្ចឹមតាមបែបធម្មជាតិដល់ភ្ញៀវទេសចរមកលេងកម្សាន្ត ដែលការងារនេះ នឹងអាចផ្តល់ប្រាក់​ចំណូល​ជាប្រចាំ ឬតាមរដូវកាល បន្ថែមពីលើមុខរបរធ្វើស្រែចម្ការ»។   

លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ដើម្បីឱ្យកិច្ចការនេះទទួលបានជោគជ័យ សហគមន៍ត្រូវមានភាពស្មោះត្រង់នឹងគ្នា មានសាមគ្គីភាពគ្នា និងត្រូវចេះធ្វើការរួមគ្នា ដោយមិនត្រូវធ្វើការកាប់បំផ្លាញព្រៃឈើដើម្បីតែផលប្រយោជន៍ផ្ទាល់​ខ្លួនរយៈពេលខ្លី តែត្រូវចេះរួមគ្នាថែរក្សា និងការពារសម្បត្តិធម្មជាតិ ដែលនៅសេសសល់ សម្រាប់ទុកជាផល​ប្រយោជន៍រួមរយៈពេលយូរអង្វែងទៅមុខ។  

គួរបញ្ជាក់ថា សហគមន៍ព្រៃឈើចង្រ្កាន្តរយ មានទីតាំងស្ថិតនៅភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប មានចម្ងាយប្រមាណ៨០គីឡូម៉ែត្រពីក្រុងសៀមរាប។ នៅឆ្នាំ២០១៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះ​បញ្ជីផ្ទៃដីព្រៃឈើទំហំជាង១ម៉ឺនហិចតា សម្រាប់សហគមន៍១១ភូមិ ក្នុងឃុំចំនួន៥ នៃស្រុកវ៉ារិនធ្វើការការពារ និងអភិរក្សដើម្បីបម្រើដល់វិស័យទេសចរណ៍ ដោយសារព្រៃឈើនៅតំបន់នេះ សម្បូរធនធានធម្មជាតិចម្រុះ មានសត្វ​ស្លាប ទឹកធ្លាក់ ពើងថ្មដុះរៀងដូចចង្រ្កានរាប់រយ កន្លែងគយគន់ទេសភាពព្រៃឈើ និងមានព្រៃឈើតូច​ធំជាច្រើនកន្លែង ជាដើម៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម