ព័ត៌មានជាតិ
តាំងពីកម្ពុជា-ថៃ មានជម្លោះនៅឆ្នាំ២០២៥ ជប៉ុនបានផ្ដល់ជំនួយដល់ពលរដ្ឋកម្ពុជាប្រមាណជិត ២០លានដុល្លារ
ចាប់តាំងពីកម្ពុជា-ថៃផ្ទុះជម្លោះនៅពាក់កណ្ដាលឆ្នាំ២០២៥ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយសង្គ្រោះបន្ទាន់យ៉ាងហោចណាស់ជិត ២០លានដុល្លារ ដើម្បីជួយដល់ពលរដ្ឋខ្មែរភៀសសឹកពីជម្លោះប្រដាប់អាវុធ និងជួយដល់ពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃចូលមកមាតុភូមិកំណើតវិញ និងលើវិស័យនានាដូចជា វិធានការប្រឆាំងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។

ថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែមីនា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី បញ្ជាក់លម្អិតថា សម្រាប់ជំនួយទាក់ទងនឹងបញ្ហាព្រំដែន រដ្ឋាភិបាលជប៉ុនសហការជាមួយអង្គការ IOM និង UNICEF បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ដែលស្មើនឹងទឹកប្រាក់ ១លាន ៨សែនដុល្លារអាម៉េរិកដល់ជនភៀសសឹកនៅតាមតំបន់ព្រំដែនកាលពីខែសីហាឆ្នាំមុន។
លោក អះអាងទៀតថា ចាប់តាំងពីខែមករា ឆ្នាំ២០២៦នេះ ជប៉ុនបាននិងកំពុងផ្តល់ការគាំទ្រដល់ពលករដែលត្រឡប់មកពីប្រទេសថៃ និងជនងាយរងគ្រោះនៅតាមតំបន់ព្រំដែនផងដែរ។ ជាងនេះទៅទៀត ជប៉ុនក៏បាននិងកំពុងបន្តផ្តល់ការគាំទ្រ ដោយសហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិនានា លើវិស័យនានាដូចជា វិធានការប្រឆាំងគ្រាប់ មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើមផងដែរ។ ទំហំទឹកប្រាក់សរុបនៃជំនួយទាំងនេះ គឺប្រមាណ ១៧ លានដុល្លារអាមេរិក។ ជប៉ុនមានបំណងបន្តគាំទ្រសន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាជម្រុញការស្តារ និងអភិវឌ្ឍន៍ជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់ព្រំដែននាពេលអនាគតផងដែរ។

ចំពោះបញ្ហាជម្លោះរវាងកម្ពុជា-ថៃនេះ, ជប៉ុនសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងមានភាពប្រក្រតីឡើង វិញឆាប់ៗតាមដែលអាចធ្វើ តាមដែលអាចធ្វើបាន តាមរយៈការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងឈប់បាញ់ ការអត់ធ្មត់ជាអតិបរមា និងការបន្ថយភាពតានតឹងតាមរយៈការសន្ទនាដោយសន្តិវិធី។ ជប៉ុននឹងបន្ត កិច្ចសហប្រតិបត្តិការជាមួយប្រទេសពាក់ព័ន្ធ ដើម្បីកាត់បន្ថយភាពតានតឹងបន្ថែមទៀត ហើយនឹងបន្ត ផ្តល់ការគាំទ្រក្រោមទម្រង់ផ្សេងៗ។

គួររម្លឹកថា កម្ពុជា និងជប៉ុន បានចាប់ផ្ដើមបង្កើតទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការនៅ ថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣ ដែលគិតមកទល់ឆ្នាំ២០២៦ នេះ ទំនាក់ទំនងប្រទេសទាំងពីរឈានដល់ខួប៧៣ឆ្នាំហើយ។ ថ្នាក់ដឹកនាំកម្ពុជា និងជប៉ុន បានព្រមព្រៀងគ្នាដំឡើងកម្រិតទំនាក់ទំនងការទូតទ្វេភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតខ្ពស់បំផុត នៅដើមឆ្នាំ២០២៣ ចំគ្រាដែលទំនាក់ទំនងប្រទេសទាំងពីរគ្រប់អាយុ៧០ឆ្នាំគត់។
ជប៉ុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងការកែ លម្អសេវាសាធារណៈនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការដែលជប៉ុនមានជាមូយកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលគាំទ្រ ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ការពង្រឹងការតភ្ជាប់ក្នុងតំបន់ និងការលើកកម្ពស់កម្រិត ជីវភាពរបស់ប្រជាជន៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


