Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពតជំរុញប្រជាកសិករ និងអាជីវករ​ចូលរួមរក្សាកិត្តិយស កិត្តិនាមទុរេនកំពត និងកេរដំណែលនំចំណីអាហារខ្មែរ

បានផុស

នៅ

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ផ្លែឈើ នំចំណី ម្ហូបអាហារ របស់ប្រជាពលរដ្ឋខេត្តកំពត មានឱជារសឆ្ងាញ់ពិសារណាស់ ហើយវាបានដើរតួទីយ៉ាងសំខាន់មួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តខេត្តកំពត នាក្នុងរដូវកាលបៃតងនេះ។ ដូច្នេះហើយកសិករ អ្នកផលិត សហគមន៍ និងអាជីវករទាំងអស់ចូលរួមថែរក្សាកិត្តិយស កិត្តិនាមទុរេនកំពត និងកេរដំណែលនំចំណី ម្ហូបអាហារទាំងនេះឱ្យបានល្អគង់វង្ស ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ កសិកម្ម និងផ្សព្វផ្សាយអត្តសញ្ញាណម្ហូបអាហារ និងផលិតផលក្នុងស្រុករបស់ខេត្តកំពតឱ្យកាន់តែទូលំទូលាយទៅថ្ងៃមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត» ក្រោមប្រធានបទ «រសជាតិទុរេនកំពត និងកិត្យានុភាពទេសចរណ៍រដូវកាលបៃតង ដែលរៀបចំធ្វើឡើងនៅបរិវេណសួនច្បារទល់មុខផ្សារវិថីម្ហូបអាហារ ខេត្តកំពត នារសៀលថ្ងៃទី១មិថុនា លោក ម៉ៅ ធនិន បានលើកឡើងថា ទុរេនកំពត និងផលិតផលកសិកម្មជាច្រើនទៀតរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពត បានក្លាយជាអត្តសញ្ញាណដ៏លេចធ្លោ ដែលមិនត្រឹមតែផ្ដល់ចំណូលដល់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយកេរ្តិ៍ឈ្មោះខេត្តកំពតនៅលើទីផ្សារជាតិ និងអន្តរជាតិផងដែរ។

លោកអភិបាលខេត្ត បានអំពាវនាវទៅដល់ប្រជាកសិករ និងសហគមន៍ផលិតកម្ម និងអាជីវករទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើគុណភាពផលិតផល អនាម័យ សុវត្ថិភាពចំណីអាហារ និងភាពស្មោះត្រង់ក្នុងការធ្វើអាជីវកម្មដោយមិនត្រូវធ្វើអ្វីបណ្តោយឱ្យមានការប៉ះពាល់ដល់កិត្តិនាម ដែលបានកសាងឡើងជាច្រើនឆ្នាំកន្លងមកនោះឡើយ។ ជាពិសេស ត្រូវរួមគ្នាថែរក្សាម៉ាកសញ្ញា និងអត្តសញ្ញាណរបស់ទុរេនកំពតឱ្យនៅតែមានភាពល្បីល្បាញ និងទទួលបានការជឿទុកចិត្តពីសំណាក់អ្នកប្រើប្រាស់។

លោក ម៉ៅ ធនិន បញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នេះមិនត្រឹមតែជាឱកាសសម្រាប់ផ្សព្វផ្សាយ និងលក់ផលិតផលកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាដ៏សំខាន់សម្រាប់បង្ហាញពីសក្តានុពលទេសចរណ៍ វប្បធម៌ និងកេរដំណែលម្ហូបអាហាររបស់ប្រជាពលរដ្ឋខេត្តកំពត ដែលបានបន្តរក្សា និងបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។

ជាមួយគ្នានេះ លោកអភិបាលខេត្តកំពតក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ និងយុវជនចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍន៍នំចំណីបែបបុរាណ និងមុខម្ហូបប្រពៃណីខ្មែរ ឲ្យស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន ដើម្បីបង្កើនតម្លៃផលិតផលក្នុងស្រុក បង្កើតការងារ បង្កើនប្រាក់ចំណូល និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ មរតកផ្លែឈើ និងនំចំណីកំពត ក្រោមប្រធានបទ រសជាតិទុរេនកំពត និងកិត្យានុភាពទេសចរណ៍រដូវកាលបៃតង» នឹងបន្តតាំងបង្ហាញ​ និងលក់ផលិតរហូតដល់ថ្ងៃទី ២ ខែមិថុនាស្អែកពេញមួយថ្ងៃបន្ថែមទៀត៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម