Connect with us

ព័ត៌មានជាតិ

គណៈកម្មាធិការសិទ្ធិមនុស្ស ថា ការបិទព្រំដែនជាឯកតោភាគីដោយយោធាថៃ បានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

បានផុស

នៅ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកការបិទព្រំដែនជាឯកតោភាគីដោយយោធាថៃ ថា បាននាំឱ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ការចាត់ទុកបែបនេះ បន្ទាប់ពីយោធាថៃបានសម្រេចបិទព្រំដែនជាមួយកម្ពុជាទាំងស្រុងភ្លាមៗ ដោយមិនបានជូនដំណឹងជាមុន រហូតមានការរឹតត្បិត និងឃាត់មិនឱ្យពលរដ្ឋឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណ៍នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលដឹកនាំដោយលោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃពេលនេះ ពិសេសបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន។

តាមសេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ការបិទព្រំដែនដោយឯកភាគីរបស់ថៃ បានបង្កឱ្យមនុស្សជាច្រើន រួមមាន កម្មករ ពាណិជ្ជករ អ្នកធ្វើដំណើរឆ្លងកាត់ និងគ្រួសារជាច្រើន ត្រូវបានជាប់គាំង និងមិនអាចធ្វើដំណើរ ឆ្លងព្រំដែនបាន។ ការណ៍នេះ បានរំលោភដល់សេរីភាពក្នុងការធ្វើដំណើរ ដែលជាសេរីភាពជាមូលដ្ឋាន ចែងក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។

ការបិទព្រំដែនភ្លាមៗបែបនេះ ក៏បានរំលោភដល់សិទ្ធិមានជីវភាពរស់នៅសមរម្យ ដែលប្រជាពលរដ្ឋត្រូវធ្វើដំណើរឆ្លងកាត់ព្រំដែនប្រចាំថ្ងៃដើម្បីប្រកបរបរចិញ្ចឹមជីវិត និងសិទ្ធិមានការងារធ្វើ ដែលបានរារាំងពលករទេសន្តរប្រវេសន៍ មិនឱ្យទៅធ្វើការងារ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានលើកឡើងដល់សិទ្ធិទទួលព័ត៌មានផងដែរ ព្រោះថា អ្នកធ្វើដំណើរ ពាណិជ្ជករ និងកម្មកររាប់ពាន់នាក់ ត្រូវបានជាប់គាំង និងជ្រួលច្របល់តាមព្រំដែន ដោយការបិទព្រំដែនជាឯកតោភាគីពីប្រទេសថៃ ដោយពុំបានជូនដំណឹង ឬចេញសេចក្តីប្រកាសផ្លូវការណាមួយជាមុន។

សិទ្ធិទទួលបានសុខភាព និងការអប់រំ ក៏ត្រូវបានរំលោគដោយសារការបិទព្រំដែននេះផងដែរ។ ខណៈបញ្ហានេះ ក៏នឹងនាំឱ្យមានដល់ការជួញដូរមនុស្ស នៅពេលច្រកព្រំដែនដែលមានសុវត្ថិភាព និងស្របច្បាប់ ត្រូវបានបិទ នឹងបង្ខំឱ្យពលរដ្ឋ ប្រើប្រាស់មធ្យោបាយឆ្លងកាត់ព្រំដែនខុសច្បាប់ ជាពិសេសកម្មករដែលកំពុងត្រូវការការងារធ្វើ ដែលនឹងបង្កើនហានិភ័យនៃការជួញដូរមនុស្ស ជាពិសេសក្រុមជនងាយរងគ្រោះ ដូចជា ស្ត្រី កុមារ មនុស្សចាស់ និងជនមានពិការភាព ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម