ព័ត៌មានជាតិ
ប.ស.ស នឹងភ្ជាប់កាមេរ៉ាសុវត្ថិភាពតាមដានការចូលប្រើសេវាសមាជិក ប.ស.ស តាមមូលដ្ឋានសុខាភិបាលឯកជន
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នឹងភ្ជាប់កាមេរ៉ាសុវត្ថិភាពតាមដានប្រចាំថ្ងៃទៅលើភាពមិនប្រក្រតី នៃការចូលប្រើប្រាស់សេវារបស់សមាជិក ប.ស.ស នៅតាមមូលដ្ឋានសុខាភិបាលឯកជន។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៦ ឧសភា នេះថា ប.ស.ស នឹងពង្រឹងការរៀបចំបន្ទប់គ្រប់គ្រងរួម (Control Room) សម្រាប់ការតាមដានប្រចាំថ្ងៃលើការចូលប្រើប្រាស់សេវារបស់សមាជិក ប.ស.ស ដោយមានផ្ទាំងតាមដាន (TV Wall) ភ្ជាប់ជាមួយកាមេរ៉ាសុវត្ថិភាព (CCTV) នៅតាមមូលដ្ឋានសុខាភិបាលឯកជន និងប្រព័ន្ធទិន្នន័យរបស់ ប.ស.ស បង្ហាញការប្រើប្រាស់ផ្ទាល់ៗ (Real-Time) លើអេក្រង់ សំដៅតាមដានការប្រើប្រាស់មិនប្រក្រតី។

លោកបណ្ឌិត បានបន្តថា លើសពីនេះទៀត ប.ស.ស ក៏នឹងបន្តចុះអង្កេតផ្ទាល់នៅមូលដ្ឋានសុខាភិបាលឯកជនដែលនៅសេសសល់ទាំងអស់ទៅតាមលំដាប់មិនប្រក្រតី។

មួយគ្នានេះដែរ ប.ស.ស នឹងពង្រឹងការអនុវត្តច្បាប់ស្ដីពីរបបសន្តិសុខសង្គម សំដៅពង្រឹង និងបង្កើនការចុះបញ្ជីស្ថាប័នសហគ្រាស គ្រឹះស្ថាន ព្រមទាំងធ្វើការពង្រីកការគ្របដណ្ដប់ដល់ជនគោលដៅដទៃផ្សេងទៀតតាមរយៈយន្តការក្រសួង សាមី អន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ ឬអាជ្ញាធរមូលដ្ឋានទៅក្នុងរបបសន្តិសុខសង្គមតាមរបបភាគទាន ជាកាតព្វកិច្ច។ ពង្រឹង និងបង្កើនគុណភាព ប្រសិទ្ធភាព នៃការផ្តល់សេវាសុខាភិបាលរបស់មូលដ្ឋានសុខាភិបាលជាដៃគូ សំដៅធានាការផ្តល់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រជូនដល់សមាជិកបានគ្រប់ជ្រុងជ្រោយ និងធានាភាពត្រឹមត្រូវ នៃការអនុវត្តជាមួយមូលដ្ឋានសុខាភិបាល។

ទន្ទឹមនឹងនេះ ប.ស.ស នឹងបន្តធ្វើទំនើបកម្ម និងអភិវឌ្ឍន៍ប្រព័ន្ធ នៃការអនុវត្តទាំងប្រព័ន្ធប្រតិបត្តិការផ្ទៃក្នុង ការផ្តល់សេវាជូនសមាជិក និងជាមួយមូលដ្ឋានសុខាភិបាល។ រថយន្តដឹកកម្មករ-និយោជិត ត្រូវបានកែលម្អឱ្យបានសមរម្យស្របតាមក្របខណ្ឌពេលវេលា សំដៅចូលរួមពង្រឹង និងកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍នៅពេលធ្វើដំណើររបស់កម្មករ-និយោជិត។ អភិវឌ្ឍន៍ធនធានមនុស្ស រៀបចំយន្តការ និងផែនការគ្រប់គ្រងចំណេះដឹង សំដៅបង្កើនប្រសិទ្ធភាព និង សមត្ថភាពរបស់មន្ត្រី និងបុគ្គលិកក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស។ ធានានិរន្តរភាពមូលនិធិសន្តិសុខសង្គមតាមរយៈការសិក្សា តាមដាន និងវាយតម្លៃស្ថានភាពហានិភ័យ ហិរញ្ញវត្ថុ និងពង្រឹងការងារវិនិយោគមូលនិធិសន្តិសុខសង្គម ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការពារអត្ថប្រយោជន៍ជូនសមាជិក ប.ស.ស។ ធ្វើការសិក្សា និងវាយតម្លៃស្ថានភាពហិរញ្ញវត្ថុសម្រាប់បញ្ចូល អ្នកដឹកជញ្ជូនចំណីអាហារ ក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារតាមរបបភាគទាន ជាកាតព្វកិច្ចនិងបន្តការវិភាគ និងការវាយតម្លៃស្ថានភាពហិរញ្ញវត្ថុផ្នែកប្រាក់សោធនសម្រាប់ធ្វើសមាហរណកម្មមន្ត្រីសាធារណៈ។
គួរបញ្ជាក់ថា គិតមកត្រឹមខែមេសា ឆ្នាំ ២០២៥ នេះ សមាជិក ប.ស.ស បានកើនឡើងដល់ ៣ ០៦០ ៣៩២ នាក់ ស្រី ១ ៦៨៦ ៨៨៧ នាក់ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈចំនួន ៥០៨ ៦៦៩ នាក់ ស្រី ១៥០ ៩០៨ នាក់ បុគ្គលស្ថិតក្នុងវិស័យឯកជនចំនួន ១ ៨៦៦ ១២២ នាក់ ស្រី ១១២៤ ៨០១ នាក់ បុគ្គលស្វ័យនិយោជន៍ចំនួន ៤៩៨ ៥៤៦ នាក់ ស្រី ៣០៣ ៤១៩ នាក់ និងអ្នកក្នុងបន្ទុក ១៨៧ ០៥៥ នាក់ ស្រី ១០៧ ៧៥៩ នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


