ព័ត៌មានជាតិ
អនុគណៈកម្មការបង្ក្រាបគ្រឿងញៀនតាមច្រកទ្វារព្រំដែន បើកកិច្ចប្រជុំដើម្បីត្រៀមអនុវត្តភារកិច្ចឱ្យជោគជ័យ
អនុគណៈកម្មការទទួលបន្ទុកទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមច្រកទ្វារព្រំដែននៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានបើកកិច្ចប្រជុំ ដើម្បីប្រកាសសមាសភាពអនុគណៈកម្មការ សំដៅអនុវត្តភារកិច្ចរបស់អនុគណៈកម្មការនេះឱ្យទទួលបានជោគជ័យ តាមបទបញ្ជារបស់រាជរដ្ឋាភិបាល។

កិច្ចប្រជុំបានធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានអនុគណៈកម្មការទទួលបន្ទុកទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀនតាមច្រកទ្វារព្រំដែន និងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) និងជាអនុប្រធានអនុគណៈកម្មការ។
នៅក្នុងកិច្ចប្រជុំនេះ ក៏មានសមាសភាពចូលរួមមកពីស្ថាប័ន-អង្គភាពជំនាញចំណុះក្រសួងពាក់ព័ន្ធ ស្ថាប័នអយ្យការអមសាលាដំបូងសាលាដំបូងរាជធានី-ខេត្ត នាយកគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិទាំង៣ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារព្រំដែនទ្វេភាគីកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម។
កិច្ចប្រជុំនេះ គឺមានការប្រកាសសមាសភាពអនុគណៈកម្មការ និងផ្សព្វផ្សាយផែនការសកម្មភាពស្តីពីការចាត់តាំងអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ របស់រាជរដ្ឋាភិបាល។

ឧត្តមសេនីយ៍ឯក សុខ វាសនា ប្រធានអនុគណៈកម្មការ បានចែករំលែកព័ត៌មានស្តីពីកំណើនចាប់យកសារធាតុញៀនមេតំហ្វេតាមីនក្នុងបរិមាណ ១៩០តោន ក្នុងឆ្នាំ២០២៣ ក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ ដែលបានកើនជាង ២៥% បើធៀបឆ្នាំ២០២២ ដោយក្រុមឧក្រិដ្ឋជនបានប្រើប្រាស់ច្រកដឹកជញ្ជូនផ្លូវគោកពីតំបន់ត្រីកោណមាស ចេញតាមផ្លូវសមុទ្រ និងកំណើនសារធាតុគីមីផ្សំបន្ថែមថ្មីចំនួន៩១មុខ ក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍។ នេះបើផ្អែកតាមរបាយការណ៍ឆ្នាំ២០២៤ របស់ UNODC។
ឧត្តមសេនីយ៍ឯក សុខ វាសនា ក៏បានចែករំលែកព័ត៌មានស្តីពីការនាំចូលសារធាតុគីមីពាក់ព័ន្ធ ដែលអាចផលិតជាគ្រឿងញៀន ការអនុវត្តវិធានការច្បាប់ និងនីតិវិធីក្នុងដែនសមត្ថកិច្ចអនុគណៈកម្មការតាមបណ្តាច្រកទ្វារទាំងអស់ចំពោះបទល្មើសគ្រឿងញៀន ឬករណីសង្ស័យនាំចូលសារធាតុគីមីក្នុងបរិមាណច្រើនតាមបណ្តារោងចក្រ-សហគ្រាសក្នុងស្រុក និងការរៀបចំបង្កើតជាលេខាធិការដ្ឋានរបស់អនុគណៈកម្មការ ដើម្បីបូកសរុប និងរាយការណ៍អំពីលទ្ធផលការងារជូនគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀនតាមខេត្តជាប់ព្រំដែន និងច្រកទ្វារព្រំដែន ដើម្បីបានជាមូលដ្ឋានបូកសរុបលទ្ធផលការងាររបស់គណៈកម្មការ។

គួរជម្រាបថា ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបង្កើតគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលមានលោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធាន ខណៈលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាអនុប្រធាន និងសមាជិកចំនួន១៧រូបផ្សេងទៀត។ គណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នេះ មានគណៈកម្មការចំណុះចំនួន៥ ហើយអនុគណៈកម្មការទទួលបន្ទុកមួយចំនួនទៀត។
អនុគណៈកម្មការទទួលបន្ទុកទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមច្រកទ្វារព្រំដែន គឺជាអនុគណៈកម្មការមួយ នៅក្រោមគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀនតាមខេត្តជាប់ព្រំដែន និងច្រកទ្វារព្រំដែន ដែលមានសមាសភាពលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាប្រធាន អមដោយអនុប្រធាន និងសមាជិមមួយចំនួន។
អនុគណៈកម្មការនេះមានភារកិច្ចប្រមូលព័ត៌មាន ដើម្បីវិភាគ និងវាយតម្លៃអំពីឧបាយកល បែបផែនសកម្មភាពរបស់ក្រុមឧក្រិដ្ឋជន សំដៅដាក់ចេញនូវផែនការ វិធានការបង្ការ ទប់ស្កាត់ ការចរាចរគ្រឿងញៀន និងសារធាតុគីមីផ្សំ គ្រប់ប្រភេទឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិ កំពង់ផែអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារ ព្រំដែនរទ្វេភាគី ច្រកទ្វារតំបន់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម និងលំហសមុទ្រ។ សហការជាមួយអង្គការអន្តរជាតិ និងភ្នាក់ងារអនុវត្តច្បាប់នៃបណ្តាប្រទេសជាមិត្ត ដើម្បីផ្លាស់ប្តូរព័ត៌មាន និងសហប្រតិបត្តិការក្នុងការស្រាវជ្រាវ បង្ក្រាបមុខសញ្ញាពាក់ព័ន្ធការចរាចរគ្រឿងញៀនខុសច្បាប់ ឆ្លងកាត់ច្រកទ្វារព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម។
អនុគណៈកម្មការ មានម្ចាស់ការស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀនតាមច្រកទ្វារព្រំដែន ហើយពង្រឹងកិច្ចសហការជាមួយបណ្តាខេត្តជាប់ព្រំដែន និងការិយាល័យទំនាក់ទំនងព្រំដែន ដោយត្រូវមានការត្រួតពិនិត្យជាក់ស្តែង និងលើកកម្ពស់សមត្ថភាពរបស់មន្ត្រី ក៏ដូចជាការគាំទ្រជំរុញសកម្មភាពឱ្យ ដំណើរការប្រកបដោយនិរន្តរភាព៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ