ព័ត៌មានជាតិ
ជនត្រូវចោទ យ៉ង ប៉ាក់ សរសេរលិខិតចេញពីពន្ធនាគារសុំឱ្យលោក ព្រាប កុល ជួយឱ្យបាននៅក្រៅឃុំ ខណៈម្ចាស់បណ្ដឹងបដិសេធ
ជនត្រូវចោទឈ្មោះ យ៉ង ប៉ាក់ ដែលកំពុងជាប់ឃុំនៅមណ្ឌលកែប្រែទី១ (ពន្ធនាគារព្រៃស) បានសរសេរលិខិតសុំទោសលោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ចំពោះកំហុសខុសឆ្គង ដែលខ្លួនបានប្រើប្រាស់គណនីហ្វេសប៊ុកក្លែងក្លាយបរិហារកេរ្តិ៍ បណ្ដាលឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ លោក ព្រាប កុល។ ក្រៅពីសុំទោស ជនត្រូវចោទរូបនេះ ក៏សុំឱ្យលោក រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជួយសម្របសម្រួលតាមនីតិវិធីផ្លូវច្បាប់ ដើម្បីឱ្យរូបគេ បាននៅក្រៅឃុំ ដើម្បីមានលទ្ធភាពក្នុងការបម្រើជាតិ ស្របតាមកម្មវិធីគោលនយោបាយ ដែលដឹកនាំដោយរដ្ឋាភិបាលនីតិកាលទី៧។ ប៉ុន្តែលោក ព្រាប កុល បដិសេធ ក្រោមហេតុផលច្បាប់។ នេះបើតាមខ្លឹមសារនៅក្នុងលិខិតសូមទោស សរសេរនៅក្នុងពន្ធនាគារព្រៃស ដោយដៃជនត្រូវចោទ យ៉ង ប៉ាក់ កាលពីថ្ងៃទី២៧ ខែមេសា ប៉ុន្តែលោក ព្រាប កុល ទើបផ្ដល់ជូន «កម្ពុជាថ្មី» នាថ្ងៃទី០៧ ខែឧសភា នេះ។

គួររំលឹកថា កាលពីថ្ងៃទី១៥ ខែមករា ដើមឆ្នាំ២០២៤ មានគណនីហ្វេសប៊ុកឈ្មោះ Chivann Pen ដែលគ្រប់គ្រងដោយជនត្រូវចោទ យ៉ង ប៉ាក់ បានសរសេរថា លោក ព្រាប កុល មានជាប់ពាក់ព័ន្ធជាមួយហេតុការណ៍កិបកេងលុយចំនួន៨០លានដុល្លារ ក្នុងគម្រោងជាមួយក្រុមហ៊ុន CIC។
ភ្លាមៗ លោក ព្រាប កុល បានចេញមកទាត់ចោលការចោទប្រកាន់បែបនេះ ហើយលោក ព្រាប កុល ក៏បានស្នើឱ្យក្រុមហ៊ុនCIC ចេញមកបំភ្លឺចំពោះករណីនេះ និងបានសុំឱ្យម្ចាស់គណនី Chivann Pen លុបចោលនូវខ្លឹមសារចោទប្រកាន់បរិហារកេរ្តិ៍នេះ ចេញពីហ្វេសប៊ុក ប៉ុន្តែម្ចាស់គណនីមិនព្រមលុបឡើយ។ មិនលុបតាមការស្នើ លោក ព្រាប កុល ក៏ប្ដឹងទៅកាន់តុលាការ។ តុលាការ ក៏បានចាត់វិធានការតាមនីតិវិធី ដោយសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស។

តាមលិខិតសុំទោស ជនត្រូវចោទ យ៉ង ប៉ាក់ បានអះអាងថា មូលហេតុដែលខ្លួនចោទប្រកាន់ បរិហារកេរ្តិ៍ លោក ព្រាប កុល គឺដោយសារតែកន្លងមកខ្លួនជាអ្នកវិនិយោគដោយប្រយោលម្នាក់ ជឿស្លុងលើពាក្យចចាមអារ៉ាមពីសំណាក់អ្នកវិនិយោគក្រុមហ៊ុន CIC មួយចំនួនតូច រួចក៏កើតកំហឹងមួយឆាវ ចោទប្រកាន់លោក ព្រាប កុល ផ្ទុយពីការពិត។ ក្រោយចោទបរិហារកេរ្តិ៍លោក ព្រាប កុល រហូតត្រូវជាប់ពន្ធនាគារ ពេលនេះ ជនត្រូវចោទ យ៉ង ប៉ាក់ បានសម្ដែងការសោកស្ដាយ មានវិប្បដិសារីចំពោះទង្វើរបស់ខ្លួន។ ក្រៅពីនេះ បុគ្គល បានសរសេរក្នុងលិខិតថា ខ្លួននឹងប៉ះប៉ូវគ្រប់យ៉ាង ដើម្បីស្ដារកិត្តិយស និងសេចក្ដីថ្លៃថ្នុរជូនលោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
ឆ្លើយតបនឹងការសុំទោស និងការស្នើសុំឱ្យជួយខ្លួនឱ្យបាននៅក្រៅឃុំរបស់បុគ្គល យ៉ង ប៉ាក់ តាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួននាល្ងាចថ្ងៃអង្គារ៍ ទី០៧ នេះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រាប កុល បានតបថា ទោះត្រូវបុគ្គលយ៉ង ប៉ាក់ បរិហារកេរ្តិ៍ បង្ខូចកិត្តយស និងសុវត្ថិភាពគ្រួសារ កាលពីពេលកន្លងមក ក្នុងក្របខណ្ឌផ្ទាល់ខ្លួន លោក ព្រាប កុល ទទួលយកការសុំទោសរបស់លោកត្បិតលោកជាមនុស្សមានមេត្តា និងករុណាធម៌។ ប៉ុន្តែក្នុងក្របខណ្ឌនៃច្បាប់ ឆ្លងចូលក្នុងដំណាក់កាលនេះ លោក ព្រាប កុល អះអាងថា ខ្លួនគ្មានសិទ្ធិអំណាចណាមួយដែលអាចធ្វើឱ្យមានឥទ្ធិពលដល់នីតិវិធីនៃតុលាការនោះទេ។ទន្ទឹមនឹងការអះអាងតាមទិដ្ឋភាពច្បាប់ លោក ព្រាប កុល ដាក់ក្ដីសង្ឃឹមថាលោក យ៉ង ប៉ាក់ អាចស៊ូទ្រាំជាមួយការលំបាកនេះ និងបានជូនពរឱ្យមានសុខភាពល្អ នៅក្នុងពន្ធនាគារ៕

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


