ព័ត៌មានជាតិ
កុមារមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ ត្រូវបានសង្គ្រោះជីវិតជាថ្មី ពីមន្ទីរពេទ្យគន្ធបុប្ផា
កុមារីវ័យ ១២ឆ្នាំម្នាក់ មានជំងឺទឹកនោមផ្អែមជាយូរមកហើយ ត្រូវបានជួយសង្គ្រោះជីវិតជាថ្មី ដោយគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យគន្ធបុប្ផា។

មន្ត្រីមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា ជំងឺទឹកនោមផ្អែមលើកុមារ ជាជំងឺទឹកនោមផ្អែមមួយប្រភេទ ដែលត្រូវការចាក់អាំងស៊ុយលីនអស់មួយជីវិត។ ក្មេងស្រី អាយុ ១២ ឆ្នាំម្នាក់ ត្រូវបានព្យាបាលជំងឺទឹកនោមផ្អែម និងតាមដានជំងឺជាច្រើនឆ្នាំមកហើយនៅមន្ទីរពេទ្យគន្ធបុប្ផា។ ប៉ុន្តែមួយរយៈពេលជាយូរចុងក្រោយនេះ នាងពុំបានមកតាមការណាត់នោះទេ ដែលធ្វើឱ្យជំងឺនាងវិវត្តទៅជាធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី ដំបៅរលួយសាច់ខ្នង និងខូចតម្រងនោមយ៉ាងធ្ងន់ធ្ងរបំផុត។

នាងត្រូវបានសង្រ្គោះជីវិតជាថ្មី ដោយក្រុមគ្រូពេទ្យឯកទេសសង្រ្គោះបន្ទាន់ នៃមន្ទីរពេទ្យគន្ធបុប្ផា និងត្រូវបានលាងឈាមអស់ជាច្រើនដង។ នាងទើបបានត្រឡប់ទៅផ្ទះវិញ ដោយស្នាមញញឹម សូមអរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានសង្គ្រោះជីវិតមួយនេះ។

ក្រសួងអប់រំ យុវជន និងកីឡា កាលពីខែមករា ឆ្នាំ២០២០ បានចាប់ផ្ដើមធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីសុវត្ថិភាពចំណីអាហារនៅក្នុងសាលារៀន ដើម្បីទប់ស្កាត់ការលក់អាហារមានសារធាតុគីមី និងអាហារដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសិស្ស។ ចំណីអាហារត្រូវហាមឃាត់ក្នុងគ្រឹះស្ថានសិក្សា មានដូចជា៖ ១. អាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទ ២. គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ ៣. ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់ ៤. ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈមានរសជាតិផ្អែមខ្លាំង កាហ្វេ ការ៉េម ទឹកស៊ីរ៉ូហ៍គ្រប់ប្រភេទ ៥. ស្ករសូកូឡា ស្ករគ្រាប់ និងស្ករកៅស៊ូ គ្រប់ប្រភេទ ៦. ចាហួយគ្រប់ប្រភេទ នំដូណាត់ និងនំផ្អែមខ្លាំង។

គួររំលឹកថា លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា មិនមែនហាមមិនឱ្យហូបអីផ្អែមទេ ប៉ុន្តែត្រូវមានតុល្យភាព មិនឱ្យផ្អែមខ្លាំង មិនឱ្យមានជាតិខ្លាញ់ខ្លាំងពេក ឬមួយមិនឱ្យប្រៃពេក។ ប្រៃពេកនាំឱ្យកើតជំងឺឡើងឈាម ខ្លាញ់ច្រើនពេក នាំឱ្យធាត់ខ្លាំងពេក ដែលអាចឈានទៅរកជំងឺបេះដូង។

គួរបញ្ជាក់ថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប គឺមិនគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។ មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ទីតាំង នៅតែត្រូវការថវិកាជាប្រចាំប្រមាណ ៨៤ ម៉ឺនដុល្លារក្នុង ១ សប្តាហ៍ ឬត្រូវចំណាយប្រមាណ ៤០ លានដុល្លារ ក្នុង ១ ឆ្នាំ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្រ្គោះជីវិតកុមារនៅកម្ពុជា ដោយមានការជួយបំពេញបន្ថែមគ្នាទៅវិញទៅមក រវាងមូលនិធិគន្ធបុប្ផាស្វីស និងមូលនិធិគន្ធបុប្ផាកម្ពុជា ក៏ដូចជាពីសំណាក់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ការបរិច្ចាគនេះតែមួយអាចគ្រប់គ្រាន់នៅឡើយទេសម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះមន្ទីរពេទ្យមិនមែនជាស្ថាប័នដែលរកប្រាក់ចំណូល។

មូលនិធិគន្ធបុប្ធាកម្ពុជាបានបង្កើត KHQR CODE (ទាំងប្រាក់រៀល និងដុល្លារអាមេរិក) សម្រាប់គ្រប់ App ធនាគារទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានកម្មវិធីស្ដែន QR CODE ដើម្បីសម្រួលដល់ការចូលរួមបរិច្ចាគពីសំណាក់សប្បុរសជននានា ក្នុងគោលបំណងជួយនាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា តាមរយៈការរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់ មន្ទីរពេទ្យគន្ធបុប្ផា ទាំង ៥ ទីតាំង នៅព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


