ព័ត៌មានជាតិ
កម្មករ-និយោជិត ទទួលបានប្រាក់ចូលនិវត្តន៍ ត្រូវបង់ភាគទានមក ប.ស.ស យ៉ាងតិច ១២ ខែ និងមានអាយុយ៉ាងតិច ៦០ ឆ្នាំ
បេឡាជាតិសន្តិសុខសង្គមដែលហៅកាត់ថា ប.ស.ស បានអះអាងថា ដើម្បីទទួលបានប្រាក់សោធនជរាភាព ឬ ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត កម្មករ-និយោជិតទាំងអស់ ត្រូវចុះបញ្ជីនៅ ប.ស.ស ផ្នែកប្រាក់សោធន បានបង់ភាគទានមក ប.ស.ស បានយ៉ាងតិច ១២ ខែ និងត្រូវមានអាយុយ៉ាងតិច ៦០ ឆ្នាំ។

ប.ស.ស បានបន្ថែមថា ជាមួយគ្នានេះដែរ កម្មករ-និយោជិត ត្រូវភ្ជាប់ឯកសារសំខាន់ៗ មួយចំនួន រួមមាន ប័ណ្ណសមាជិក ប.ស.ស ច្បាប់ដើម អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ដែលមានសុពលភាព ឬ លិខិតឆ្លងដែនសម្រាប់ជនបរទេស សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ និងសេចក្តីចម្លងបញ្ជាក់សំបុត្រកំណើតកូនបើមាន និងត្រូវមានលេខគណនីធនាគារអេស៊ីលីដា ឬ លេខគណនីធនាគារកាណាឌីយ៉ា។

ប.ស.ស បានបញ្ជាក់ថា ពេលក្លាយជាសោធនិក កម្មករ-និយោជិត នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ទទួលបានប្រាក់សោធនជរាភាពជាប្រចាំខែ ,ទទួលបានការព្យាបាលនៅមន្ទីរពេទ្យដៃគូ ប.ស.ស. ដោយឥតបង់ថ្លៃ, ទទួលបានប្រាក់វិភាជន៍បូជាសពនៅពេលទទួលមរណភាព, ទទួលបានប្រាក់សោធនឧត្ដរជីវីនៅពេលអ្នកចូលនិវត្តន៍ទទួលមរណភាព ប្ដី ឬ ប្រពន្ធ និងកូន នៅក្នុងបន្ទុក នឹងទទួលបានប្រាក់ ៤៥ ភាគរយ នៃប្រាក់ចូលនិវត្តន៍របស់អ្នកចូលនិវត្តន៍។

ប.ស.ស បានបន្តថា ការបង់ភាគទានសម្រាប់ប្រាក់សោធននេះតម្រូវឱ្យបង់ ៤% នៃប្រាក់ខែដែលកម្មករ-និយោជិត ទទួលបាន ក្នុងកម្មករត្រូវមានកាតព្វកិច្ចបង់ ២% និងនិយោជក ត្រូវបង់ ២%។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ មានសមាជិក ប.ស.ស ចំនួន ៣២០ នាក់ ស្ត្រីមានចំនួន ១២០ នាក់ បានដាក់ឯកសារស្នើសុំប្រាក់សោធន ក្នុងនោះមានសមាជិក ប.ស.ស ចំនួន ១២ នាក់ បានក្លាយជាសោធនិកដំបូងគេដែលនឹងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកប្រាក់សោធន។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា រហូតមកទល់ពេលនេះ ប.ស.ស មានសមាជិកកើនឡើងដល់ជាង ២,៧ លាននាក់ហើយ នៅទូទាំងប្រទេស ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈមានចំនួនជិត ៥០ ម៉ឺននាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារមានចំនួនជាង ១,៦ លាននាក់ បុគ្គលស្វ័យនិយោជន៍មានចំនួនជាង ៤៣ ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួនជិត ១៤ ម៉ឺននាក់ ដោយជាសហព័ទ្ធ (ប្រពន្ធ ឬ ប្តី) មានចំនួន ៣៦ ៦១២ នាក់ និងកូនមានចំនួន ១០២ ៧៨៨ នាក់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


