Connect with us

ព័ត៌មានជាតិ

សេវាថែទាំសុខភាពម៉ាឡេស៊ី ជំរុញភាពជាដៃគូ និងពង្រីកឱកាសវិស័យទេសចរណ៍ ទៅលើផ្នែកថែទាំសុខភាពនៅកម្ពុជា

បានផុស

នៅ

ក្រុមប្រឹក្សា​ទេសចរណ៍​ថែទាំ​សុខភាព​ម៉ាឡេស៊ី (MHTC) ត្រូវបាន​គេ​ស្គាល់​ថា​ជា សេវា​ថែទាំ​សុខភាព​ម៉ាឡេស៊ី បានដាក់​បង្ហាញ «MHConnect» ដែលជា​វេទិការ​ក្នុងការ​ប្រកាស​កិច្ចសហការ​ជា​យុទ្ធសាស្ត្រ​ជាមួយ​អង្គភាព​សាជីវកម្ម មន្ទីរពេទ្យ ភ្នាក់ងារទេសចរណ៍ និង​អ្នកសម្របសម្រួល​ការ ថែទាំ​សុខភាព​ក្នុងប្រទេស​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិកា​នេះ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៣ ក្រោម​អធិបតីភាព​លោក Datuk Eldeen Husaini Mohd Hashim ជា​ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កិច្ចសហការ​នេះ​មាន​គោលបំណង​ពង្រឹង​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​ម៉ាឡេស៊ី ជា​ជម្រើស​ទីមួយ​សម្រាប់​អ្នកជំងឺ​នៅ​កម្ពុជា ដែល​កំពុង​ស្វែងរក​ការព្យាបាល​នៅក្រៅ​ប្រទេស និង​លើកកម្ពស់​ការផ្តល់សេវា​ថែទាំ​សុខភាព​សម្រាប់​អ្នកទេសចរ​មកពី​ប្រទេស​កម្ពុជា​ដូច្នេះ​ដែរ។

ក្រោយពី​ច្រកព្រំដែន​ត្រូវបាន​បើក ម៉ាឡេស៊ី​បាន​ពង្រីក​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ ដល់​អ្នកដំណើរ​ផ្នែក​សេវា​ថែទាំ​សុខភាព​កម្ពុជា ដែល​ស្វែងរក​ការថែទាំ​សុខភាព​ប្រកបដោយ​គុណភាព​។ ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ ប្រទេស​ម៉ាឡេស៊ី បាន​ស្វាគមន៍​អ្នកធ្វើដំណើរ​ផ្នែក​សេវា​ថែទាំ​សុខភាព​ជាង ១០ លាន​នាក់ មកពី​ប្រទេស​ផ្សេងៗ រួមទាំង​អ្នកជំងឺ​មកពី​កម្ពុជា​ដែល​កំពុង​ស្វែងរក​សេវាកម្ម​ដូចជា ជំងឺមហារីក សម្ភព រោគ​ស្ត្រី សម្រាល​បុត្រ ការពិនិត្យ​ផ្ទៃពោះ ក្រពះ ពោះវៀន បេះដូង និង​ការពិនិត្យ​សុខភាព​ផ្សេងៗ​។

ក្រោម​ភាពល្បីល្បាញ​កម្រិតស្តង់ដារ​ក្នុង​ការថែទាំ​សុខភាព​យ៉ាង​ពិសេស សម្ភារៈ​បរិក្ខារ វេជ្ជសាស្ត្រ​ដ៏​ទំនើប និង​សេវាកម្ម​ថែទាំ​សុខភាព​ដែលមាន​តម្លៃ​សមរម្យ ម៉ាឡេស៊ី​បាន​ឈរ​ជា​ជម្រើស​គួរឲ្យទាក់ទាញ​បំផុត សម្រាប់​អ្នក​ដែល​ស្វែងរក​សេវា​ថែទាំ​សុខភាព​ជាង​ប្រទេស​កំណើត​របស់​ពួកគេ។

លោក Farizal B. Jaafar នាយក​ប្រតិបត្តិ MHTC បាន​មាន​ប្រសាសន៍​ថា «​សេវា​ថែទាំ​សុខភាព​ម៉ាឡេស៊ី មាន​កិត្តិយស​បានជា​ដៃគូ​សហការ ដ៏​មាន​សមត្ថភាព និង​គួរឲ្យទុកចិត្តរបស់​កម្ពុជា ដែល​កិច្ច​ការសហការ​រួមគ្នា ក្នុងការ​បំពេញបន្ថែម​សេវា​ថែទាំ​សុខភាព និង​ការផ្តល់ជូន​ឈានមុខ​គេ ដ៏​សំបូរ​បែប​។ ជាមួយនឹង​ការប្តេជ្ញាចិត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុងការ​ផ្តល់នូវ​ការថែទាំ​លំដាប់​អន្តរជាតិ យើង​បាន​សម្លឹង​ឃើញថា កិច្ចសហការ​ជាមួយ​ដៃគូ​ដែលមាន​គំនិត​ដូចគ្នា ដើម្បី​ពង្រីក​សេវា​ថែទាំ​សុខភាព​របស់​យើង នឹង​ផ្តល់នូវ​បទពិសោធន៍​ទេសចរណ៍​ផ្នែក​ថែទាំ​សុខភាព​ល្អ​បំផុត​ដល់​អ្នកដំណើរ​ទាំ​ង​អស់​មកពី​ប្រទេស​កម្ពុជា​ក្នុង​គោលដៅ​ប្រកបដោយ​សុវត្ថិភាព និង​គួរឲ្យ​ទុកចិត្ត​បំផុត​»​។

វេទិកា «MHConnect» ក៏បាន​បង្ហាញ​ការចូលរួម​ពី​សមាជិក​មន្ទីរពេទ្យ ដែលមាន​ចំនួន​ប្រាំ​របស់ MHTC មានដូចជា Institut Jantung Negara ឬ National Heart Institute និង KPJ Healthcare Berhad ពី Kuala Lumpur មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Mahkota ពី Melaka និង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Subang Jaya និង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Sunway ពី Selangor ដោយ​ក្នុងនាម​ជា​អ្នកសម្របសម្រួល​ផ្នែក​ថែទាំ​សុខភាព​ដែលមាន​សក្តានុពល និង​បង្កើត​ទំនាក់ទំនង​កាន់តែ​រឹងមាំ​ជាមួយ​ដៃគូ​យុទ្ធសាស្ត្រ​ក្នុង​ប្រទេស​កម្ពុជា​។ គួរកត់សម្គាល់​ថា​ថ្មីៗ​នេះ មន្ទីរពេទ្យ​ឯកជន​ទាំងនេះ​ត្រូវបាន​ទទួលស្គាល់ថា​ជា​មន្ទីរពេទ្យ​ឯកទេស​ល្អ​បំផុត​របស់ Newsweek នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ឆ្នាំ ២០២៣ សម្រាប់​ផ្នែក​វេជ្ជសាស្ត្រ​ផ្សេងៗ រួមទាំង​ជំងឺ​បេះដូង ជំងឺមហារីក សរសៃប្រសាទ និង​ច្រើន​ទៀតផង​ដែរ។

ដោយ​ឈរលើ​ជំហរ​ដ៏​រឹងមាំ នៃ​កិច្ចសហប្រតិបត្តិការ សេវា​ថែទាំ​សុខភាព​ម៉ាឡេស៊ី​បានបង្ហាញ​ការ​សហការ​ជា​យុទ្ធសាស្ត្រ​ជាមួយ​ដៃគូ​សំខាន់ៗ ដែល​នឹង​ដើរតួ​យ៉ាង​មាន​សក្ដានុពល ក្នុងការ​ពង្រឹង​បទពិសោធន៍​កាន់តែ​រលូន​សម្រាប់​អ្នកធ្វើដំណើរ​ផ្នែក​ថែទាំ​សុខភាព​មកពី​កម្ពុជា មាន​ដូចជា ៖ ស្ថាប័ន​ហិរញ្ញវត្ថុ និង​អ្នកផ្តល់​សេវា​ធានារ៉ាប់រង​រួមមាន​CB General Insurance ៖ ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ធានារ៉ាប់រង​ធំជាងគេ​មួយ​របស់​កម្ពុជា កិច្ចសហការ​នេះ​បង្ហាញ​ពី​ឱកាស​សម្រាប់​ការដាក់​មន្ទីរពេទ្យ​ឯកជន​ម៉ាឡេស៊ី ក៏ដូចជា​ការសម្របសម្រួល ការសាកសួរ​សំនួរ​ពី​អ្នកជំងឺ ការពិភាក្សា​សុខភាព និង​សេវា​ផ្សេងៗ​ទៀត។ GC Life Insurance៖ កិច្ចសហការ​នេះ​នឹង​បង្កើត​ច្រក​បន្ថែមទៀត​ដើម្បី បន្ថែម​ការយល់ដឹង​អំពី​ការថែទាំ​សុខភាព​ម៉ាឡេស៊ី​តាមរយៈ​បណ្តាញ​សមាជិក​ដ៏​រឹងមាំ របស់​អ្នកផ្តល់​សេវា​ធានារ៉ាប់រង​។ ធនាគារ មេ​យ​ប៊ែ​ង កម្ពុជា​៖ តាមរយៈ​កិច្ចសហការ​នេះ​ជាមួយ​ធនាគារ​ក្នុង​តំបន់​ឈានមុខ​គេ ក្នុង​ចន្លោះ​ខែ​កក្កដា ឆ្នាំ ២០២៣ ដល់​ខែធ្នូ ឆ្នាំ ២០២៤ អ្នកដំណើរ​ផ្នែក​ថែទាំ​សុខភាព​ពី​ប្រទេស​កម្ពុជា នឹង​អាច​ទទួលបាន​ការបញ្ចុះ​តម្លៃ​ពី ១០ ទៅ ២០% លើ​សេវា​ថែទាំ​សុខភាព​នៅ​មន្ទីរពេទ្យ​ដែល​ចូលរួម​កិច្ចសហការ ដែល​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។ មន្ទីរពេទ្យ​៖ កិច្ចសហការ​របស់ Malaysia Healthcare ជាមួយ​មន្ទីរពេទ្យ Central និង RK Premier Hospital ដែលជា​មន្ទីរពេទ្យ​ឯកជន​ឈានមុខ​គេ​របស់​កម្ពុជា​ទាំងពីរ នឹង​ផ្តល់នូវ​មធ្យោបាយ​មាន​ប្រសិទ្ធភាព ក្នុង​ការផ្ទេរ​អ្នកជំងឺ ជាមួយ​ដំណើរការ​ដ៏​មាន​វិជ្ជាជីវៈ នៃ​មន្ទីរពេទ្យ​ឯកជន​របស់​ប្រទេស​ម៉ាឡេស៊ី ជាមួយនឹង​បុគ្គលិក​ផ្នែក​ថែទាំ និង​បើកឱកាស​សម្រាប់​សកម្ម​ភាព​ផ្សព្វផ្សាយ​ផ្សេងៗ រួមទាំង​ការពិភាក្សា​អំពី​សុខភាព សិក្ខាសាលា​តាម​អ៊ីនធឺណិត និង​ជាច្រើន​ទៀត។

ភ្នាក់ងារ​ទេសចរណ៍ និង​អ្នកសម្របសម្រួល​ផ្នែក​ថែទាំ​សុខភាព​៖ កិច្ចសហការ​ជាមួយ​ភ្នាក់ងារ​ធានារ៉ាប់រង Fincorp, Great Angkor Tours, Mekong Discovery, និង Star Asia Travel & Tours នឹង​បង្កើន​ការងាយស្រួល កាន់តែ​ច្រើនឡើង​នៃ​សេវា​ព្យាបាល និង​ថែទាំ​សុខភាព​ដែលមាន​ស្តង់ដារ​ខ្ពស់​របស់ Malaysia Healthcare និង​គំនិត​ផ្ដួចផ្ដើម​ទីផ្សារ​រួមគ្នា​តាមរយៈ ការ​ណាត់ជួប​ផ្ទាល់ និង​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្ដាញ​សង្គម។

ព្រឹត្តិការណ៍​នេះ​ក៏បាន​ធ្វើជា​សក្ខីភាព ក្នុងការ​ផ្លាស់ប្ដូរ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា (MoU) រវាង​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​ឯកជន​ឈានមុខ​គេ​របស់​ម៉ាឡេស៊ី និង​មន្ទីរពេទ្យ និង​អ្នក​សម្របសម្រួល​ផ្នែក​ថែទាំ​សុខភាព​នៅ​កម្ពុជា ដើម្បី​ជំរុញ​ឱកាស​បន្ថែមទៀត​សម្រាប់​ការបញ្ជូន​អ្នកជំងឺ​រវាង​មន្ទីរពេទ្យ​ឯកជន​ម៉ាឡេស៊ី និង​កម្ពុជា និង​ផ្តល់ឱកាស​សម្រាប់​ការ​ផ្លាស់ប្ដូរ​ចំណេះដឹង​ផ្នែក​វេជ្ជសាស្ត្រ និង ជំនាញ​ផងដែរ​។ ទាំងនេះ​បានរួមបញ្ចូលទាំង​៖ មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Mahkota ជាមួយ​ក្រុមហ៊ុន Star Asia Travel & Tours និង​មន្ទីរពេទ្យ RK Premier

​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Subang Jaya ជាមួយ​មន្ទីរពេទ្យ Central និង RK Premier Hospital មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ Sunway ជាមួយ Great Angkor Tours, Sky King និង Intercare Medical Center

​ជាមួយគ្នានេះដែរ លោក Farizal បាន​អត្ថាធិប្បាយ​បន្ថែមទៀតថា​៖ «​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា តាមរយៈ​ការបង្កើត​ភាពជា​ដៃគូ​ដ៏​រឹងមាំ យើង​អាច​ជំរុញ​ទំនាក់ទំនង​ប្រកបដោយ​ផលិតភាព​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់ និង​បង្កើន​បទពិសោធន៍​អ្នកជំងឺ​ដោយ​សហការគ្នា​។ យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ដៃគូ​យុទ្ធសាស្ត្រ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​ជាមួយ​យើង​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​គួរឱ្យកត់សម្គាល់​នេះ​។ ក្នុងឱកាស​ដ៏​ធំធេង​នៅ​ចំពោះមុខ យើង​នឹង​ចាប់យក ហើយ​ធ្វើការ​រួមគ្នា​ដើម្បី​បង្កើត​អនាគត​ដ៏​ត្រចះត្រចង់​សម្រាប់​អ្នកធ្វើដំណើរ​ផ្នែក​ថែទាំ​សុខភាព​ពី​ប្រទេស​កម្ពុជា​»​។

ដោយ​ភ្ជាប់​ជាមួយ MHConnect, Malaysia Healthcare ក៏បាន​រៀបចំ​កម្មវិធី Healthcare Travel Facilitator Program (HTF) ដែលជា​វគ្គ​បណ្តុះបណ្តាល​ដែលមាន​គោលបំណង​រៀបចំ ឱ្យ​អ្នកចូលរួម​នូវ​យល់ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​ដំណើរការ​នៃ​ការថែទាំ​សុខភាព​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។ ជាមួយនឹង​គោលដៅ បានផ្តល់​ការពង្រឹង​សមត្ថភាព ដល់​អ្នកសម្របសម្រួល​ផ្នែក​ថែទាំ​សុខភាព ដែល​បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុងនាម​ជា​អ្នកគាំទ្រ តំណាង​ឲ្យ​ពួកយើង សម្រាប់ Malaysia Healthcare នៅ​កម្ពុជា​។ កម្មវិធី​នេះ​បាន​ប្រារព្ធ​ឡើង​នៅ​សណ្ឋាគារ Hyatt Regency រាជធានី​ភ្នំពេញ ដែលមាន​ការចូលរួម​យ៉ាង​សាទរ​ពី​អ្នកសម្របសម្រួល​ផ្នែក​ថែទាំ​សុខភាព និង​ភ្នាក់ងារ​ទេសចរណ៍​ជាង ៧០ នាក់ មកពី​ប្រទេស​កម្ពុជា។

ដូចគ្នានេះដែរ Farizal បាន​សម្ដែង​ដោយ​សង្កត់ធ្ងន់​លើ​ការយកចិត្តទុកដាក់​របស់ Malaysia Healthcare ក្នុង​ការផ្តល់សេវា​ថែទាំ​សុខភាព​ឲ្យ​បានល្អ​បំផុត ដោយ​បន្តទៀតថា​៖«​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុងការ​លើកកម្ពស់​បទ​ពិសោធន៍ នៃ​ទេសចរណ៍​ផ្នែក​ថែទាំ​សុខភាព​គឺ​ពិតជា​និមិត្តរូប តាមរយៈ​គំនិត​ផ្ដួចផ្ដើម​ដ៏​ស្វាហាប់​ដូចជា​កម្មវិធី Healthcare Travel Facilitator Program (HTF)។ តាមរយៈ​ការពង្រឹង​សមត្ថភាព​ដល់​អ្នកសម្របសម្រួល​ផ្នែក​ថែទាំ​សុខភាព​របស់​យើង​ឲ្យ​ក្លាយជា​អ្នកគាំទ្រ សម្រាប់ Healthcare Malaysia យើង​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ពង្រឹង ទៅនឹង​ដំណើរការ​របស់​អ្នកធ្វើដំណើរ​ផ្នែក​ថែទាំ​សុខភាព ជាមួយនឹង​ជំនាញ ការថែទាំ បូករួម​នឹង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​។ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា យើង​ត្រូវបាន​ជំរុញ​ឲ្យ​កំណត់​ឡើងវិញ​នូវ​ស្តង់ដារ នៃ​ទេសចរណ៍​ថែទាំ​សុខភាព ដោយ​ធានាបាន​ថា អ្នកជំងឺ​ម្នាក់ៗ ទទួលបាន​បទពិសោធ​ន៍​ពិតជា​ពិសេស​បំផុត​។​»

អត្ថប្រយោជន៍​សំខាន់​មួយ​របស់​ម៉ាឡេស៊ី​គឺ​ប្រព័ន្ធ​អេកូ​ថែទាំ​សុខភាព​យ៉ាង​រលូន ដោយ​ធានា​នូវ​ការថែទាំ​យ៉ាង​សំបូរបែប សម្រាប់​អ្នកជំងឺ​តាំង​ពីមុន​មកដល់ រហូតដល់​ការព្យាបាល និង​ត្រឡប់​ទៅវិញ។ ថ្មីៗ​នេះ សេវា​ថែទាំ​សុខភាព​ម៉ាឡេស៊ី​បាន​បើក​ដំណើរការ​សេវាកម្ម Medical Companion ដែលជា​កម្មវិធី​ពិសេស​ដែល​ផ្តល់ជំនួយ​ជាពិសេស ដល់​អ្នកជំងឺ​ពេញ​មួយ​ការធ្វើដំណើរ​របស់​ពួកគេ​។ ជា​ចុងក្រោយ Farizal ក៏បាន​លើ់កឡើង​ទៀតថា​៖ «​យើង​មាន​សេចក្ដី​សោមនស្ស​រីករាយ​ក្នុងការ​ប្រកាស​ពី​គំនិត​ផ្ដួចផ្ដើម​ចុងក្រោយ​បំផុត​របស់​យើង សេវា​ដៃគូ​វេជ្ជសាស្ត្រ​មួយ​នេះ​។ ការ​គាំទ្រ និង​ការ​សហការ​ដ៏​សកម្ម​ស្វះស្វែង​មួយ​នេះ នៃ​ដំណើរការ​ព្យាបាល​ទាំងមូល នឹង​ធ្វើ​ឲ្យ​កម្រិត នៃ​ការ​ថែទាំ​ដែល​យើង​ផ្ដល់​ឲ្យ​កាន់តែ​ល្អ​ប្រសើរ និង​ពិសេស​ថែមទៀត​។ យើង​បាន​ឈ្វេងយល់​ឃើញថា ការ​មាន​ដៃគូ​ដែល​អាច​ទុកចិត្តបាន​នឹង​ជួយ​បង្កើន​សុខុមាលភាព និង​មាន​ភាព​កាន់តែ​ងាយស្រួល​ដល់​អ្នកជំងឺរ​បស់​ពួកយើង​។ ជាមួយនឹង​សេវាកម្ម​ដៃគូ​វេជ្ជសាស្ត្រ យើង​មាន​គោលបំណង​ធានាថា​គ្មាន​អ្នកជំងឺ​ណាមួយ​មាន​អារម្មណ៍​ថា​ឯកា​ក្នុងអំឡុងពេល​ធ្វើដំណើរ​ថែទាំ​សុខភាព​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​»។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សេវាកម្ម​នេះ សូម​ចូល​ទៅ​កាន់​គេហទំព័រ https://www.mhtc.org.my/2023/05/30/ medical-companion-service/។

ដើម្បី​បង្កើន​បទពិសោធន៍​របស់​អ្នកជំងឺ សេវា​ថែទាំ​សុខភាព​ម៉ាឡេស៊ី បានផ្តល់​សេវា​ថែទាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​គូ​ឡា​ឡាំ​ពួរ (KLIA / ច្រក​ទី ១), KLIA2 ( ច្រក​ទី 2) និង​អាកាសយានដ្ឋាន​អន្តរជាតិ Penang (PIA) នៅពេល​អ្នកដំណើរ​មក​ដល់ ក្រុមការងារ​នឹង​យក​ចិត្ត​ទុក​ដាក់​ជាមួយ​នឹង​ការ​ស្វាគមន៍​នៅ​ឯ aerobridge និង​ការ​សម្របសម្រួល​ដំណើរការ​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​អន្តោប្រវេសន៍​របស់​ពួកគេ ដោយ​ទទួលបាន​អត្ថប្រយោជន៍​ពេលមកដល់​ព្រលាន ក្នុងនាម​ជា​អ្នកដំណើរ​ថែទាំ​សុខភាព​។ ចំណែក​មួយ នៃ​ប្រព័ន្ធ​អេកូ​នេះ សេវា​ថែទាំ​សុខភាព​ម៉ាឡេស៊ី​ផ្តល់ជូន​នូវ​វេទិកា​វេជ្ជសាស្ត្រ eVisa ប្រកបដោយ​ភាព​ច្នៃប្រឌិត ដោយ​ផ្តល់​ឲ្យ​អ្នកដំណើរ​ផ្នែក​ថែទាំ​សុខភាព​នូវ​ដំណើរការ​រហ័ស និង​មាន​ប្រសិទ្ធភាព​ជាង​មុន​សម្រាប់​ការ​ដាក់​ពាក្យសុំ​ទិដ្ឋាការ​វេជ្ជសាស្ត្រ និង​ការ​បន្ថែម​ទិដ្ឋាការ។ ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ​៖ https://malaysiavisa.imi.gov.my/

ក្រុមប្រឹក្សា​ទេសចរណ៍​ថែទាំ​សុខភាព​ម៉ាឡេស៊ី (MHTC) គឺជា​ទីភ្នាក់ងារ​រដ្ឋាភិបាល ស្ថិតនៅក្រោម​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី ទទួល​បន្ទុក​លើ​វិស័យ​ទេសចរណ៍ ថែទាំ​សុខភាព​របស់​ប្រទេស។

បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៩, MHTC ជួយ​សម្រួល​ដល់​អ្នក​ដែល​នៅ​ក្នុង​ឧស្សាហកម្ម​នេះ និង​ផ្តល់ សេវាកម្ម​ក្នុង​ការ​សម្របសម្រួល ដើម្បី​ការ​រីក​លូតលាស់ នៃ​ឧស្សាហកម្ម​ទេសចរណ៍ វេជ្ជសាស្ត្រ របស់​ប្រទេស​ម៉ាឡេស៊ី ក្រោម​ម៉ាក​យីហោ «Malaysia Healthcare» ជាមួយ​នឹង​គោលដៅ​ធ្វើ​ឲ្យ ម៉ាឡេស៊ី ក្លាយ​ជា​គោលដៅ​ថែទាំ​សុខភាព​ឈានមុខ​គេ​នៅ​លើ​ពិភពលោក។ MHTC ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​មន្ទីរពេទ្យ​ឯកជន​ជាង ៨០ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ដែល​ជា​សមាជិក​របស់ MHTC៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម