សេដ្ឋកិច្ច
មៀនប៉ៃលិននឹងលក់ចេញក្នុងតម្លៃ ៣ ពាន់ ៥ រយរៀល ក្នុង ១ គីឡូក្រាមនាំចេញទៅចិន
ប្រធានសមាគមមៀនប៉ៃលិន លោក សួស ស៊ីយ៉ាត បានឱ្យដឹងថា តម្លៃមៀនប៉ៃលិន ចាប់ពីខែកុម្ភៈ នេះតទៅ នឹងលក់បានក្នុងតម្លៃ ៣ ៥០០ រៀល ក្នុង មួយគីឡូក្រាម សម្រាប់ការនាំចេញទៅកាន់ប្រទេសចិន ជាតម្លៃមួយដែលកសិករបានចុះកុងត្រាជាមួយក្រុមហ៊ុន។

លោកបានមានប្រសាសន៍ថា ទីផ្សារធំរបស់មៀនប៉ៃលិន គឺនាំចេញទៅកាន់ប្រទេសចិន ព្រោះមិនថាតែក្រុមហ៊ុនក្នុងខេត្ត ក៏ដូចជាក្រុមហ៊ុនមួយចំនួនដែលបានប្រមូលទិញមៀនប៉ៃលិន ភាគច្រើនសុទ្ធសឹងតែនាំចេញទៅទីផ្សារប្រទេសចិន។
លោក ក៏បានឱ្យដឹងបន្ថែមផងដែរថា «ទោះបីមានប៉ៃលិនមានតម្រូវការច្រើនសម្រាប់ការនាំចេញទៅទីផ្សារប្រទេសចិនក៏ពិត ប៉ុន្តែបញ្ហាប្រឈមនៅតែមាន ដោយកាលពីកំឡុងខែធ្នូ និងខែមករា នេះ មៀនចាល់គ្នាច្រើន ដែលធ្វើឱ្យអ្នកប្រមូលផល ប្រមូលផលមៀនមិនអស់ សល់មៀនច្រើននៅតាមចម្ការ ធ្វើឱ្យប្រជាកសិករមួយចំនួនប្រឈមនិងការខាតបង់ផងដែរ»។
បើតាមលោក សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិន បានឱ្យដឹងបន្ថែមថា តម្លៃមៀនប៉ៃលិន គឺក្រុមហ៊ុនជាអ្នកកំណត់តម្លៃឱ្យតាំងពីដើមរដូវដែលមានការប្រែប្រួលទៅតាមខែនីមួយៗ ដោយតម្លៃក្រុមហ៊ុនអាចទិញចន្លោះពី ២ ពាន់ ៥ រយរៀល, ២ ពាន់ ៨ រយរៀល, ៣ ពាន់រៀល ទៅ ៣ ពាន់ ៥ រយរៀល ជាតម្លៃដែលសមាជិកបានធ្វើការចុះកិច្ចសន្យាផ្ទាល់ជាមួយក្រុមហ៊ុន។

លោកថា «តម្លៃនេះ គ្រាន់តែជាតម្លៃមួយដែលបានកំណត់ជាមួយក្រុមហ៊ុនប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែង ទីផ្សារមៀនចាប់ផ្តើមមានបញ្ហាចាប់ពាក់កណ្តាលខែធ្នូ រហូតមកដល់ពាក់កណ្ដាលខែមករា ឆ្នាំ២០២៥ នេះ មៀនច្រើនចាល់គ្នាដែលធ្វើឱ្យតម្លៃមិនសូវល្អប្រសើរ ហើយក្រុមហ៊ុនសម្រុកទិញមៀនចូលលើសការកុម្ម៉ង់គុណនិងបីដងឯណោះ»។
លោកក៏បានបញ្ជាក់ដែរថា «ក្រុមហ៊ុននៅក្នុងខេត្តបានព្យាយាមទិញមៀនពីកសិករច្រើនក្នុងមួយថ្ងៃៗ ដោយក្រុមហ៊ុនធំនៅក្នុងខេត្តប៉ៃលិន ថ្ងៃខ្លះទិញចូលប្រហែល ១០ ទូកុងតឺន័រឯណោះក្នុងមួយថ្ងៃ ( ១ ទូកុងតឺន័រ ស្មើនិង ២៦ តោន) ដើម្បីជួយសម្រួលដល់ប្រជាកសិករ ព្រោះតែទិន្នផលមៀនក្នុងខេត្តចាល់គ្នាខ្លាំងពេក»។

មកដល់បច្ចុប្បន្ននេះ មៀនប៉ៃលិននៅលក់នាំចេញធម្មតា ប៉ុន្តែតម្លៃមៀននៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ដោយសារតែអាកាសធាតុក្តៅ ដែលធ្វើឱ្យមៀនមិនសូវមានគុណភាពល្អ ហើយមៀនដែលប្រមូលផលសល់កាលពីមុនក៏ខូចគុណភាពមិនអាចយកបាន។
លោក បានអះអាង «ប៉ុន្តែសម្រាប់មៀនល្អ ស្របតាមស្តង់ដារគុណភាព ក្រុមហ៊ុននៅតែទិញក្នុងតម្លៃមួយល្អ លើកលែងតែមានដែលខូចគុណភាព ឬមៀនជុំជ្រុលប៉ុណ្ណោះ»។
គួរជម្រាបថា រយៈពេល ១១ខែ ក្នុងឆ្នាំ២០២៤ ផ្លែមៀនប៉ៃលិនស្រស់ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនមានចំនួនប្រមាណជាង ១២ ម៉ឺនតោន (១២៤៧០.៣៦តោន)។

បច្ចុប្បន្នខេត្តប៉ៃលិន មានផ្ទៃដីដាំដុះមៀនប៉ៃលិន សរុប ៤៩២០ ហិតា ក្នុងនោះមានកសិករដាំដុះមៀនប៉ៃលិនចំនួន ៦៨៩ គ្រួសារ ដោយមានផ្ទៃដីប្រមូលផលចំនួន ៤១២០ ហិតា ដែលមានបរិមាណប្រមូលផល បានចំនួន ៦១៨០០ តោន៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


