Connect with us

ព័ត៌មានជាតិ

៥​ ខែ ដើមឆ្នាំនេះ មានកម្មករ-និយោជិត ៤៦ នាក់ ស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍

បានផុស

នៅ

ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២៦ នេះ មានកម្មករ-និយោជិត ជួបគ្រោះថ្នាក់ចរាចរណ៍ប្រមាណជាង ២ ៨០០ ករណី ដោយមានជនរងគ្រោះជាង ៣ ១០០ នាក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ៤៦ នាក់ និង របួសធ្ងន់-ស្រាល ជាង ៣ ០០០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២ មិថុនា នេះថា ក្នងរយៈពេល ៥ ខែ ឆ្នាំ ២០២៦ នេះ នៅទូទាំងប្រទេសកម្ពុជា មានករណីកម្មករ-និយោជិត ជួបករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ ៨០៨ ករណី មានជនរងគ្រោះសរុបចំនួន ៣ ១៣៤ នាក់ (ស្រី ២ ០៧៧ នាក់) ស្លាប់ចំនួន ៤៦ នាក់ របួសធ្ងន់ចំនួន ៧៩៩ នាក់ និង របួសស្រាលចំនួន ២ ២៨៩ នាក់។

លោកបណ្ឌិត បានបន្តថា ក្នុងចំណោមគ្រោះថ្នាក់ខាងលើ ក្នុងនោះមានករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករ-និយោជិត មានចំនួន ៩ ករណី មានជនរងគ្រោះសរុបចំនួន ១៩៨ នាក់ ស្លាប់ចំនួន ១៤ នាក់ របួសធ្ងន់ចំនួន ២៨ នាក់ និង របួសស្រាលចំនួន ១៥៦ នាក់។

លោកបណ្ឌិត បានពន្យល់ថា មានកត្តាសំខាន់មួយចំនួនដែលជំរុញឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រួមមាន បើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្តាំ (បញ្ច្រាសទិស) កត្តាមិនគោរពសិទ្ធិអាទិភាព បត់មិនត្រឹមត្រូវ និង កត្តាយានយន្ត។

លោកបណ្ឌិត បានបន្តទៀតថា ដើម្បីកាត់បន្ថយហានិភ័យដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវសម្រាប់កម្មករ-និយោជិត ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ-និយោជិត (ស.ផ.ក) នៃបេឡាជាតិសន្តិសុខសង្គម បាននិងកំពុងអនុវត្តសកម្មភាព រួមមាន បន្តចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរយានយន្តដឹកកម្មករ និង កម្មករ-និយោជិត ជាពិសេសកម្មករ-និយោជិត ដែលធ្វើដំណើរតាមម៉ូតូ ជំរុញឲ្យពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗ គ្នា។ ជំរុញការកែលម្អរថយន្តដឹកកម្មករ-និយោជិត ឲ្យកាន់តែមានផាសុកភាព និង សុវត្ថិភាព ឲ្យបានឆាប់រហ័ស។ ចុះអង្កេតសិក្សាស្រាវជ្រាវរកមូលហេតុចម្បងដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍មកលើកម្មករ-និយោជិត ឲ្យបានច្បាស់លាស់។ រៀបចំបទបង្ហាញជាមេរៀន វីដេអូណែនាំ ស្ពត និងជាសារសំឡេងសម្រាប់អប់រំ ផ្សព្វផ្សាយ នៅតាមបណ្តារោងចក្រសហគ្រាស គ្រឹះស្ថាន និង តាមរយៈបណ្តាញសង្គមនានា ដល់អ្នកបើកបរយានយន្តដឹកកម្មករ និង កម្មករ-និយោជិត ជាពិសេសកម្មករ-និយោជិត ដែលប្រើប្រាស់ម៉ូតូ កង់ និង ថ្មើរជើង ឲ្យបានយល់ដឹងច្បាស់ពីច្បាប់ និង សុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ជំរុញរថយន្តប្រភេទដឹកទំនិញ និង ម៉ូតូសណ្តោងរ៉ឺម៉កដែលដឹកកម្មករ-និយោជិត ប្តូរមកប្រើប្រាស់រថយន្តប្រភេទដឹកអ្នកដំណើរ និង ជំរុញរថយន្តប្រភេទដឹកទំនិញ ដែលដឹកកម្មករ-និយោជិត ឈរ ឲ្យផ្លាស់ប្តូរមកជារថយន្តប្រភេទដឹកអ្នកដំណើរ ឬ កែច្នៃឲ្យមានកៅអីអង្គុយ។

លោកបណ្ឌិត ក៏បានអំពាវនាវដល់កម្មករ-និយោជិត ទាំងអស់ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការធ្វើដំណើរ ទាំងអ្នកធ្វើដំណើរដោយម៉ូតូ និង ទាំងអ្នកធ្វើដំណើរដោយរថយន្តដឹកកម្មករ-និយោជិត ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងករណីគ្រោះថ្នាក់ជាយថាហេតុ និង ក្រើនរំលឹកទៅកាន់អ្នកបើកបររថយន្ដដឹកកម្មករ-និយោជិត ទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និង យកចិត្តទុកដាក់រាល់ពេលបើកបរផងដែរ៕
អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម