ព័ត៌មានអន្ដរជាតិ
សារព័ត៌មានអូស្ត្រាលីផ្សាយថា កម្ពុជា ជាស្ដេចត្រាញ់ទេសចរណ៍ថ្មីកំពុងស្រូបទាញភ្ញៀវអន្តរជាតិនៅអាស៊ាន
ព្រះរាជាណាចក្រកម្ពុជាបានជាប់ឈ្មោះជាមួយប្រទេសថៃ និងវៀតណាមក្នុងនាមជាស្ដេចត្រាញ់មានតំបន់ទេសចរណ៍ថ្មីៗ និងគួរឲ្យទាក់ទាញដល់ភ្ញៀវទេសចរបរទេសឲ្យហោះមកគយគន់ទស្សនាប្រចាំតំបន់អាស៊ាន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានអូស្ត្រាលី The Sydney Morning Herald កាលពីដើមខែមីនាកន្លងទៅ ។

នៅក្នុងខ្លឹមសារនៃអត្ថបទដែលមានចំណងជើង “Forget Thailand and Vietnam: South-East Asia’s enticing new travel frontier” បានសរសេររ៉ាយរ៉ាប់ថា កម្ពុជាគឺជាប្រទសមួយដែលកំពុងអភិវឌ្ឍឆ្ពោះទៅមុខយ៉ាងលឿនរហ័ស ជាពិសេសសំណង់អគារខ្ពស់ៗកំពុងរីកដុះដាលដូចផ្សិតពេញផ្ទៃមេឃ មានផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត រួមទាំងអាកាសយានដ្ឋានថ្មីៗ ជាមួយនឹងពាណិជ្ជកម្មបើកចំហររវាងប្រទេសជិតភូមិផងរបងជាមួយផងដែរ ។
ជាក់ស្ដែងអ្នកស្រុកម្នាក់ឈ្មោះ ជា សារ៉ន ដែលជាក្រុមការងារផ្នែកបដិសណ្ឋាកិច្ចនៅក្នុងរមណីយដ្ឋាន Shinta Mani Wild បានថ្លែងប្រាប់លោកស្រី Julie Miller អ្នកសារព័ត៌មានផ្នែកទេសចរណ៍របស់គេហទំព័រ The Sydney Morning Herald ថា កម្ពុជាពិតជាទីតាំងទេសចរណ៍ថ្មីដែលកំពុងស្រូបទាញអ្នកទេសចរប្រចាំនៅតំបន់អាស៊ាន ដោយសារតែភាពសម្បូរបែបយ៉ាងច្រើនក្រាស់ក្រែល ។

កាលពីឆ្នាំ ២០០៩ លោកធ្លាប់មកលេងប្រទេសកម្ពុជាម្ដងរួចមកហើយ ខណៈនៅពេលនោះកម្ពុជាកំពុងធ្លាក់ក្នុងភាពក្រីក្រនៅឡើយ ដោយសារតែទើបតែងើបចេញពីសង្គ្រាមក្នុងសម័យខ្មែរក្រហម រួមជាមួយសង្គ្រាមជាមួយវៀតណាម និងភាពចលាចលអស់រយៈពេលជាច្រើនទសវត្សរ៍ ។ ប៉ុន្តែអ្វីៗបានប្រែប្រួលស្ទើរតែមួយប៉ប្រិចភ្នែក ពោលបច្ចុប្បន្ននេះ កម្ពុជាមានយុវជនវ័យក្មេងពោរពេញដោយសមត្ថភាពចំណេះដឹងជាច្រើន ជាពិសេសគឺការប្ដេជ្ញាចិត្តដែលជំរុញដោយឧស្សាហកម្មទេសចរណ៍ ។ ជាក់ស្ដែងក្នុងឆ្នាំ ២០២២ កម្ពុជាកើបប្រាក់ចំណូលសរុបពីឧស្សាហកម្មគ្មានផ្សែងមួយនេះចំនួន ១.១៤ ពាន់លានដុល្លារ និងជួយផ្ដល់ការងារចំនួន ១២.៤ ភាគរយ បើធៀបនឹងការងារសរុប ។
ទន្ទឹមនោះ ដោយសារតែប្រណិតភាពកាន់តែលេចធ្លោនេះហើយ ទើបភ្ញៀវទេសចរមកពីគ្រប់តំបន់នៅទូទាំងពិភពលោកសរសើរកម្ពុជាពេញៗមាត់ថា ក្រៅពីប្រទេសវៀតណាម និងថៃ, ព្រះរាជាណាចក្រកម្ពុជាគឺជាទីតាំងដ៏ស្រស់បំព្រងថ្មីបំផុតមួយទៀតក្នុងការទាក់ចិត្តអ្នកទេសចរអន្តរជាតិមកឲ្យគយគន់កម្សាន្ត ។ ដូច្នេះដើម្បីទទួលយកបទពិសោធន៍ដ៏ល្អបំផុតនេះ កម្ពុជាបានផ្ដល់ជូននូវកញ្ចប់សេវាកម្មទេសចរណ៍ Ultimate Luxury Tour of Cambodia ដែលជាដៃគូលំដាប់ជាមួយទីតាំងប្រណីតៗបំផុតចំនួន ៤ ដូចជា រមណីយដ្ឋាន Shinta Mani Angkor, រមណីយដ្ឋាន Shinta Mani Wild, សណ្ឋាគារ Rosewood Phnom Penh និងកោះរមណីយដ្ឋាន Six Senses Krabey Island ជាមួយនឹងដំណើរកម្សាន្តនៅតំបន់ទេសចរណ៍ចំនួន ៤ ផ្សេងៗគ្នានៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

ពាក់ព័ន្ធនឹងតំបន់ទេសចរណ៍ដែលទាក់ភ្នែកភ្ញៀវបរទេសនោះគឺទី១ ប្រាសាទប្រវត្តិសាស្រ្តនៅក្នុងខេត្តសៀមរាប ជាពិសេសប្រាសាទអង្គរវត្ត ខណៈទី២ គឺសម្រស់ដ៏គួរឲ្យចង់គយគន់ក្នុងទីក្រុងភ្នំពេញ ដូចជានៅចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេសាប ក៏ដូចជាព្រះបរមរាជវាំង វត្តអារាម រួមទាំងសំណង់អគារខ្ពស់កប់ពពកជាដើម ។ ចំណែកទី៣ គឺទីតាំងរមនីយដ្ឋានបែបអេកូឡូស៊ីក្នុងតំបន់ព្រៃអភិរក្សភាគអាគ្នេយ៍នៃព្រះរាជាណាចក្រកម្ពុជា ។ រីឯទី៤ គឺរមនីយដ្ឋាន Six Senses នៅលើកោះក្របីក្នុងខេត្តព្រះសីហនុ ដែលជាតំបន់អភិរក្សបក្សី និងមេអំបៅ តំបន់ថ្មប៉ប្រះទឹក និងជាតំបន់គ្មានកាកសំណល់ផ្លាស្ទិចជាដើម ។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៣ កន្លងទៅ កម្ពុជាក៏បានគ្រងតំណែងលេខ ១ ជាអធិរាជមានគោលដៅទេសចរណ៍វប្បធម៌ល្អដាច់គេបំផុតប្រចាំតំបន់អាស៊ីរយៈពេល ២ ឆ្នាំជាប់គ្នា និងទាក់ទាញភ្ញៀវទេសចរបរទេសបានជាង ៥.៤៥ លាននាក់ ស្របពេលដែលឆ្នាំ ២០២៤ នេះវិញ កម្ពុជារំពឹងនឹងមានចំនួនភ្ញៀវទេសចរកើនឡើងជាងឆ្នាំ ២០២៣ ទៅទៀត ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ នាយករដ្ឋមន្ត្រីថៃ ៣ រូបជួបជុំគ្នានៅស្រុកកំណើតលោក ថាក់ស៊ីន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


