ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀង ដាក់ការណែនាំដល់អាជ្ញាធរពាក់ព័ន្ធក្នុងការបំពេញការងារបម្រើពលរដ្ឋ
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែរបស់រដ្ឋបាលខេត្តស្វាយរៀង លោក ប៉េង ពោធិ៍សា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បានដាក់ចេញនូវគោលការណ៍ណែនាំសំខាន់ៗមួយចំនួនដល់អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលខេត្ត ក្នុងការអនុវត្ត និងបំពេញការងារបម្រើពលរដ្ឋ។

ក្នុងកិច្ចប្រជុំ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ប៉េង ពោធិ៍សា បានថ្លែងអំណរគុណចំពោះលោក-លោកស្រីជាថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងការរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្ត ជាពិសេសក្នុងឱកាសពិធីប្រណាំងទូក កាលពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ថ្មីៗនេះ បានល្អប្រសើរ។ ព្រមជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំខេត្ត កងកម្លាំង និងមន្ត្រីរាជការទាំងអស់ ដែលបានចូលរួមសកម្មភាពនានាជាមួយរដ្ឋបាលខេត្ត ទាំងការងារសង្គម ការងារមនុស្សធម៌ និងការឧបត្ថម្ភគាំទ្រជួយដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយកត្តាផ្សេងៗជាដើម។

ដើម្បីជំរុញឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងការអនុវត្តការងារ ក៏ដូចជាការបំពេញការងារបម្រើប្រជាពលរដ្ឋនៅក្នុងខេត្ត លោកអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅក្នុងខេត្តឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ និងត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការបង្ការ ទប់ស្កាត់ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនឱ្យមានប្រសិទ្ធភាព។
លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ត្រូវសហការគ្នាតាមដាន និងគាំទ្រដល់ការប្រមូលផលស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋ ព្រមទាំងការពិនិត្យ តាមដាន ជំរុញ និងគាំទ្រដល់ការបង្កបង្កើនផល និងរកទីផ្សារក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ ដោយក្នុងនោះត្រូវពិនិត្យតាមដានការដាំដុះឡើងវិញនូវករណីស្រូវប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង រួមទាំងការផ្តល់គ្រាប់ពូជដល់ពួកគាត់ ជាដើម។

ជុំវិញការប្រមូលពន្ធ លោក ប៉េង ពោធិ៍សា បានជំរុញឱ្យមន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុក ត្រូវសហការពង្រឹងការគ្រប់គ្រង និងការប្រមូលពន្ធដារ ពន្ធគយ និងពន្ធផ្សេងៗឱ្យបានត្រឹមត្រូវ និងគ្រប់តាមផែនការ ជាពិសេសចូលរួមផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋឱ្យអញ្ជើញទៅបង់ពន្ធលើមធ្យោបាយធ្វើដំណើរ និងបង់ពន្ធអចលនទ្រព្យឱ្យបានទាន់ពេលកំណត់។
ដោយឡែកលើវិស័យការងារ លោកអភិបាលខេត្តស្វាយរៀង បានណែនាំដល់មន្ទីរការងារ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តតាមដាន និងអនុវត្តវិធានការច្បាប់លើជនទាំងឡាយណាដែលឆបោកលុយពីកម្មកររោងចក្រ ក្នុងលេសឱ្យចូលបម្រើការងារនៅតាមរោងចក្រសហគ្រាសណាមួយនៅក្នុងខេត្ត ផងដែរ៕
ដោយ៖ ភក្ដី


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


