ព័ត៌មានជាតិ
សិស្សរៀនជំនាញវិជ្ជាជីវៈបច្ចេកទេស៖ ការដឹកនាំអ្នកសារព័ត៌មានចុះយកព័ត៌មានផ្ទាល់តាមវិទ្យាស្ថានបណ្តុះបណ្តាល គឺជារឿងចាំបាច់
សិស្សដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ លើកឡើងថា ការដឹកនាំអ្នកសាព័ត៌មានចុះមកទស្សនកិច្ចផ្ទាល់នៅតាមវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស គឺជារឿងចាំបាច់ ដើម្បីអ្នកសារព័ត៌មានស្វែងយល់កាន់តែច្បាស់ ហើយជួយផ្សព្វផ្សាយព័ត៌មានបានយ៉ាងទូលំទូលាយអំពីកម្មវិធីបណ្តុះបណ្តាលជំ នាញវិជ្ជាជីវៈ និងបច្ចេកទេសនេះទៅកាន់ប្រជាពលរដ្ឋ។

ការលើកឡើងបែបនេះ បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំអ្នកសារព័ត៌មានចំនួន២០នាក់ មកពី១០ស្ថាប័ន ចុះស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ (PIKS)។
យុវជន សម្បត្តិ ឈាំង ជាសិស្សនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ នៃវិទ្យាស្ថាន ពហុបច្ចេកទេសខេត្តកំពង់ស្ពឺ លើកឡើងថា៖«ខ្ញុំគាំទ្រពីការដឹកនាំអ្នកសារព័ត៌មានជាច្រើននាក់មកកាន់វិទ្យាស្ថានបណ្តុះបណ្តាលរបស់ខ្ញុំនៅពេលនេះ ពីព្រោះអ្នកសារព័ត៌មានអាចផលិតមាតិកាល្អៗអំពីការបណ្តុះបណ្តាលជំនាញរបស់សាលាខ្ញុំ ដើម្បីផ្សព្វផ្សាយទៅកាន់សាធារណជន»។

យុវជនរូបនេះ បន្ថែមថា ការផ្សព្វផ្សាយព័ត៌មានអំពីការការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ គឺមានសារ សំខាន់ណាស់ ពីព្រោះការផ្សព្វផ្សាយគឺជាវិធីសាស្រ្តមួយក្នុងការកៀរគរយុវជនគោលដៅ ក៏ដូចជាពលរដ្ឋឱ្យមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះឱ្យបានច្រើន។ លើសពីនេះ អ្នកសារព័ត៌មានអាចផលិតវីដេអូសំខាន់ៗនៃការបណ្តុះបណ្តាល ដើម្បីឱ្យសាធារណជនឃើញពីអត្ថប្រយោជន៍នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ។
ដោយឡែក យុវជន មុយ សៀងហៃ ជាសិស្សនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ក៏បង្ហាញអារម្មណ៍ដែរថា៖«រីករាយដែលបានឃើញអ្នកសារព័ត៌មានជាច្រើននាក់ចុះមកយកព័ត៌មានផ្ទាល់នៅវិទ្យាស្ថានរបស់ខ្ញុំ ពីព្រោះអ្វីដែលវិទ្យាស្ថានខ្ញុំបាននឹងកំពុងចូលរួមយ៉ាងសំខាន់លើការ បណ្តុះបណ្តាលធនធានមនុស្សនៅតំបន់នេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្តាញសារព័ត៌មាន និងប្រព័ន្ធអ៉ីនធើណែត»។

យុវជនរូបនេះសង្ឃឹមថាកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលនឹងរីកសាយភាយនៅលើបណ្តាញសារព័ត៌មាន និងបណ្តាញអ៉ីនធើណែត បន្ទាប់អ្នកសារព័ត៌មានបានចុះផ្ទាល់មកកាន់វិទ្យាស្ថានបណ្តុះបណ្តាលនៅពេលនេះ ហើយសង្ឃឹមថាក្រសួងការងារនឹងបន្តរៀបចំការដឹកនាំអ្នកសារព័ត៌មានចុះទៅកាន់វិទ្យាស្ថានបណ្តុះបណ្តាលដ៏ទៃទៀតនៅទូទាំងប្រទេស ដើម្បីបំផុសព័ត៌មានទៅដល់មូលដ្ឋាន ទាក់ទាញយុវជនចូលរៀនជំនាញឱ្យបានច្រើន។

ទន្ទឹមនឹងការទទួលបានជំនាញមួយពិតប្រាកដប្រចាំជីវិត តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលនេះដែរ សិស្សនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវ និងលើកទឹកចិត្តយុវជនដ៏ទៃទៀតដែលពុំទាន់មានជំនាញច្បាស់លាស់ កុំស្ទាក់ស្ទើរក្នុងការសាកសួរព័ត៌មាននៃការសិក្សាផ្ទាល់ និងចុះឈ្មោះចូលរៀនជំនាញដែលខ្លួនពេញចិត្តនៅវិទ្យាស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដែលនៅក្នុងតំបន់របស់ខ្លួនរស់នៅ ព្រោះនេះជាឱកាសដ៏ពិសេសក្នុងការសិក្សាមិនគិតថ្លៃ និងជាស្ពានសម្រាប់ការផ្លាស់ប្តូរជីវិត និងជួយលើកស្ទួយជីវភាពគ្រួសារក្រោយសិក្សាចប់តែម្តង។

គួរបញ្ជាក់ថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងនោះវិទ្យាស្ថានបាននឹងកំពុងបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់សិស្សចំនួន ៧៩៣នាក់ លើមុខជំនាញចំនួន១៩ដូចជា ការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការដំឡើងពុម្ភ ការដំឡើងកាមេរ៉ាសុវត្ថិភាព ការផ្សារអគ្គិសនី ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត សេវាកម្មធនធានមនុស្ស សេវាកម្មកុំព្យូទ័រ សេវាកម្មអតិថិជន ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ធុរកិច្ចភេសជ្ជៈ ការធ្វើម្ហូបខ្មែរ ការដាំ ថែទាំ និងប្រមូលផលដំណាំស្វាយកែរមៀត ការចញ្ចឹម និងថែទាំត្រីប្រា និងការកែច្នៃបន្លែ និងផ្លែឈើ។
សម្រាប់ព័ត៌មាននៃការចុះឈ្មោះសិក្សា សូមទំនាក់ទំនងផ្ទាល់មកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ តាមរយៈលេខទូរស័ព្ទ ០១២ ៩៩៥ ៩៥២ / ០៨១ ៩៩៥ ៨៩៨ / ០៩៨ ៤០៤ ៣៤៣ ឬតាមរយៈ Facebook Page: វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ (https://www.facebook.com/pikspeu) ឬទូរស័ព្ទមកលេខ៖ ១២៩៧ ឬ ១២៨៦៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


