ព័ត៌មានជាតិ
លោក កែវ រ៉េមី ស្នើឱ្យ WSJ សុំទោសកម្ពុជាចំពោះការប្រើប្រាស់ពាក្យ Scambodia លើចំណងជើងអត្ថបទរបស់ខ្លួន
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី បានផ្ញើលិខិតមួយច្បាប់ទៅកាន់សារព័ត៌មាន The Wall Street ស្នើឱ្យសារព័ត៌មាននេះកែតម្រូវ និងសុំទោសជាផ្លូវការចំពោះការប្រើប្រាស់ចំណងជើងដែលហៅកម្ពុជាថាជា Scambodia ។

ក្នុងលិខិតដែលផ្ញើទៅនិពន្ធនាយក WSJ លោកស្រី Emma Tucker ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះលោក កែវ រ៉េមី បានបញ្ជាក់ថា ការប្រើប្រាស់ពាក្យ Scambodia ដើម្បីសំដៅលើប្រទេសកម្ពុជានោះគឺជាការធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ និងបង្កឱ្យមានការប៉ះពាល់ផ្លូវចិត្ត វាយតម្លៃលើរដ្ឋអធិបតេយ្យមួយទៅជាប្រភពនៃឧក្រិដ្ឋកម្ម បង្កឱ្យមានការស្អប់ខ្ពើម និងរើសអើងប្រឆាំងនឹងប្រជាជន។ ក្នុងលិខិតនោះក៏បានបង្ហាញនូវក្ដីបារម្ភផងដែរដល់ផលប៉ះពាល់លើសិទ្ធិមនុស្សដែល WSJ ហាក់បីដូចជាបំពាក់ស្លាកលើប្រជាជាតិខ្មែរទាំងអស់ឱ្យខូចសេចក្ដីថ្លៃថ្នូរ និងបំផ្លាញដល់កេរ្តិ៍ឈ្មោះរបស់ប្រជាជនដែលជាសមាសធាតុសំខាន់នៃគោលការណ៍សិទ្ធិមនុស្សដែលអន្តរជាតិទទួលស្គាល់។
ក្នុងលិខិតបានសរសេរថា៖ «ការរាយការណ៍ដែលមានទំនួលខុសត្រូវត្រូវតែឆ្លុះបញ្ចាំងពីជំហានចាំបាច់ដែលបានអនុវត្តនៅក្នុងពាក្យពេចន៍ ជ្រុងព័ត៌មាន និងការត្រួតពិនិត្យការពិត ជៀសវាងការបញ្ចេញមតិចំអក និងការបង្កាច់បង្ខូចដែលរួមចំណែកដល់ការរើសអើង ការស្ដីបន្ទោសរួមគ្នា និងការបំផ្លាញទំនុកចិត្តពីការវិនិយោគបរទេស។ ការស៊ើបអង្កេតសារព័ត៌មានត្រូវតែចាកចេញពីការអះអាងដោយផ្អែកលើប្រភពដែលមិនបានផ្ទៀងផ្ទាត់ ឬបុគ្គល ឬក្រុមណាមួយដែលមានចេតនាអាក្រក់»។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានស្នើឱ្យស្ថាប័ននេះលុបចោលពាក្យ Scambodia ចេញពីអត្ថបទរបស់ខ្លួន កែតម្រូវ ឬបំភ្លឺឡើងវិញ ចៀសវាងការប្រើប្រាស់ពាក្យពេចន៍ប្រមាថបែបនេះនាពេលអនាគត និង«ធ្វើការសុំទោសជាផ្លូវការ» ចំពោះការប្រើប្រាស់ចំណងជើងនេះផងដែរ។
បន្ថែមលើនេះលោក កែវ រ៉េមី បានសរសេរលើហ្វេសបុករបស់លោកផងដែរនៅថ្ងៃទី២២ ខែមេសានេះដោយបានលើកឡើងថា៖ «ឧក្រិដ្ឋជនscam online និងមន្ត្រីឃុបឃិតប្រព្រឹត្តអំពើឆបោកគឺជារឿងមួយដាច់ដោយឡែកផ្សេងពីគ្នា តែអ្នកឯងដាក់ឈ្មោះបង្ខូចកេរ្តិ៍ឈ្មោះប្រទេសរបស់ខ្ញុំដែលមានប្រជាជនជិត ១៨លាននាក់គឺជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ប្រទេស និងជាតិសាសន៍របស់ខ្ញុំ»។
គួរឱ្យដឹងផងដែរថាកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ សារព័ត៌មាន The Wall Street Journal របស់សហរដ្ឋអាមេរិកបានចេញអត្ថបទព័ត៌មានស៊ើបអង្កេតមួយពីឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា ដោយបានដាក់ចំណងជើងថា How Cybercrime Became a Leading Industry in Scambodia ដែលមានន័យថា របៀបដែលឧក្រិដ្ឋកម្មអនឡាញក្លាយជាឧស្សាហកម្មដែលឈានមុខនៅ Scambodia ។

ការប្រើប្រាស់ពាក្យ Scambodia ជំនួស Cambodia នេះត្រូវបានអ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ បានបង្ហាញការសោកស្ដាយដែលសារព័ត៌មានអាមេរិកបានប្រើប្រាស់ខ្លឹមសារមាក់ងាយមកលើកម្ពុជា ជាចេតនាធ្វើឱ្យមានការរើសអើងចំពោះប្រទេសមួយទាំងមូលដែលបានប្រាស់ចាកគុណតម្លៃនៃក្រមសីលធម៌ វិជ្ជាជីវៈ របស់អ្នកសារព័ត៌មាន។ លោកថាពេលនេះក្រសួងបានដាក់លិខិតទៅនិពន្ធនាយក WSJ ស្នើឱ្យស្ថាប័នពិនិត្យ និងកែសម្រួលការចេញផ្សាយរបស់ខ្លួនឡើងវិញ៕
អត្ថបទដោយ ហ៊ុន សិរីវវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


