ព័ត៌មានជាតិ
អ្នកជំងឺទឹកនោមផ្អែម ប្រឈមនឹងពិការភ្នែក ខ្សោយតម្រងនោម និងធ្ងន់ធ្ងរជាងនេះ បើព្យាបាលមិនទាន់ពេល
ជំងឺទឹកនោមផ្អែម នឹងធ្វើឱ្យអ្នកជំងឺជួបផលវិបាកធ្ងន់ធ្ងរលើសការរំពឹងទុកមួយចំនួនដូចជា ពិការភ្នែក ខ្សោយតម្រងនោម គាំងបេះដូង ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងឈានដល់ការកាត់អវយវៈក្រោមទៀតផង បើសិនជាអ្នកជំងឺ មិនយកចិត្តទុកដាក់ និងទទួលការព្យាបាលទាន់ពេលវេលា។ នេះជាសារដាស់តឿន របស់អង្គការសុខភាពពិភពលោក។

ពិភពលោកបានផ្តោតសំខាន់លើហានិភ័យនៃជំងឺទឹកនោមផ្អែម ក៏ព្រោះតែវិបត្តិនៃជំងឺនេះ បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរខ្លាំងចំពោះ សុខភាព មិនត្រឹមតែធ្វើឱ្យពិការភ្នែក ខ្សោយតម្រងនោម ប្រឈមនឹងការគាំងបេះដូង និងវិបត្តិធ្ងន់ធ្ងរផ្សេងទៀតនោះទេ ថែមទាំងគ្រោះថ្នាក់ដល់អាយុជីវិតភ្លាមៗបានទៀតផង នៅពេលដែលកម្រិតជាតិឡើងខ្ពស់ខ្លាំង ឬចុះទាបខ្លាំង។
បើតាមលោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និងអរម៉ូន នៃមន្ទីរពេទ្យកាល់ម៉ែត បញ្ជាក់ថា ជំងឺទឹកនោមផ្អែម បែងចែកជាជំងឺទឹកនោមផ្អែមប្រភេទទី១ ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺទឹកនោមផ្អែមអំទ្បុងពេលមានផ្ទៃពោះ។ តាមការគូសបញ្ជាក់ ជំងឺទឹកនោមផ្អែមប្រភេទទី១ ដែលកេីតលេីអ្នកជំងឺវ័យក្មេងអាយុចន្លោះ ៤ឆ្នាំ-១៤ឆ្នាំ គឺមានរោគសញ្ញាច្បាស់តាំងពីដំបូង ដោយអាចសង្កេតឃើញសញ្ញានៃការស្រកទម្ងន់, ស្រេកទឹក, នោមច្រេីន, អស់កម្លាំង ឬសន្លប់ជាដើម។

ចំណែកឯជំងឺទឹកនោមផ្អែមប្រភេទទី១ ដែលកើតលេីមនុស្សវ័យកណ្តាលអាយុចន្លោះ ៣០ឆ្នាំ-៥០ឆ្នាំ គឺខុសពីទម្រង់ទូទៅ នៃជំងឺទឹកនោមផ្អែមប្រភេទទី១ លើអ្នកជំងឺទឹកនោមផ្អែមវ័យក្មេងខាងលើ ដោយសារតែមិនមានលេចចេញរោគសញ្ញា ឱ្យដឹងនោះឡើយ និងអាចនាំឱ្យមានការយល់ច្រលំជាមួយជំងឺទឹកនោមផ្អែមប្រភេទទី២។ តែទោះជាយ៉ាងណា ជំងឺទឹកនោមផ្អែមប្រភេទទី១ ដែលកេីតលេីមនុស្សវ័យកណ្តាល បណ្តាលមកព៏ប្រព័ន្ធភាពស៊ាំខ្លួនអ្នកជំងឺ ប្រឆាំងលំពែងខ្លួនឯង (កោសិការបែតា ដែលជារោងចក្រផលិតអាំងស៊ុយលីន)។

ដោយឡែក ជំងឺទឹកនោមផ្អែមប្រភេទទី២ គឺកើតមានទូទៅលើមនុស្សគ្រប់វ័យ និងសឹងគ្រប់ក្រុមគ្រួសារ ដែលបណ្តាលមកពីការកើនឡើងជាតិស្ករក្នុងខ្លួន លើសកម្រិតធម្មតា ដោយសារតែលំពែងអ្នកជំងឺ មិនអាចផលិតអាំងស៊ុយលីនបានច្រើនតាមតម្រូវការ បរិមាណក៏ថយចុះ ហើយគុណភាពនិងសកម្មភាពរបស់អាំងស៊ុយលីនក៏ថយចុះទាប ធ្វើឱ្យជាតិស្ករលើសនៅក្នុងឈាម ទើបបណ្តាលទៅជាជំងឺទឹកនោមផ្អែម។ គ្រូពេទ្យឯកទេសបញ្ជាក់ថា នៅដំណាក់កាលដំបូង នៃជំងឺទឹកនោមផ្អែមប្រភេទទី២ មិនមានរោគសញ្ញានោះទេ ទាល់តែពិនិត្យឈាម ទើបអាចដឹងថាមានជំងឺទឹកនោមផ្អែមឬអត់។
លោក ស៊ុំ សត្ថា បញ្ជាក់ដែរថា សម្រាប់ការធ្វើតេស្តឈាម ត្រូវធ្វើមុននឹងទទួលទានអាហារ បើសិនជាលទ្ធផលបង្ហាញថា កម្រិតជាតិស្ករក្នុងឈាម ១២៦mg/dl ឬលើសពីនេះ នោះបានន័យថា កើតជំងឺទឹកនោមផ្អែមប្រភេទទី២ ។

គួរបញ្ជាក់ថា ជំងឺទឹកនោមផ្អែម កំពុងកើតមានលើមនុស្សគ្រប់វ័យភាគច្រើន នៅទូទាំងសកលលោក ហើយជំងឺនេះ ត្រូវបានអង្គការសុខភាពពិភពលោក យកចិត្តទុកដាក់ និងព្យាយាមផ្សព្វផ្សាយគ្រប់រូបភាព ឱ្យមនុស្សបានយល់ដឹង ពីគ្រោះថ្នាក់នៃជំងឺនេះ និងបានបង្កើតទិវាពិភពលោកប្រឆាំងនឹងជំងឺទឹកនោមផ្អែម ដើម្បីដាស់តឿនដល់មនុស្សជាតិ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


