Connect with us

ព័ត៌មានជាតិ

រដ្ឋសហការជាមួយធនាគារ និងក្រុមហ៊ុនផលិតចំណីសត្វ និងសៃឡូក្នុងស្រុកបន្តប្រមូលទិញពោត នារដូវប្រមូលផលនេះ

បានផុស

នៅ

ខណៈតម្លៃពោតកំពុងបន្តធ្លាក់ចុះដោយសារតែស្ថិតក្នុងរដូវប្រមូលផលកំពុងមានចំនួនច្រើន លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានថ្លែងមកប្រាក់កម្ពុជាថ្មីថា ធនាគារលោករួមទាំងក្រសួងពាណិជ្ជកម្មកំពុងសហការជាមួយបណ្តាក្រុមហ៊ុនផលិតចំណីសត្វ និងសៃឡូក្នុងស្រុកបន្តខិតខំប្រមូលទិញពីប្រជាកសិករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក កៅ ថាច បានលើកឡើងថា៖«មកដល់ពេលនេះក្រសួងពាណិជ្ជកម្ម និងធនាគាររបស់លោកបានកំពុងធ្វើការជាមួយក្រុមហ៊ុនផលិតចំណីសត្វក្នុងការប្រមូលទិញពោតពីកសិករ ប៉ុន្តែដោយសារតែចាប់ពីចុងខែកក្កដា ដល់ពាក់កណ្តាលខែសីហា ជារដូវប្រមូលផលពោតច្រើន ទើបធ្វើឱ្យទិន្នផលចាក់ចូលក្នុងទីផ្សារច្រើនដែលធ្វើឱ្យអ្នកទិញពុំអាចប្រមូលទិញបានទាន់ពេល»។

លោកបានលើកហេតុផលថា ដោយសារតែពេលនេះជារដូវប្រមូលផលពោត ដូច្នេះយើងឃើញថាមានទិន្នផលច្រើន ខណៈអ្នកប្រមូលទិញយើងក៏បានទិញតាំងពីការប្រមូលផលដើមរដូវ លុះដល់ពេលនេះការប្រមូលផលបានកាន់តែច្រើន ធ្វើឱ្យអ្នកប្រមូលទិញគឺទិញពុំទាន់តាមអ្វីដែលកសិករយើងបានប្រមូលផលស្របពេលគ្នាជាហេតុនាំឱ្យមានការភាពយឺតយ៉ាវខ្លះនៃការទិញ ប៉ុន្តែពួកគេនៅតែបន្តទិញ គ្រាន់តែតម្លៃធ្លាក់ចុះបន្តិច។

លោកថា៖«ខ្ញុំក៏បានអំពាវនាវឱ្យក្រុមហ៊ុនផលិតចំណីសត្វ១០ផ្សេងទៀតជួយទិញផងដែរ ដោយសារពួកគាត់ពុំទាន់បានទិញនៅឡើយ ដោយសារតែពួកគាត់នៅសល់ស្តុកពោតចាស់ដែលពួកគាត់បានទិញ និងនាំចូលកន្លងមកនៅសល់។ លើសពីនោះទៅទៀតពួកគាត់ក៏នៅតែនាំចូលពោតពីក្រៅ ដោយសារតម្លៃពោតមានការធ្លាក់ចុះខ្លាំងដូច្នេះយើងក៏មានការលំបាកក្នុងការបង្ខំពួកគាត់ដែរ ដោយសារតែវាជាទំនោរសលក»។

«សម្រាប់ធនាគារ ARDB យើងនៅតែសហការជាមួយក្រុមហ៊ុនសៃឡូក្នុងស្រុកនៅតែបន្តទិញដដែល គឺពួកយើងពុំឈប់ឡើយ។ ហើយយើងក៏បានបន្តខិតខំជំរុញបណ្តាក្រុមហ៊ុនផលិតចំណីសត្វ និងសៃឡូផ្សេងទៀតជួយបន្តទិញផងដែរ»។ នេះបើយោងតាមលោក កៅ ថាច។

ចុប្បន្នពោតក្រហមដែលប្រជាកសិករដាំ គឺកំពុងតែប្រមូលផលស្ទើរគ្រប់ៗគ្នាទៅហើយ ពិសេសគឺនៅតាមតំបន់ជាប់ព្រំដែនថៃ ដែលប្រជាកសិករភាគច្រើនតែងធ្វើការដាំដុះពោត និងដំឡូងជាដើម ហើយដំណាំពោតប្រើរយៈពេលជាង៣ខែប៉ុណ្ណោះគឺអាចប្រមូលផលបានហើយ។

លោក សោ សមាគម ជាប្រជាកសិកររស់នៅស្រុកកំរៀង ខេត្តបាត់ដំបង ដែលជាស្រុកមួយជាប់ព្រំដែនថៃ ហើយក៏ជាស្រុកមួយដែលប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្ម បានបញ្ជាក់ថា បច្ចុប្បន្នលោកមានដីចម្ការល្មមអាចប្រកបមុខរបរកសិកម្មបាន ដោយលោកបានដាំដុះពោតក្រហម ហើយការដាំនេះ គឺបានចាប់ផ្ដើមពីដើមខែមេសា ដូច្នេះមកទល់នឹងខែកក្កដា គឺដំណាំពោតហុចផលអាចប្រមូលបានជាបណ្ដើរៗហើយ តែរហូតមកដល់ពេលនេះគឺប្រជាកសិករភាគច្រើនកំពុងប្រមូលផលពោតស្ទើរគ្រប់ៗគ្នា។

កបានបន្តថា កាលពីពាក់កណ្ដាលខែកក្កដា បើទោះបីជាព្រំដែនថៃត្រូវបិទទាំងស្រុងដែលទិន្នផលពោតមិនអាចនាំចេញទៅប្រទេសថៃបានយ៉ាងណាក៏ដោយ ក៏មានឈ្មួញកណ្ដាលចុះប្រមូលទិញគ្មានសល់ គឺមានន័យថា មានប៉ុណ្ណាគេយកប៉ុណ្ណឹង សម្រាប់ (ពោតស្នូល) ដែលកាច់ភ្លាមពីចម្ការ ហើយបកសំបកចេញ គេថ្លឹងយកតែម្ដង ដោយកាលណោះបានតម្លៃ ៥០០រៀល ក្នុងមួយគីឡូក្រាម។

លុះនៅល្ងាចថ្ងៃទី ៥ខែសីហា លោក សោ សមាគម បានបញ្ជាក់យ៉ាងច្បាស់ថា រយៈពេល ២ថ្ងៃមកហើយ ដែលឈ្មួញកណ្ដាលឈប់ដើរទិញ ឯសៃឡូធំៗក៏បិទផងដែរ ដែលធ្វើឲ្យពោតប្រជាកសិករដែលកំពុងប្រមូលត្រូវបានស្តុបទុកទាំងអស់ព្រោះគ្មានទីផ្សារ។ ដោយឡែកកាលពីដើមខែសីហា មុនពេលដែលសៃឡូទាំងអស់ត្រូវបានបិទ គឺឈ្មួញចុះទិញពោតក្រហម ( ទាំងស្នូល ) ក្នុងតម្លៃ ៤០០រៀល ក្នុងមួយគីឡូក្រាម ដែលតម្លៃនេះគឺធ្លាក់ចុះធ្វើឲ្យកសិករខកចិត្តយ៉ាងខ្លាំង ខណៈពេលដែលខ្លួនកំពុងសម្រុកប្រមូលផល ដោយអ្នកខ្លះពោលថា បើមានឈ្មួញមកឱ្យតម្លៃ ៣៥០រៀលក្នុងមួយគីឡូក្រាម ក៏ពួកគាត់សុខចិត្តលក់ដែរព្រោះនៅពេលណាដែលទុកយូរពោតកាន់តែស្ងួត ឯគីឡូក៏ថយចុះមានន័យថាបើទុកយូរកាន់តែខាតធ្ងន់ទៅទៀត។

យោងតាមក្រសួងកសិកម្ម នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជានាំចេញគ្រាប់ពោត​សម្រេច​បាន​ប្រមាណជាង ៥ ម៉ឺនតោន ធ្លាក់ចុះ ២០,៨០% ធៀបនឹងរយៈពេល​ដូចគ្នាកាល​ពី​ឆ្នាំ ២០២៤។

របាយការណ៍របស់ក្រសួងកសិកម្មបង្ហាញថា ​ផ្ទៃដីដាំដុះពោតក្រហមបានកើនពី ២៧ ម៉ឺន ៧ ពាន់ហិកតា នៅឆ្នាំ ២០២៣ ​ដល់ជាង ២៨ ម៉ឺនហិកតា នៅឆ្នាំ ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម