សេដ្ឋកិច្ច
ចម្ការទុរេន ចំនួន ១១២ កន្លែង បំពេញតាមគោលការណ៍អាចនាំចេញទៅទីផ្សារប្រទេសចិន
កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ អគ្គរដ្ឋបាលគយចិន (GACC) អាចសម្រេចចជាផ្លូវការអនុញ្ញាតឱ្យកម្ពុជានាំចេញផ្លែទុរេនស្រស់ទៅកាន់ប្រទេសចិន ក្នុងនោះ មានចម្ការទុរេនចំនួន ១២២កន្លែង ត្រូវបានអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនជាផ្លូវការ។

កម្ពុជា បានទទួលការអនុញ្ញាតជាផ្លូវការពីអគ្គរដ្ឋបាលគយចិន (GACC) ដើម្បីចាប់ផ្តើមធ្វើការនាំចេញផ្លែទុរេនស្រស់ ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ស្របតាមពិធីសារដែលបានចុះហត្ថលេខាកាលពីខែមេសា។ សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពី GACC បានវាយតម្លៃ និងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេន ចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន។
ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យ កម្ពុជាថ្មី ដឹងបន្ថែមថា ទីផ្សារចិន គឺជាទីផ្សារដ៏ធំសម្រាប់ការនាំចេញផលិតផលកសិកម្មពីកម្ពុជា ហើយអ្វីដែលយើងអាចទទួលបានរហូតមកដល់ពេលនេះ គឺការអនុញ្ញាតឱ្យមានការនាំចេញនូវផ្លែទុរេនស្រស់ជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនផ្ទាល់។

លោកថា ការអនុញ្ញាតឱ្យនាំចេញទុរេនស្រស់នេះ ដោយសារតែដំណាំនេះគឺជា ដំណាំដែលមានតម្លៃបន្ថែមខ្ពស់ ហើយជាដំណាំដែលមានសក្ដានុពលខ្ពស់ផងដែរ។
ចំពោះលើការនាំចេញទុរេនស្រស់ទៅចិន លោក ឃឹម ហ្វីណង់ បានអះអាងថា កម្ពុជាក៏កំពុងរំពឹងទុកថា ទីផ្សារនេះនិងបានជួយពង្រីកនូវការធ្វើផលិតកម្មទុរេននៅកម្ពុជាបន្ថែមទៀត បន្ថែមពីនេះកម្ពុជាក៏មានការរំពឹងទុកខ្ពស់ពាក់ព័ន្ធនិងកសិផលដទៃទៀតដែលកំពុងរងចាំនូវការអនុញ្ញាតជាផ្លូវការពីសំណាកគយចិនផងដែរ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះកើតចេញពីការខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្មក្នុងការចរចា រហូតដល់សម្រេចបាននូវការរៀបចំចុះពិធីសារពាក់ព័ន្ធនិងអនាម័យ និងភូតគាមអនាម័យដែលជាការបើកផ្លូវដ៏សំខាន់សម្រាប់ការនាំចេញកសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ផងដែរ។

ជាមួយគ្នានេះ លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ប្រាប់ កម្ពុជាថ្មី ថា អគ្គនាយកដ្ឋាន កសិកម្មនៃក្រសួងកសិកម្មជ្រើសរើសយកចម្ការចំនួន ១០ ខណៈសហគមន៍របស់លោកបានស្នើចុះបញ្ជីសម្រាប់ការបញ្ជាក់វិញ្ញាបនបត្រការអនុវត្តកសិកម្មល្អ(Cam-GAP)។
លោក ហេង ឆេងលី បញ្ជាក់ថា ចម្ការសហគមន៍របស់លោកប្រមាណជាង ៦០ បន្ថែមទៀត គ្រោងនឹងរៀបចំចុះបញ្ជី ដើម្បីថ្នាក់ជាតិចុះពិនិត្យកែតម្រូវ មុនពេលចិនមកត្រួតពិនិត្យ។ បើតាមលោក ឆេងលី ប្រសិនបើទុរេនកម្ពុជាមានឱកាសនាំចេញទៅទីផ្សារចិន កាន់តែល្អសម្រាប់ទុរេនយើងសម្រាប់កសិករគាត់មានជម្រើសច្រើន។

សូមជម្រាបថា មកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់គឺជាកសិផលទី៩ របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករ និងកញ្ចុងអង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន ម្រេច និងផ្លែដូង៕
ដោយ៖ ឌិន ថារី

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ