ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ និងមានភាពល្អប្រសើរ។ ការអះអាងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបែបនេះ ក្នុងឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោក លើក ទី៣១។

នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតចូលរួមអបអរសាទរជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងប្រកបវិជ្ជាជីវៈសារព័ត៌មាន ទាំងនៅកម្ពុជា និងនៅលើពិភពលោកទាំងមូល ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ នាថ្ងៃទី៣ ឧសភា។ ទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ ឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅក្រោមប្រធានបទ៖ «សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាពនៃវិបត្តិបរិស្ថាន» ដែលបង្ហាញពីសារៈសំខាន់នៃតួនាទីសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ ក្នុងបរិបទនៃវិបត្តិបរិស្ថានសកល នាពេលបច្ចុប្បន្ន។
បើតាមសារលិខិតរបស់សម្ដេចធិបតី ទិវាសេរីភាពសារព័ត៌មាននេះ ប្រារព្វឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ លើកកម្ពស់ឯករាជភាពនៃប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានពហុនិយម និងការការពារនិងផ្តល់សុវត្ថិភាពដល់អ្នកសារព័ត៌មានដែលបំពេញវិជ្ជាជីវៈត្រឹមត្រូវ ស្របតាមច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ។

ក្នុងឱកាសទិវាសេរីភាពសារព័ត៌មាននេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញការកត់សម្គាល់ថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ប្រកបដោយសុខភាពល្អ និងឆ្ពោះទៅរកការរៀបចំបាននូវសណ្តាប់ធ្នាប់ល្អប្រសើរ។ សម្ដេចធិបតី ថា ស្ថានភាពសេរីភាពនៃការបញ្ចេញមតិ នៅតែស្ថិតក្នុងបរិយាកាសអំណោយផល ព្រោះថា អ្នកសារព័ត៌មានអាចរាយការណ៍ដោយសេរី ដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។
សម្ដេចធិបតី បញ្ជាក់បន្ថែមថា ច្បាប់ស្តីពីរបបសារព័ត៌មាន ដែលពាក់ព័ន្ធនឹងសិទ្ធិ និងសេរីភាពខាងសារព័ត៌មាន បានកំណត់ពីការត្រួតពិនិត្យមុនពេលបោះពុម្ពផ្សាយ គឺត្រូវបានហាមឃាត់ ដើម្បីរក្សានូវឯករាជ្យនៃសារព័ត៌មាន។ ទន្ទឹមនេះ រដ្ឋធម្មនុញ្ញនៃកម្ពុជា ក៏បានទទួលស្គាល់នូវការគោរពសិទ្ធិមនុស្ស ដូចមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងសន្ធិសញ្ញានិងអនុសញ្ញាទាំងអស់។

តែយ៉ាងណាមិញ ដើម្បីលើកកម្ពស់គុណភាពសារព័ត៌មាន សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំដល់អ្នកសារព័ត៌មានត្រូវបន្តឈរលើគោលការណ៍ជាមូលដ្ឋាននៃការគោរពក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ លើសពីនេះ សម្ដេចធិបតី បានជំរុញអ្នកសារព័ត៌មានបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់ សំដៅបង្កឱ្យកើតមានអរិភាព និងការបែកបាក់សាមគ្គីភាពជាតិ។ សម្ដេចធិបតី ក៏បានប្រកាសគាំទ្រចំពោះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ៖ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


