ព័ត៌មានជាតិ
មហាជនប្រមាណ១៥ម៉ឺននាក់ ចូលរួមដើរថ្មើរជើង បង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្ររដ្ឋាភិបាល និងកងទ័ពជួរមុខ
សាធារណជនប្រមាណ១៥ម៉ឺននាក់ បានចូលរួមកម្មវិធីដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខដែលកំពុងឈរជើងការពារទឹកដី។ ឯកឧត្ដម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីភាព រួមជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមយ៉ាងកុះករពីប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី រួមមានទាំងព្រះតេជគុណព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ មន្រ្តីរាជការ សហគ្រិន អាជីវករ សិល្បករ កីឡាករ សិស្ស និស្សិត ជាពិសេស អ្នកចូលរួមមកពីគណបក្សនយោបាយនានាក៏បានចូលរួមជាមួយគ្នាដែរ។

សហភាពសហព័ន្ធយុវជនកម្ពុជាបានផ្តួចផ្តើមគំនិតរៀបចំ កម្មវិធីការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ដែលកម្មវិធីនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ។

ឯកឧត្ដម ហ៊ុន ម៉ានី អះអាងថា ការប្រមូលផ្ដុំកម្លាំងជនរួមជាតិនៅថ្ងៃនេះ មិនមែនដើម្បីគំរាមកំហែងទៅកាន់ភាគីថៃឡើយ កម្មវិធីនៅថ្ងៃនេះ គឺដើម្បីបង្ហាញទឹកចិត្ត ក្ដីស្រឡាញ់ និងការជឿជាក់ទៅលើរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដ៏សើប និងចម្រូងចម្រាស់ជាមួយប្រទេសថៃ ក៏ដូចជាលើកទឹកចិត្តកងទ័ពនៅសមរភូមិជួរមុខ ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហានការពារទឹកដីពីការឈ្លានពានរបស់ខ្មាំងសត្រូវ។

ឯកឧត្ដមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចាត់ទុកវត្តមានអ្នកចូលរួមដែលមកពីបណ្ដាគណបក្សនយោបាយ ផ្សេងគ្នា កាន់សាសនាផ្សេងៗគ្នា មកពីទីកន្លែងផ្សេងគ្នា ថាបានបង្ហាញទៅកាន់មជ្ឈដ្ឋានខាងក្រៅថា ស្របពេលដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយប្រទេសជិតខាង ពលរដ្ឋខ្មែរទាំងអស់បានរួចរួមគ្នាជាធ្លុងមួយ មានស្មារតីជាតិតែមួយលើការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។

ឯកឧត្ដម ហ៊ុន ម៉ានី ថ្លែងដូច្នេះ៖« ការជួបជុំរបស់យើងនៅថ្ងៃនេះ មិនមានបំណងក្នុងការបង្ហាញកម្លាំង ឬក៏គំរាមកំហែងទៅដល់អ្នកណានោះទេ ក៏ប៉ុន្តែយើងជួបជុំនៅថ្ងៃនេះ ដើម្បីបង្ហាញនូវមនោសញ្ជេតនា ផ្ដល់ឱកាសនូវការបង្ហាញទឹកចិត្តរបស់យើង ហើយអាចនិយាយបានថា ថ្ងៃនេះ ពេលនេះ ក៏ជាឱកាសរបស់យើងម្នាក់ៗ ក្នុងនាមជាកូនខ្មែរ បង្ហាញយ៉ាងច្បាស់ មិនត្រឹមតែក្នុងបណ្ដាញសង្គម ឬតាមសារព័ត៌មានទេ តែវត្តមានយើងនៅទីនេះ ម៉ោងនេះ ពេលនេះ ទោះបីមកពីមជ្ឈដ្ឋានផ្សេងគ្នា ទោះបីមានជំនឿសាសនាខុសគ្នា ឬមកទីកន្លែងខុសគ្នា គណបក្សខុសគ្នា ក៏ប៉ុន្តែពេលនេះបានបង្ហាញយើងជាខ្មែរតែមួយ និងស្មារតីរួបរួមជាតិតែមួយ។»។

ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានចាត់ទុកការវត្តមានអ្នកចូលរួមប្រមាណ១៥ម៉ឺននាក់នៅថ្ងៃនេះគឺសារមួយដែលបង្ហាញថា នៅពេលដែលមានការគំរាមកំហែង ឬការប្រមាថណាមួយមកលើកិត្តិយស និងដែនបូរណភាពទឹកដីរបស់កម្ពុជា គឺប្រជាជនខ្មែរនឹងមិននៅស្ងៀម ឱ្យសត្រូវឈ្លានពាន ជាន់ឈ្លីស្រេចតែចិត្ត លើសពីការជួបជុំជាលក្ខណៈមហាគ្រួសារខ្មែរ ដើម្បីបង្ហាញពីទឹកចិត្តសាមគ្គី ស្មារតីមុះមុត និងជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងជូនដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងការពារទឹកដី។

បន្ថែមពីនេះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ជនរួមជាតិខ្មែរ មកពីបណ្ដាគណបក្សនយោបាយផ្សេងៗគ្នា កាន់សាសនាផ្សេងៗគ្នា មកពីគ្រប់ទិសស ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកម្មវិធីនេះ ដែលវត្តមានរបស់ពលរដ្ឋខ្មែរនៅពេលនេះ គឺជាទឹកចិត្តយ៉ាងធំធេងទៅកាន់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជាដែលកំពុងការពារទឹកដី៕
ដោយ៖ ង៉ិល ណារ៉ាត់








-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


