Connect with us

ព័ត៌មានជាតិ

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

បានផុស

នៅ

រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ លោក សុខ សង្វារ បានជំរុញឱ្យអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការងារធំៗទាំង២ ដែលលោករដ្ឋលេខាធិការជំរុញ គឺទី១ សង្កត់ធ្ងន់ដល់ការរៀបចំកម្រងសេវា និងនិយាមប្រតិបត្តិឱ្យបានរួចរាល់ ក្នុងអាណត្តិនេះ និងទី២ ការរៀបចំនូវរបៀបរបបការងារ ដើម្បីពន្លឿននីតិវិធីនៅដំណាក់កាលក្រោយពេលប្រឡង សំដៅឱ្យក្រសួងស្ថាប័នសាមី អាចមានមន្ត្រីប្រើប្រាស់ និងបេក្ខជនជ័យលាភីឆាប់បានទទួលប្រាក់បៀវត្ស។

មន្ត្រីជាន់ខ្ពស់ក្រសួងមុខងារសាធារណៈជំរុញបែបនេះ ក្នុងពិធីបើកវេទិកាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ។

ក្នុងវេទិការនេះ មានការពិភាក្សា និងការបញ្ចេញមតិយោបល់របស់អង្គវេទិកាយ៉ាងផុសផុល ដើម្បីសិក្សារៀនសូត្របទពិសោធន៍ជោគជ័យ និងមេរៀនពិសោធន៍ពីគ្នាទៅវិញទៅមក ពិសេសដំណើររៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលជូនក្រសួង ស្ថាប័ន តាមនិយាមថ្មីរបស់រាជរដ្ឋាភិបាល នាពេលកន្លងមក។ អង្គវេទិកា បានកំណត់ការងារស្នូលជាអាទិភាព និងបញ្ហាដែលត្រូវដោះស្រាយចំពោះមុខ ព្រមទាំងបានឈ្វេងយល់យ៉ាងច្បាស់នូវចំណុចខ្លាំង និងចំណុចខ្សោយ ក្នុងការអនុវត្តការងាររបស់អង្គភាពនីមួយៗចំណុះឱ្យអគ្គនាយកដ្ឋាន ដើម្បីលើកម្ពស់ប្រសិទ្ធភាពការងារ។

បន្ថែមលើសកម្មភាពគោលធំៗ សម្រាប់ផែនការអនុវត្តន៍ក្នុងឆ្នាំ២០២៥ អង្គវេទិកា បានឯកភាពជាទិសដៅអនុវត្ត និងរៀបចំជារបាយការណ៍ជូនថ្នាក់ដឹកនាំ ជាពិសេសពន្លឿនការរៀបចំកម្រងសេវា និងការរៀបចំនីតិវិធីនៅដំណាក់កាលក្រោយពេលប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល បន្ថែមលើការងារប្រចាំថ្ងៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម