Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល៖ នៅក្នុងឆ្នាំ២០២៤ ការប្រើប្រាស់សេវាជំងឺទឹកនោមផ្អែមមានការកើនឡើង៥៩%

បានផុស

នៅ

ក្នុងពិធីបិទសន្និបាតលើកទី៤៤ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានបញ្ជាក់ថា ការប្រើប្រាស់សេវាជំងឺមិនឆ្លងចម្បងៗ នៅក្នុងឆ្នាំ២០២៤ បានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសការប្រើប្រាស់សេវាជំងឺទឹកនោមផ្អែមដែលមានការកើនឡើង៥៩%។ ជំងឺទឹកនោមផ្អែម មានចំនួន ២៣០ ២៧៩ករណី កើនឡើង ៥៩% និងអ្នកជំងឺសម្រាកពេទ្យមានចំនួន ១៧ ៥៣៤នាក់ កើនឡើង ៤៣,២៥% ធៀបនឹងឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីជំងឺទឹកនោមផ្អែម ជំងឺឡើងសម្ពាធឈាមកើនឡើង២១% ជំងឺសុខភាពផ្លូវចិត្តដែលបញ្ជាក់ពីសមត្ថភាពនៃការផ្តល់សេវាមានការកើនឡើង និងពីបន្ទុកជំងឺមិនឆ្លងនេះផងដែរ។ បើតាមលោករដ្ឋមន្ត្រី ជំងឺមិនឆ្លងចម្បងៗដូចជា ជំងឺទឹកនោមផ្អែម ជំងឺឡើងសម្ពាធឈាម ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរាំរ៉ៃ ជាមូលហេតុចម្បងនៃការស្លាប់ និងពិការភាពរបស់ប្រជាជនកម្ពុជា ក្នុងខណៈដែលកម្ពុជាកំពុងស្ថិតឈានទៅកាន់សង្គមដែលមានមនុស្សវ័យចាស់កាន់តែច្រើន។

ដើម្បីឆ្ពោះទៅកាន់គោលដៅនៃការគ្រប់គ្រងគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០៣៥ ប្រព័ន្ធសុខាភិបាល បន្តពង្រីក និងអភិវឌ្ឍសេវាថែទាំសុខភាព ព្រមទាំងលើកកម្ពស់គុណភាពសេវាជាប្រចាំ។ យុន្ធការស្ថាប័ន និងប្រព័ន្ធអង្គេតតាមដាន និងឆ្លើយតបជំងឺឆ្លង និងគ្រោះអាសន្នសុខភាពសាធារណៈ នៅតែបន្តភាពបុរសកម្ម សកម្ម និងអន្តរសកម្ម ដោយបន្តគ្រប់គ្រងជំងឺឆ្លងដែលលេចឡើង ឬលេចឡើងសាជាថ្មី ដូចជាជំងឺកូវីដ១៩ ជំងឺអុតស្វា ជំងឺផ្តាសាយបក្សីជាដើម។ នេះជាការលើកឡើងរបស់លោក ឈាង រ៉ា។

លោកបន្ថែមថា ការបន្តពង្រឹងសមត្ថភាពស្នូលនៃនិយ័តកម្មសុខភាពអន្តរជាតិ នៃប្រព័ន្ធសុខាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីត្រៀមឆ្លើយតបនឹងគ្រោះអាសន្នសុខភាព ដូចជាការផ្ទុះនៅជំងឺឆ្លងរាតត្បាត និងហានិភ័យសុខភាពសាធារណៈទាក់ទងនឹងការប្រែប្រួលអាកាសធាតុដែលអាចកើតមានឡើងជាយថាហេតុនាពេលខាងមុខ នៅតែជាអាទិភាព។

លើសពីនេះ ការរៀបចំ និងការពង្រឹងសមត្ថភាពស្ថាប័នកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម ដើម្បីលើកកម្ពស់ និងអនុវត្តតួនាទី និងមុខងារស្ថាប័នប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធិភាព ក្នុងនោះរួមមាន ការបណ្តុះបណ្តាលចែករំលែកបទពិសោធភាពជាអ្នកដឹកនាំមានគុណភាពខ្ពស់ ពង្រីកការងារនិយ័តកម្ម ការរៀបចំ និងការធ្វើបច្ចុប្បន្នកម្មច្បាប់ លិខិបទដ្ឋានគតិយុទ្ធ គោលនយោបាយយុទ្ធសាស្ត្រផែនការ ការកសាង និងពង្រឹងភាពជាដៃគូសាធារណៈ ឯកជន ការបង្កើនកិច្ចសហការពហុវិស័យ អន្តរវិស័យ ការជំរុញការចូលរួមរបស់សហគមន៍ និងរដ្ឋបាលមូលដ្ឋាន ការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍ អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាល។ល។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដោយឆ្លុះបញ្ជាំងទៅលើវឌ្ឍនភាព និងភាពប្រឈម ដែលកំពុងជួបប្រទះ និងអាចមើលឃើញនាពេលខាងមុខ អង្គសន្និបាតបានភិភាក្សាតាមក្រុម ដើម្បីពិនិត្យ និងវាយតម្លៃបន្ថែមលើវឌ្ឍនភាព និងភាពប្រឈម ព្រមទាំងរិះរកដំណោះស្រាយសមស្របលើអន្តរាគមន៍អាទិភាពមួយចំនួនរួមមាន ការបង្ការ និងការគ្រប់គ្រងជំងឺមហារីក ការថែទាំសុខភាពមាតាទារក អន្តរាគមន៍លុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០២៥ ការពង្រឹកសេវាមណ្ឌលសុខភាព និងសេវាថែទាំសុខភាពបឋម និងការពង្រឹងនិយ័តកម្មសេវាសុខាភិបាលសាធារណៈ និងឯកជន៕

អត្ថបទ៖ គេន ម៉ាលិះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ត្រៀមបង្ហាញស្នាដៃនិស្សិត២ប្រភេទ ក្នុង​ទិវា​ជាតិ​អប់​រំបណ្តុះបណ្តាល​បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ៖ សូម​កុំ​ពង្រីក​ទំនាស់​ឲ្យ​រីករាលដាល​ដល់​វិស័យ​ផ្សេង​ រហូត​ដល់​ការ​ស្អប់​ខ្ពើម​ជាតិសាសន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងមុខវត្តឧណ្ណាលោម មានរៀបចំពិធីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការបរទេស ដឹងគុណ និងអរគុណកងទ័ពខ្មែរដែលឈរជើងនៅសមរភូមិយ៉ាងអង់អាចក្លាហានការពារទឹកដី

Sokha Hotels

ព័ត៌មានពេញនិយម