Connect with us

ព័ត៌មានជាតិ

ធនធានរ៉ែខេត្ត​ក្រចេះ​ មានក្រុមហ៊ុនចំនួន ៧២ កំពុង​ធ្វើ​អាជីវកម្ម​ រួមទាំង​ក្រុមហ៊ុនរ៉ែមាស ១ កន្លែង

បានផុស

នៅ

ខេត្តក្រចេះ ជាខេត្តដ៏មានសក្តានុពលសំបូរដោយធនធានធម្មជាតិ ជាពិសេសលើវិស័យកសិកម្ម ធនធានរ៉ែ និងទេសចរណ៍ជាដើម ដែលបច្ចុប្បន្នខេត្តមានក្រុហ៊ុនសហគ្រាស​កំពុងធ្វើការដាំដុះ កែច្នៃផលិតផលកសិកម្ម និងឧស្សាហកម្ម​ធនធានរ៉ែ​ជាច្រើន​កន្លែង។ នេះបើ​តាមការឲ្យដឹងពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅក្នុង​ជំនួបជាមួយ​ប្រតិភូ​​ខេត្តដុងសាំងណាមដូ នៃសាធារណៈរដ្ឋកូរ៉េ កាលពីពេលថ្មីៗកន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលខេត្តក្រចេះបាន​ឲ្យដឹងថា សក្តានុពលធនធានរ៉ែ​ក្នុង​ខេត្តមានក្រុមហ៊ុន សហគ្រាសកំពុង​ធ្វើអាជីវកម្មរ៉ែមាស រ៉ែថ្មក្រានីត គ្រួស ខ្សាច់ និងថ្មសំណង់សរុបចំនួន ៧២ ក្រុមហ៊ុន។ ក្នុងនោះ​ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាស​មាន​ចំនួន ១ កន្លែង ​កំពុង​​ដំណើរការចម្រាញ់មាសសុទ្ធចាប់ពីខែតុលា ឆ្នាំ២០២២ មកដល់បច្ចុប្បន្នទទួលបានសរុបចំនួន ៣០០,៥៩​គីឡូក្រាម។

ទន្ទឹមនោះ ខេត្តមានតំបន់សេដ្ឋកិច្ចពិសេស ១ កន្លែង ​លើផ្ទៃដីចំនួន ៨១៨ ហិកតា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ១២ ក្រុមហ៊ុន កំពុងធ្វើការវិនិយោគ ដោយបានសាងសង់​រោងចក្រ សហគ្រាសជាបន្តបន្ទាប់ និងមានក្រុមហ៊ុនកំពុងដំណើរការផលិតរួមមាន រោងចក្រផលិតសំបកកង់រថយន្ត រោងចក្រផលិតបន្ទះសូឡា រោងចក្រផលិតគ្រឿងសង្ហារឹម រោងចក្រផលិតអាលុយមីញ៉ូម និងរោងចក្រផលិតចំហាយទឹក និងខ្យល់ក្តៅ។

ដោយ​ពាក់ព័ន្ធ​វិស័យកសិកម្មខេត្តក្រចេះ​សម្រេចបានជាលទ្ធផលផ្ទៃដីដាំដុះដំណាំស្រូវ សរុបចំនួន ៧៤ ៦៨៨ ហិកតា ទទួល​បានបរិមាណផលស្រូវសរុបចំនួន ២៣៨ ២៣៤តោន ផ្គត់ផ្គង់តម្រូវការគ្រប់គ្រាន់ក្នុងខេត្ត និងសល់ស្រូវនាំចេញ​ទៅ​ក្រៅ​ចំនួន ១០៧ ៣១៣ តោន។

ការដាំដុះដំណាំកសិ-ឧស្សាហកម្ម កៅស៊ូសរុបទូទាំងខេត្តសរុបចំនូន ៩៣ ៤៧៧ហិកតា កំពុងប្រមូលផលចំនួន ៦២ ០៨១ ហិកតា ដោយទិន្នផលក្នុង ១ ហិកតា ១,៣ តោន ទទួលបានបរិមាណផលសរុប ៨០ ៧០៥ តោន, ស្វាយចន្ទីសរុបចំនួន ១០២ ៥២០ ហិកតា ដែលកំពុងប្រមូលផល ទទួលបានទិន្នផល ក្នុង ១ ហិកតា ២ តោន ដោយទទួលបានបរិមាណផលសរុប ចំនួន ២០៥ ០៤០តោន, ដំឡូងមីសរុបចំនួន ៨៦ ៩៥៥ហិកតា ដែលកំពុងប្រមូផល ទិន្នផល ក្នុង ១ ហិកតា ២០ តោន បរិមាណផលសរុបចំនួន ១ ៧៣៩ ១០០ តោន, ចេកអំបូងលឿង សរុបមានចំនួន ២ ៧១៥ហិកតា, អំពៅ សរុបចំនួន ៦ ៧០០ ហិកតា, ម៉ៃសាក់ សរុបចំនួន ១ ៦៥១ ហិកតា មានដំណាំឈើហូបផ្លែជាច្រើនពាន់ហិកតា និងការចិញ្ចឹមសត្វគោចំនួន ១៣ ៩៨៥ ក្បាល។

ផ្នែកកសិ-ឧស្សាហកម្ម ខេត្តមានក្រុមហ៊ុនរោងចក្រ និងសហគ្រាកែច្នៃផលិតផលកសិកម្មចំនួន ៤ កន្លែង រោងចក្រផលិតស្ករសចំនួន ១កន្លែង រោងចក្រផលិតម្សៅដំឡូងមីចំនួន ២កន្លែង និងសិប្បកម្មកែច្នៃស្វាយចន្ទី ១ កន្លែង

វិស័យទេសចរណ៍ ខេត្តក្រចេះ​​ក៏​សំបូររមណីយដ្ឋានធម្មជាតិ និងវប្បធម៌ ដែល​សរុបមាន​ចំនួន ២៤ កន្លែង និងមានសត្វផ្សោត​ទឹកសាបទន្លេមេគង្គរស់នៅប្រមាណ ១០០ ក្បាល កំពុងស្រូបយកភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាមានកំណើនជារៀងរាល់ឆ្នាំ។ ជាក់ស្ដែងក្នុងឆ្នាំ២០២៤ ខេត្តទទួលបានភ្ញៀវទេសចរសរុបចំនួន ២៤៧ ៦៧៤ នាក់ ក្នុងនោះ​ភ្ញៀវទេសចរអន្តរជាតិចំនួន ១៨ ៣១៨នាក់៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម