ព័ត៌មានជាតិ
រយៈពេល៥ខែដើមឆ្នាំនេះ រដ្ឋផ្តល់ប្រាក់សោធនជិត ៩០ម៉ឺនដុល្លារដល់និវត្តន៍ជនជាសមាជិក ប.ស.ស.
ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលតាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)បានផ្តល់ប្រាក់សោធន ឬ ប្រាក់រ៉ឺត្រែត ប្រមាណជិត៩០ម៉ឺនដុល្លារអាមេរិកដល់និវត្តន៍ជនជាង ១៣០០នាក់ជាសមាជិកប.ស.ស. ។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៤មិថុនា ថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៦ នេះប.ស.ស. បានផ្ដល់តាវកាលិករបបសន្តិសុខសង្គមផែ្នកប្រាក់សោធនដល់សមាជិកចំនួន ១ ៣៤៣នាក់ ស្រី ៦០៨នាក់ ដោយចំណាយអស់ទឹកប្រាក់ចំនួន ៣៥៧.៩៩លានរៀល ស្មើនិងប្រមាណ ៨៩ម៉ឺនដុល្លា។ ប៉ុន្តែគិតចាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន កាលពីចុងឆ្នាំ២០២២ រហូតមកដល់ខែឧសភា ឆ្នាំ២០២៦ នេះប.ស.ស បានផ្ដល់តាវកាលិករបបសន្តិសុខសង្គមផែ្នកប្រាក់សោធនដល់សមាជិក សរុបចំនួន៨ ៩០៤នាក់ស្រី ៣៧២៣នាក់ ដោយចំណាយទឹកប្រាក់ចំនួន ២៨,៨៣៩.៧៣លានរៀល ស្មើនឹង ៧.២លានដុលា្លរ។

លោកបណ្ឌិត បានបន្តថា ការផ្តល់ប្រាក់សោធននេះបានរួមចំណែកធានាសន្តិសុខ និងស្ថិរភាពប្រាក់ចំណូល នៅពេលសមាជិក ប.ស.ស ចូលនិវត្តន៍ដូចមន្ត្រីរាជការដែរ ព្រមទាំងផ្តល់របបថែទាំសុខភាពដល់សោធនិក ដែលជាសមាជិក ប.ស.ស នៅពេលចាស់ទៅ។

លោកបណ្ឌិតបានបន្តទៀតថា ការបង់ប្រាក់ភាគទានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះគឺតម្រូវឱ្យបង់ចំនួន ៤ ភាគរយ នៃចំនួនប្រាក់ឈ្នួលរបស់កម្មករ-និយោជិត ក្នុងនោះ និយោជក ត្រូវបង់ ២ ភាគរយ និង កម្មករ-និយោជិត បង់ ២ ភាគរយ។ នៅពេលកម្មករ និងនិយោជិត ដល់អាយុ ៦០ ឆ្នាំត្រូវចូលនិវត្ត នឹងទទួលបានប្រាក់សោធនដូចមន្ត្រីរាជការបម្រើការងារនៅតាមស្ថាប័នរដ្ឋដែរ ទៅតាមប្រាក់ឈ្នួលដែលកម្មករម្នាក់ៗ ទទួលបាន។ ប៉ុន្តែសមាជិក ប.ស.ស ត្រូវបំពេញលក្ខខណ្ឌកំណត់មួយចំនួនរួមមាន បានចុះបញ្ជីនៅ ប.ស.ស ផ្នែកប្រាក់សោធន។ បានបង់ភាគទានមក ប.ស.ស បានយ៉ាងតិច ១២ខែ និងត្រូវមានអាយុយ៉ាងតិច ៦០ឆ្នាំ និងត្រូវភ្ជាប់ប័ណ្ណសមាជិក ប.ស.ស ច្បាប់ដើម អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម(មានសុពលភាព) ឬ លិខិតឆ្លងដែនសម្រាប់ជនបរទេស សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ និងសេចក្តីចម្លងបញ្ជាក់សំបុត្រកំណើតកូន(បើមាន) និងត្រូវមានលេខគណនីធនាគារអេស៊ីលីដា ឬ លេខគណនីធនាគារកាណាឌីយ៉ា។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល បានអនុវត្តរបបសន្តិសុខសង្គមចំនួន៣ រួមមាន ទី១-របបសន្តិសុខសង្គមផ្នែកហានិភ័យការងារដែលបានអនុវត្តនៅខែវិច្ឆិកា ឆ្នាំ២០០៨ សម្រាប់វិស័យឯកជន និងវិស័យសាធារណៈ អនុវត្តនៅខែមករា ឆ្នាំ ២០២១។ ទី២-របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដែលបានអនុវត្តនៅខែកញ្ញា ឆ្នាំ ២០១៦ សម្រាប់វិស័យឯកជន និង វិស័យសាធារណៈ អនុវត្តនៅខែមករា ឆ្នាំ ២០១៨ និង ទី៣-របបសន្តិសុខសង្គមផ្នែកប្រាក់សោធនដែលបានដាក់ឱ្យអនុវត្តកាលពីចុងឆ្នាំ ២០២២៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


