ព័ត៌មានជាតិ
ប្រធានាធិបតីចិន ប្រកាសជួយកម្ពុជាឱ្យសម្រេចបានគោលដៅជាប្រទេសអ្នកមាននៅឆ្នាំ២០៥០
ប្រមុខដឹកនាំកម្ពុជា និងចិន បានឯកភាពកសាងប្រទេសទាំងពីរជាសហគមន៍វាសនារួមគ្នា ក្នុងយុគសម័យថ្មី គ្រប់រដូវកាល ខណៈប្រមុខដឹកនាំកំពូលរបស់ចិន បានប្រកាសពីការឈរជាប់ជាមួយកម្ពុជា ដើម្បីជួយកម្ពុជាឱ្យសម្រេចបាននូវគោលដៅនៅឆ្នាំ២០៥០ ជាប្រទេសអ្នកមាន។

ការប្រកាសបែបនេះ បានធ្វើឡើងដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងជំនួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ក្នុងឱកាសលោកប្រធានាធិបតី ស៊ី ជីនពីង បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចិន មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ចំពោះប្រធានាធិបតី ស៊ី ជីនពីង ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាថ្មីម្តងទៀតនៅកម្ពុជា។ នៅចំពោះមុខលោក ស៊ី សម្តេចធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ជំនួយរបស់មិត្តចិន បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នាពេលនេះ បានគូសបញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។
ជាការឆ្លើយតប លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីភាគីកម្ពុជា ហើយបានសម្តែងក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចម្តងទៀតនៅកម្ពុជា។ លោកប្រធានាធិបតី បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងកោតសរសើរចំពោះភាពល្បីល្បាញរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

លោក ស៊ី ជីនពីង បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជានឹងបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងបន្តអភិវឌ្ឍលើគ្រប់វិស័យថែមទៀត។ ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា ប្រមុខដឹកនាំកំពូលរបស់ចិនរូបនេះ បានអះអាងទៅកាន់សម្ដេចធិបតី ថា ចិននឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា ហើយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រកម្ពុជាយ៉ាងមុតមាំនៅគ្រប់កាលៈទេសៈ ដើម្បីជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

ជំនួបសន្ទនាដ៏មានសារសំខាន់នេះ សម្តេចធិបតី និងលោក ស៊ី ជីនពីង ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់លើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអាទិភាព ជាអាទិ៍ នយោបាយ សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ទេសចរណ៍ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។ នៅចំពោះមុខនាយករដ្ឋមន្ត្រីកម្ពុជា លោកប្រធានាធិបតីចិន បានប្តេជ្ញាជំរុញវិនិយោគិន និងទេសចរចិនកាន់តែច្រើនមកកម្ពុជា បន្តផ្តល់ជំនួយសម្រាប់សកម្មភាពកម្ចាត់មីន បន្តជួយគម្រោងផ្លូវជនបទ ការផ្គត់ផ្គង់ទឹក និងបណ្តាញអគ្គីសនី ព្រមទាំងផ្តល់អាហារូបករណ៍រដ្ឋាភិបាលចិនចំនួន ១ពាន់កន្លែងក្នុងរយៈពេល៣ឆ្នាំថែមទៀតផង។

ជាការកត់សម្គាល់ ក្រោយជំនួបនេះ ប្រមុខដឹកនាំទាំងពីរ ក៏បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្លាស់ប្តូរឯកសារពាក់ព័ន្ធវិស័យមួយចំនួន រួមមាន ការវិនិយោគ វិស័យពាណិជ្ជកម្ម វិស័យអប់រំ វិស័យហិរញ្ញវត្ថុ វិស័យព័ត៌មាន, ការងារយុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យទេសចរណ៍, វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត សរុបចំនួន៣៧ឯកសារ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


